តូ​តា ត្រៀម​បង្ហាញ​ក្បាច់​ពិសេស​

Sanofi

​សិល្បករ សិល្បការិនី​ខ្មែរ​ជាច្រើន​កំពុង​រិះរក​វិធី​បែបណា​ដើម្បី​ឲ្យ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន បើ​ពួកគេ​ប្រើតែ​ស្ទីល​ដដែលៗ​ច្បាស់​ជា​ពិបាក​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ទស្សនិកជន​ណាស់ អ្នកខ្លះ​ក៏​ល្បីល្បាញ អ្នក​ខ្លះទៀត​ក៏បាន​បាត់​មុខជា​បណ្តើរៗ ។ សម្រាប់​តារាចម្រៀង និង ជា​អ្នក​បង្ហាញ​ម៉ូដ ដែលមាន រូប​សម្រស់​ស្រស់​សោភា និង ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​នោះ ក៏មាន​ការព្រួយបារម្ភ​ក្នុងការ​បាត់បង់​ប្រជាប្រិយភាព​ផងដែរ ដូច្នេះហើយ ទើប​នាង​ខំប្រឹង​រិះរក​វិធី​ពង្រឹង​កេ​រ្តិ៍ឈ្មោះ​របស់ខ្លួន ។​

​តូ​តា បាន​ឲ្យ​ដឹងថា នាង​ពិតជា​ស្រឡាញ់​អាជីព​រាំ​ខ្លាំង ណាស់ រាល់ពេល​ទំនេរ នាង​តែងតែ​ចំណាយពេល​វេលា​ហាត់ សម​ក្បាច់​រាំ​ដើម្បី​ឡើង​ឆាក​សម្តែង ហើយ​នៅពេល​ឆាប់ៗ ខាងមុខ នាង​ត្រៀម​នឹង​បង្ហាញ​ក្បាច់​រាំ​ថ្មី ដែល​ប្លែក​ជាង​មុន​ដើម្បី​បង្ហាញ​ទស្សនិកជន​បាន​ទស្សនា។ នាង​នឹង​ចាប់​ដៃគូ​ជាមួយ​លោក រតនៈ វិសិដ្ឋ ដូច​មុន​គ្រាន់តែ​ការសម្តែង​របស់​យើង​មានការ​ប្រែប្រួល​ខុសប្លែក​ពីមុន។

តូ​តា បានដាក់​ឈ្មោះ​ក្រុម​រាំ​របស់​នាង​ថា Tota Dance Fantastic ដោយពេល​នេះ​នាង​កំពុង​ហ្វឹកហាត់ ហើយ​នាង​សង្ឃឹមថា តាមរយៈ​ការសម្តែង​នឹងធ្វើ​ឲ្យ​ទស្ស និក​ជន​ចាប់អារម្មណ៍​ជាមិនខាន ។ ក្បាច់​ពិសេស​ដែល​នាង​ត្រៀម​នឹង​បង្ហាញ​នោះ ពិត​ជាមាន​លក្ខណៈខុស​ប្លែក​ពី​គេ​ទាំង​ការ​ស្លៀកពាក់ និង ការតុបតែង​ខ្លួន​ពិតជា​ស្រស់ស្អាត និងសិច​ស៊ី​ដែល​មិន​ធ្លាប់មាន។ ទោះបីជា​ប្រាក់ចំណេញ​មិន​ទទួលបាន​ច្រើន​ទៅតាម​អ្វីដែល​នាង​ចង់បាន​ក្តី ប៉ុន្តែ​នាង​នៅតែ​ខំប្រឹង​ធ្វើ​ឲ្យ​ការសម្តែង​នោះ​ទទួលបាន​ការចាប់អារម្មណ៍។​

ទោះបីជា​អ្នកយកព័ត៌មាន​របស់​យើង​ជជីក​សួរ​អំពី​ការសម្តែង​របស់​នាង​ថា​មាន​លក្ខណៈ ប្លែក​យ៉ាងណា​នោះ ស្រី​ស្រស់​រាង​តូច​ស្រ​ឡូ​ន តូ​តា នៅតែ​មិន​បញ្ជាក់​លម្អិត​នោះទេ ដោយ​នាង​បាន​និយាយថា រង់​ចាំមើល​ទាំងអស់គ្នា​ទៅ ពីព្រោះ​ការសម្តែង​នោះ​មាន​ពេលវេលា​យូរ​ដែល​តម្រូវ​ឲ្យ​នាង​ហាត់​សមជា​មុន ទើប​មិន​មានការ​ភ្លាត់ស្នៀត ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ តូ​តា កាន់តែ​ស្រស់ស្អាត​ឡើងៗ កាលពី​ប៉ុន្មាន​ខែ​មុន​នាង​បាន​ឡើង​ទម្ងន់​ដល់​ទៅ ៦ គីឡូក្រាម ធ្វើ​ឲ្យ​នាង​ព្រួយបារម្ភ​ជាខ្លាំង រហូត​ខំរ​ត់ទៅ​ហាត់ប្រាណ​ព្រមទាំង​កាត់បន្ថយ​អាហារ ។

ជាក់ស្តែង​ពេល​ជួប​ជាមួយ​នាង​នៅក្នុង​កម្មវិធី​ខួប ៩ ឆ្នាំ​របស់​ហាង​កាត់ដេរ​សម្លៀកបំពាក់​ប៉ា​រា​ឌី កាលពី​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៥ គេ​បាន​ចាប់អារម្មណ៍​ឃើញថា តូ​តា ពិតជា​ស្រស់ស្អាត​ប្លែក​មែន សូម្បីតែ​រូបរាង​របស់​នាង​ក៏​តូច​ស្រ​ឡូ​ន​ជាង​មុន​ដែរ ធ្វើ​ឲ្យ​អ្នកចូលរួម​នា​ថ្ងៃនោះ​លាន់មាត់​សរសើរ​នាង​ថា ស្រស់ស្អាត​គ្រប់ៗ​គ្នា ។ ​តូ​តា បាន​ប្រាប់ថា ការពិត​មុននេះ នាង​ធាត់ សូម្បីតែ​សម្លៀកបំពាក់​ដែល​ធ្លាប់ប្រើ​ជាប្រចាំ​ក៏​ពាក់​មិន​ចូល​ដែរ ហេតុនេះ​នាង​ខំប្រឹង​សម្រក​ទម្ងន់​យក​រាង ព្រោះ​ក្នុងនាម​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​បើ​ធាត់​ទ្រលុកទ្រលន់​ពេក ច្បាស់​ជា​ពិបាក​ជ្រើស​រើ​សម្លៀកបំពាក់ និង មើលទៅ​មិន​ស្រស់ស្អាត​គ្មាន​នរណា​ហៅ​ថត ឬ​សម្តែង​ឡើយ ។

វិធី​សម្រក​ទម្ងន់​របស់ តូ​តា គឺ​ព្យាយាម​ហាត់ប្រាណ និង តមចំណី​អាហារ​មួយចំនួន ព្រមទាំង​ញ៉ាំតែ​អ្វីដែល​ជួយ​ថែរក្សា​រូបរាង ។ ឆ្នាំ​ថ្មី​នេះ តូ​តា មាន​វ័យ ២២ ឆ្នាំ ហើយ ហើយ​មាន​បុរស ជាច្រើន​តាម​ស្រឡាញ់ និង ចង់បាន​នាង​ធ្វើជា​គូ ក្នុងនោះ​មាន​ទាំង កំលោះ និង ពោះម៉ាយ​បានដាក់​ពាក្យសុំ​ស្នេហ៍​នាង​ជា​បន្តបន្ទាប់ ។ តូ​តា បានបញ្ជាក់​អំពី​រឿងរ៉ាវ​ឯកជន​របស់​នាង​ថា «​ខ្ញុំ​ក៏​ចង់​រៀបការ​មានគូស្រករ​ដែរ ពេលនេះ​ខ្ញុំ​កំពុង​ជ្រើសរើស​មើលថា តើ​បុរស​ណា​ម្នាក់​ដែល​អាច​ទុកចិត្តបាន ពីព្រោះ​ការជ្រើសរើស​មនុស្ស​ម្នាក់​មក​ធ្វើជា​គូ​អនាគត​មិនអាច​មើល​ក្នុង​រយៈពេល​មួយថ្ងៃ​ឬមួយ​ខែ​ទេ ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ ។

ម្យ៉ាងទៀត​ខ្ញុំ​ទើបតែ​អាយុ ២២ ឆ្នាំ រឿង​រៀបការ​នៅ​វែងឆ្ងាយ ទៀត ទើប​ចង់​ចំណាយ​ពេលវេលា​ជាមួយ​ការងារ​រកស៊ី និង ការងារ​សិល្បៈ​ឲ្យ​បាន​រឹងមាំ​ជាមុនសិន » ។ ​គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ពេលនេះ តូ​តា លេចមុខ​នៅក្នុង​រឿង​ដុំ​ជាច្រើន ដោយ​ត្រៀម​ថត​រឿង​ថ្មី​បី​រឿង​ជាប់ៗ​គ្នា​ទាំង​រឿង​ដុំ​ក៏ដូចជា​រឿង​ភាគ​ឲ្យ​ស្ថានីយទូរទស្សន៍ CTN ។ ក្រៅពី​អាជីព​សិល្បៈ តូ​តា មាន​មុខរបរ​ផ្ទាល់ខ្លួន​មួយ​ដែល​ទើបនឹង​ដំណើរការ​កាលពីពេល​ថ្មីៗ​នេះ​នាង​ចង់​ឲ្យ​មុខរបរ​រកស៊ី​នេះ​ដំណើរ​ការល្អ​ជាមុនសិន​មុននឹង​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​បុរស​ណា​ម្នាក់ ៕ ម៉ា​រី​សា​

Related