សហព័ន្ធចំនួន២៥ ចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍអត្តពលិកវ័យក្មេង

ភ្នំពេញ៖ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាបានបើកវគ្គសិក្ខាសាលា ស្ដីពីការអភិវឌ្ឍអត្តពលិកវ័យ ក្មេង (Seminar on Development of Young Athlete”s) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រូឧទ្ទេសនាមដោយលោក Joerg Teichman អនុបណ្ឌិតមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រកីឡា នៃប្រទេសម៉ាឡេស៊ី ។

លោក វ៉ាត់ ចំរើន បានផ្ដែផ្ដាំដល់សិក្ខាកាមដែលចូលរួមទាំង២៥នាក់ថា នេះជាវគ្គដ៏សំខាន់ដែលបង្រៀនឲ្យអ្នកចូលរួមទាំងអស់ចេះស្វែងរកកីឡាវ័យក្មេងដែលមានទេពកោសល្យ ចេះពិនិត្យមើលក្មេងៗដែលមានទេពកោសល្យក្នុងការលេងកីឡា ចេះពិនិត្យមើលអត្តពលិកវ័យក្មេងដែលមានសមត្ថភាពខ្ពស់ ។ សិក្ខាកាមដែលចូលរួមមានចំនួន២៥នាក់មកពី២៥សហព័ន្ធដែលពួកគេជាអនុប្រធាន អគ្គលេខាធិការ និងជាគ្រូបង្វឹក ។

លោកចាត់ទុកថា នេះជាការរៀបចំខ្លួនសម្រាប់ឆ្នាំ២០២៣ក្នុងការជ្រើសរើសកីឡាករវ័យក្មេងក្រោមលក្ខខ័ណ្ឌវិទ្យាសាស្ត្រ ។ លោកទទួលស្គាល់ថា នៅកម្ពុជានៅកម្ពុជាសព្វថ្ងៃខ្វះខាតគ្រូដែលមានទេព្យកោសល្យ និងបទពិសោធន៍ច្រើនណាស់ ដូច្នេះវគ្គនេះមិនត្រូវអវត្តមានឡើយ ព្រោះជាវគ្គដែលសំខាន់បំផុត ។

ជាមួយគ្នានោះដែរលោក JOERG Teichman បានថ្លែងថា លោកមានមេរៀនល្អៗសម្រាប់សិក្ខាសាលា ៣ថ្ងៃនេះ តែសំខាន់សិក្ខាកាមត្រូវក្លាហានក្នុងការសាកសួរ ហើយកុំមានអារម្មណ៍ភ័យខ្លាច ឬខ្មាស់អៀនឲ្យសោះ គឺត្រូវតែខំរៀនហ៊ានសួរ ។ អ្នកដែលក្លាហានបន្ទាប់ពីឆ្លងកាត់វគ្គសិក្ខាសាលារយៈពេល៣ថ្ងៃនេះហើយ គេនឹងមានសមត្ថភាពរៀបចំខ្លួនឲ្យក្លាយជាអ្នកដែលអាចស្វែងរកអត្តពលិកវ័យក្មេងដែលមានទេពកោសល្យបាន ៕