គ ថ្លង់​ហើយ​ត្រូវគេ​ចាប់រំលោភ​រហូត​មានកូន​ពីរ​នាក់

Sanofi

វា​ជា​រឿង​គួរ​ឲ្យ​សង្វេគ​បំផុត ដែល​ស្ត្រី​គ​ថ្លង់​ម្នាក់ ត្រូវបាន​គេ​ចាប់រំលោភ​ជាច្រើនលើក​ច្រើនសា រហូតដល់​មានកូន​ចំនួន​ពីរ​នាក់ ដោយ​មិនដឹងថា​ឪពុក​របស់​ក្មេង​ទាំងពីរ​នាក់​នោះ​ជា​អ្នកណា​ឡើយ ។ បើទោះបីជា​នាង​ជា​ស្ត្រី​គ​ថ្លង់​និយាយ​មិន​ចេញ​ក៏ពិតមែន តែ​នាង​តែងតែ​ទ​ទួ​ច​ចង់​ឲ្យ​ម្ចាស់​តំណក់ឈាម​កូន​របស់​នាង​មក​ទទួល ខុសត្រូវ ដើម្បីឱ្យ​ផុតពី​មាត់ចាបមាត់ព្រាប ពី​អ្នកស្រុក​និន្ទា​ថា «​កូន​គ្មាន​ឪពុក​»​។

​នៅក្រោម​ទ្រនំ​ខ្ពស់​ផុតពី​ដី ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង នាង រ៉េត ណាក់ អាយុ ៣៤ ឆ្នាំ ថ្វីដ្បិតតែ​នាង​ជាម​នុស្ស គ ថ្លង់ ក៏ពិតមែន តែ​នាង​ហាក់ បី​ដូចជា​មានការ​ខ្មាសអៀន​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​និន្ទា​ពី​អ្នកជិតខាង​ថា «​នាង​មានកូន​ប្រុស​ស្រី ២ នាក់ រក​ម្ចាស់​តំណក់ឈាម​មក​ទទួលខុសត្រូវ​មិនឃើញ​» ។ ទន្ទឹមនឹង​ពាក្យ​និន្ទា​នេះ​ក៏មាន​អ្នក​អាណិត​នាង​ជាច្រើន​នាក់​ដែរ ដោយមាន​អ្នកខ្លះ​និយាយថា «​ជន​ល្មោភកាម​នោះ​មិនគួរណា​មក​ធ្វើបាប​នាង​ដូច្នេះ​ឡើយ ធ្វើឱ្យ​នាង​រស់នៅ​លំបាក​វេទនា ចិញ្ចឹម​កូន​ទាំង​ខ្លួន​និយាយ​មិន​ចេញ និង ត្រចៀក​ស្តាប់​មិនឮ​បែបនេះ​» ។​

នៅពេលដែល​អ្នកយកព័ត៌មាន​របស់​យើង​បាន​ចូល​ទៅដល់​លំនៅឋាន ហើយ​សួរនាំ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង ពេលនោះ​នាង​បានត្រឹមតែ​គ្រវីក្បាល និង ធ្វើ​កាយវិការ​បញ្ជាក់ប្រាប់​ថា​«​ឪពុក​កូន​របស់​នាង​ទាំងពីរ​នេះ​ជា​អ្នកណា​នោះទេ ដោយ​គេ​បានមក​ចាប់រំលោភ និង ធ្វើបាប​នាង​នៅ​ពេលយប់​ស្ងាត់​» ។ អង្គុយ​នៅក្បែរ​នាង ជា​ម្តាយ​របស់​នាង​ឈ្មោះ ជា យ៉ាន អាយុ​៦៤ ឆ្នាំ បាន​សម្លឹង​មើលមុខ​កូនស្រី​ក្នុង​ក្តី​អាណិតអាសូរ មិនគួរណា​ជន​ល្មោភកាម មក​ធ្វើបាប​ដល់​ជីវិត​កូនស្រី​គាត់​ដូច្នេះ​សោះ ។

អ្នក​មីង​ជា​ម្តាយ​របស់​ស្ត្រី​អភ័ព្វ​រូបនេះ​បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថា​គាត់​មានកូន​រហូតដល់​ទៅ ៩ នាក់ ស្រី ៤ នាក់ ប្រុស ៥ នាក់ ចំណែកឯ​កូនស្រី​ណាក់ នេះ ជា​កូន​ទី ៥ ក្នុង​គ្រួសារ ។ ក្នុងចំណោម​កូនៗ​ទាំងអស់​មានតែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​អភ័ព្វ​ជាងគេ កើតមក គ និយាយ​មិន​រួច ដូច្នេះហើយ​នាង​មិនបាន​សិក្សា​រៀនសូត្រ​ដូច​បងប្អូន​របស់គេ​ដទៃទៀត​ឡើយ ។ ចាប់តាំងពី​តូច​រហូតដល់​នាង​ពេញវ័យ​ក្រមុំ​អាយុ ១៨ ឆ្នាំ កូនស្រី​អភ័ព្វ​របស់គាត់​នេះ​រស់នៅ​ក្រោម​ការចិញ្ចឹម​បីបាច់​ថែរក្សា​ពី​ពួកគាត់​ជា​ឪពុកម្តាយ ។

ក្រោយមកទៀត​ដោយសារ​នឹក​ឃើញថា កូនស្រី​ធំ​អាច​ដឹង​ខុសត្រូវ​ហើយ​នោះ គាត់​ក៏​បណ្តោយ​ឱ្យជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​គ្រួសារ ដូចជា ជួយ​ក្នុង​ការដើរ​ស៊ីឈ្នួល​ដក​ស្ទូង ច្រូតកាត់​ឲ្យ​គេ ជាដើម ។ ​និយាយ​បណ្តើរ គាត់​ចោល​ភ្នែក​សម្លឹងមើល​កូនស្រី​អភ័ព្វ​របស់គាត់​បណ្តើរ ដោយ​គាត់​បន្ត​ប្រាប់ថា ដោយសារតែ​ជីវភាព​របស់គាត់​ជួប​ការខ្វះខាត​នោះ មិនមាន​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ដូចជា​ម៉ាញ៉េ ទូរទស្សន៍ ដូច​អ្នកមាន​ជីវភាព​ធូរធារ​នោះឡើយ ។

ដូច្នេះហើយ​កូនស្រី​របស់គាត់​រូបនេះ​ឱ្យតែ​យប់​ឡើងដល់​ម៉ោង​ទូរទស្សន៍​ចាក់​បញ្ចាំង​រឿង​ភាគ នាង​តែងតែ​ដើរ​សំដៅទៅ​មើល​នៅផ្ទះ​អ្នកជិតខាង​ស្ទើរតែ​រាល់​យប់ ហើយ​គាត់​ក៏​មិន​ហាមឃាត់​អី​ដែរ ព្រោះ​នឹកថា​នៅក្នុង​ស្រុកភូមិ​មិន​ធ្លាប់មាន​រឿងរ៉ាវ​អ្វី​កើតឡើង​នោះទេ ។ ដក​ដង្ហើមធំ​បន្តិច ហើយ​បន្តថា អ្វីដែល​គាត់​នឹកស្មាន​មិន​ដល់​នោះ គឺ​នៅពេលដែល​កូនស្រី​របស់គាត់​រូបនេះ​ពោះធំ​ទើប​ភ្ញាក់ខ្លួន​ព្រើត តែ​ក៏​មិន​នឹកស្មានថា កូនស្រី​មាន​«​ផ្ទៃពោះ​»​អី​ដែរ ស្មានថា​កូនស្រី​មាន​ជំងឺ​ហើមពោះ​ទៅវិញ​ទេ ។

លុះដល់​សង្កេតមើល​អាការ​កូនស្រី​ទើប​ដឹង​ច្បាស់​ថា កូនស្រី​ដ៏​អភ័ព្វ​របស់គាត់​មាន​ផ្ទៃពោះ តែ​នៅពេលដែល​គាត់​ជា​ម្តាយ និង បងប្អូន​កូនចៅ​បានដឹង​នោះ អ្វីៗ​គឺ​វា​ហួសពេល​អស់​ទៅហើយ ដោយ​កូនស្រី​របស់គាត់​មាន​ផ្ទៃពោះ​រយៈពេល ៤ ឬ ៥ ខែ​ទៅហើយ ។​ ​បន្ទាប់ពី​ដឹង​ច្បាស់​ហើយ​នោះ គាត់​ជា​ម្តាយ​ក៏ដូចជា​បងប្អូន​កូនចៅ​ខំប្រឹង​ជជីក​សួរនាំ​តាមបែប​កាយវិការ តែ​កូនស្រី​បញ្ជាក់ថា ជន​ល្មោភកាម​នោះ​យក​នាង​ទៅ​ធ្វើបាប​នៅក្នុង​ព្រៃចេក​ច្រើនលើកច្រើនសា​មកហើយ តែ​មិនដឹង​បុរស​ណាមួយ​នោះទេ​។

ដោយសារតែ​គ្មាន​ចម្លើយ និង ព័ស្តុតាង​ច្បាស់លាស់​នោះ ពួកគាត់​ចេះតែ​អត់ធ្មត់​រហូតដល់​នាង​កើត​បាន​កូនស្រី គាត់​បានដាក់​ឈ្មោះ​ឱ្យ​ថា រ៉េត ខ្ចី ពេលនេះ​នាង​មាន​អាយុ ៥ ឆ្នាំ ។​ ​ក្តី​អាម៉ាស់ និង ភាពឈឺចាប់​លំបាក​វេទនា​របស់​នាង ណាក់ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​នាង និង ក្រុមគ្រួសារ​ឪពុកម្តាយ​របស់​នាង កាន់តែ​លំបាក និង ទទួលរង​នូវ​ភាពអាម៉ាស់​ជា​លើក​ទី ២ នោះ គឺ​នាង ណាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ផ្សេងទៀត ចាប់រំលោភ​ជា​ញឹកញាប់​រហូត​ធ្វើឱ្យ​នាង​មាន​ផ្ទៃពោះ បង្កើតបាន​កូនប្រុស​ម្នាក់​ទៀត ពេលនេះ​កូនប្រុស​របស់​នាង​មាន​អាយុ ៤ ឆ្នាំ​ហើយ ។​

អ្នក​មីង ជា យ៉ាន បាន​ប្រាប់​បន្តទៀតថា «​ខ្ញុំ​ហួសចិត្ត​អាណិត​កូនស្រី​ខ្ញុំ​ម្នាក់នេះ​ណាស់ ដូចជា​កម្មក្រាស់​ដល់​ហើយ នាង គ ហើយ​នៅតែមាន​អ្នកធ្វើ​បាប​នាង​ទៀត មកដល់ពេលនេះ​ហើយ​នៅតែ​រក​ម្ចាស់​តំណក់ឈាម​កូន​របស់​នាង​ទាំងពីរ​នាក់​នេះ​មិនឃើញ​ទៀត ខ្ញុំ​មានការ​ពិបាកចិត្ត និង អាណិត​កូនស្រី​ខ្លាំងណាស់​» ។​

​បងស្រី កុសល និង លោក កុយ ធូរ ប្រធានភូមិ​នេះ​បាន​ប្រាប់ថា នាង​ស្រី ណាក់ នេះ​ពិតជា​គួរឱ្យ​អាណិត​ណាស់ គេ​ចាប់រំលោភ​ធ្វើបាប​នាង​រហូតដល់​មានកូន​ប្រុស​ស្រី ២ នាក់ ធំៗ​អស់ហើយ​នៅតែ​រក​ឪពុក​ក្មេង​មិនឃើញ​ទៀត ហើយ​នាង ណាក់ នេះ​ក៏​មិនដឹងថា​បុរស​ដែល​ធ្វើបាប​នាង​នោះ​ជា​អ្នកណា​ដែរ ព្រោះ​នាង​មិនដឹង មិន​ស្គាល់​ពេលដែល​គេ​ធ្វើបាប​នាង​នោះ​ច្រើនតែ​ពេលយប់​ស្ងាត់ ។ មកដល់ពេលនេះ​ទាំង​ម្តាយ​ទាំង​កូន​ត្រូវ​ធ្លាក់​បន្ទុក​មកលើ​ម្តាយ​របស់​នាង​ឈ្មោះ យ៉ាន ជា​អ្នកទទួលខុសត្រូវ​ចិញ្ចឹម​មើលថែ ៕ រ័ត្ន​
​ ​

Related