មាន​ដឹង​ទេ​ថា​គីមឈី​ល្អ​បែប​ណា​ចំពោះ​សុខភាព​?

មាន​ដឹង​ទេ​ថា​គីមឈី​ល្អ​បែប​ណា​ចំពោះ​សុខភាព​?

​សព្វថ្ងៃ​នេះ​គីមឈី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាហារ​ជាតិ​របស់​ប្រទេស​កូរ៉េ​។ បើសិន​ជា​អ្នក​មិនបាន​សាក​រសជាតិ​របស់​វាពី​មុន​មក​ទេ​នោះ អ្នក​ពិតជា​មិន​ទាន់​ដឹង​អំពី​ឱជារ​សរប​ស់វា​ដែរ​។ ក្រៅពី​រសជាតិ​ហឹរ​ដ៏​ពេញនិយម​នោះ វា​ក៏​ផ្ទុក​ទៅដោយ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​ផងដែរ​។
 

​ការរំលាយ​អាហារ​
គីមឈី​គឺជា​អាហារដ៏​ពិសេស​សម្រាប់​ជំនួយ​ដល់​ការ​រំលាយ​អាហារ ដោយសារ​តែ​វា​មាន​សារធាតុប្រូ​បាយ​អូទិច ដែល​អាច​នាំ​ឱ្យ​ក្លាយទៅជា​មេ​បាន ព្រមទាំង​ផ្តល់​ជា​រសជាតិ​ដល់​វា​ផងដែរ​។ ប៉ុន្តែ​មិនមែន​មាន​តែ​ប៉ុន​ហ្នឹង​ទេ​។ បែបផែន​ជា​មេនេះ​ក៏​បង្កើតបាន​ជា​បាក់តេរី​ល្អៗ​ផងដែរ​ដែល​មានឈ្មោះ​ថា Lactobacillus ដែល​រាងកាយ​ត្រូវការ​ដើម្បី​រក្សា​បាក់តេរី​ក្នុង​ពោះវៀន​។

ច្រោះ​ជាតិពុល​
ធាតុ​ផ្សំ​សំខាន់ៗ​របស់​គីមឈី​គឺ​ស្ពៃ​បូកគោ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ច្រោះ​ជាតិពុល​។ ការ​ញ៉ាំ​គីមឈី​អាចជួយ​លុបបំបាត់​ជាតិពុល និង​កាក​សំណល់​ពី​ក្នុង​រាងកាយ​បាន​។ រាងកាយ​ដែល​កាន់តែ​ស្អាត​នឹង​មាន​ការ​បឺត​ស្រូប​ជីវជាតិ​បាន​កាន់តែ​ល្អ​។

ចលនា​ពោះវៀន​
គីមឈី​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃដែល​ជំនួយ​ដល់​ការធ្វើ​ចលនា​របស់​ពោះវៀន​កាន់តែ​ល្អ​។ ការ​ញ៉ាំ គីមឈី​ជា​ទៀងទាត់​អាច​ជួយ​ទប់ស្កាត់​ការ​ទល់លាមក​បាន​។

កូ​ឡេ​ស្តេ​រ៉ុល​
ការ​ញ៉ាំ​គីមឈី​អាច​មាន​ប្រយោជន៍​មួយ​ដល់កូ​ឡេ​ស្តេ​រ៉ុល​ដែរ​។ អាហារ​កូរ៉េ​មួយ​នេះ​ផ្ទុក​ទៅដោយ​គ្រឿងផ្សំ​ម្ហូប​បែប​ផ្តល់​សុខភាព​ដូចជា ខ្ទឹម​ស ដែល​មាន​សារធាតុ Allicin និង Selenium​។ សារធាតុ Allicin ត្រូវបាន​គេ​ស្គាល់​ថា​អាច​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ ការ​ញ៉ាំ​គីមឈី​ទៀងទាត់​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​ដូចជា ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ម្យ៉ាងវិញទៀត សេ​ឡេ​ញ៉ូម​អាច​ជួយ​ការពារ​ជញ្ជាំ​ង​សរសៃឈាម​អាក់ទែ​បាន​តាមរយៈ​ការបង្ក​កុំឱ្យ​មាន​កំណក​កើនឡើង​ក្នុង​សរសៃឈាម និង​កាត់បន្ថយ​ការ​កើត​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ផងដែរ​។

អង់​ទី​អុក​ស៊ីដង់​
គីមឈី​មាន​អង់​ទី​អុក​ស៊ីដង់​ជាច្រើន​ដែល​អាច​ការពារ​រាងកាយ​ពី​រ៉ាឌីកាល​សេរី​បាន​។ អង់​ទី​អុក​ស៊ី​ដង់​ក្នុង​អាហារ​នេះ​មានដូចជា Flavonoids និង Phenols ដែល​ការពារ​រាងកាយ​ប្រឆាំងនឹង​ប្រតិកម្ម​សម្ពាធ​អុកស៊ីត​កម្ម​។

សុខភាព​ស្បែក​
បាក់តេរី​ដែលមាន​ក្នុង​គីមឈី​មិនមែន​គ្រាន់តែ​មាន​ប្រយោជន៍​ចំពោះ​ពោះវៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​ល្អ​ចំពោះ​ស្បែក​ដែរ​។ បាក់តេរី Lactobacillus អាច​ជួយ​បង្ការ​បញ្ហា​លើ​ស្បែក ហើយ​ភាគច្រើន​គឺ​ការ​រលាក​ស្បែក​ដែល​បណ្តាល​មកពី​ការកើនឡើង​ចំនួន Immunoglobulin E​។ ដំបៅ​នៅ​ស្បែក​ដូច​ជា​ការ​ហូរឈាម និង​ហើម​ក៏​អាច​ការពារ​ជាមួយនឹង​ការ​ញ៉ាំ​គីមឈី​បានដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។