មីយ៉ាន់ម៉ា​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​មួយ​ចំនួន

មីយ៉ាន់ម៉ា​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​មួយ​ចំនួន

លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា Thein Sein ចាប់​ដៃ​ជាមួយ​មេដឹកនាំ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ «បទ​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ» នៅ​មជ្ឈមណ្ឌល Myanmar International Convention Center កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុង​ក្រុង​ណៃពិដោ (Naypyitaw) ប្រទេស​មីយ៉ាន់ម៉ា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​មីយ៉ាន់ម៉ា​ ឬ​ភូមា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ចំនួន​៨ ​ក៏​ប៉ុន្តែ​ពួក​ឧទ្ទាម​សំខាន់ៗ​ផ្សេងៗ​ទៀត​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​បាន​បដិសេធ​ពុំ​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ។

ប្រធានាធិបតី Thein Sein ​បាន​ប្រកាស​នៅ​ឯពិធី​ចុះ​ហត្ថលេខា​ក្នុង​រដ្ឋធានី​ណៃពិដោ​ (Naypyidaw) ​ថា «កិច្ចព្រមព្រៀង​ជាតិ​ឈប់​បាញ់​គ្នា​នេះ​ជា​អំណោយ​ប្រវត្តិសាស្រ្ត​របស់​យើង​សម្រាប់​ជំនាន់​មនុស្សនៅ​ថ្ងៃ​អនាគត‍។ ​កង​ទ័ព​រាប់​ពាន់​នាក់​មក​ពី​ភាគី​ទាំង​២ ​បាន​បាត់បង់​អាយុ​ជីវិត​របស់​គេ​នៅ​ក្នុង​សង្គ្រាម​នេះ។ ​មនុស្ស​រាប់​សែន​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ជម្លោះ​បាន​ទទួល​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បណ្តាល​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ‍»។

ដោយ​បាន​ទទួល​ស្គាល់​ថា ​ជន​ជាតិ​ភាគ​តិច Kachin ​និង Wa ​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ទៀត​បាន​តាំង​ចិត្ត​ធ្វើ​ការ​ប្រយុទ្ធ​នៅ​ឡើយ ប្រធានាធិបតី​បាន​សន្យា​ខិតខំ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត។

​ជន​ជាតិ​មីយ៉ាន់ម៉ា​ប្រហែល​៤០​ភាគរយ​ជា​សមាជិក​ក្រុម​ជនជាតិ​ភាគតិច។ ​ពួកគេ​ភាគ​ច្រើន​បាន​ទាមទារ​ជាយូរយារ​ណាស់​មក​ហើយ​ដើម្បី​ត្រួតត្រា​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន។

លោក Saw Mutu Say Poe ​ប្រធាន​សហភាព ​Karen ​បាន​ស្នើ​ផ្តល់​យោបល់​ខ្លះ​ដល់​ពួក​យោធា​ដ៏​មាន​អំណាច​របស់​មីយ៉ាន់ម៉ា​ថា «យើង​សូម​ស្នើ​ថា ​ពួក​យោធា​ត្រូវ​ប្រើ​ការ​សន្ទនា​ជា​ជាង​កម្លាំង​ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុម​ផ្សេងៗ​ទៀត​ឲ្យ​ទម្លាក់​អាវុធ​របស់​ពួកគេ»៕