ឯក​អគ្គ​រដ្ឋ​ទូត​ចិន៖ ខ្ញុំ​មិន​មាន​កាតព្វកិច្ច​ផ្តល់​កសិណសាក្សី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ

ឯក​អគ្គ​រដ្ឋ​ទូត​ចិន៖ ខ្ញុំ​មិន​មាន​កាតព្វកិច្ច​ផ្តល់​កសិណសាក្សី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ

លោក Cui Tiankai ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​។

លោក Cui Tiankai ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ថា ​លោក​មិន​មាន​កាតព្វកិច្ច​ផ្តល់​កសិណ​សាក្សី​នៅ​ពី​មុខ​សភា​សហរដ្ឋ​អាមេរិក​ស្តី​ពី​ប្រវត្តិសិទ្ធិ​មនុស្ស​របស់​ចិន​ទេ។

លោក Chris Smith ​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ New Jersey ​បាន​អញ្ជើញ​លោក Cui ​មក​ផ្តល់​កសិណសាក្សី​អំពីប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ចិនបន្ទាប់​ពី​របាយការណ៍​របស់​សភា​បានចង្អុល​បង្ហាញ​ថា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន​មាន​ភាព​កាន់​តែ​យ៉ាប់​យឺន​ទៅៗ។

VOA បាន​សន្ទនា​ជាមួយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត Cui កាល​ពី​ថ្ងៃ​ពុធ​នៅ​គណៈកម្មាធិការ​ជាតិ​នៅ​ឯ​ពិធី​ចំណង​ពណ៌​ខ្មៅ​ប្រចាំ​ឆ្នាំ​ស្តី​ពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

លោក​ស្រី Hua Chunying អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា របាយការណ៍​សិទ្ធិ​មនុស្ស​នោះ​មាន​ភាព​លម្អៀង​ដើម្បី​ធ្វើ​កំណត់​សម្គាល់​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​អំពី​កិច្ចការ​ក្នុង​ប្រទេស​របស់​ចិន ​ហើយ​និង​ធ្វើ​ការ​រិះគន់​ដែល​មិន​ស្រប​ទៅ​តាម​ការ​ពិត។

លោក​ឯក​អគ្គ​រដ្ឋ​ទូត Cui ​បាន​និយាយ​នៅ​ពេល​ដែល​គេ​សួរ​អំពី​របាយការណ៍​នោះ។​លោក​និយាយ​ថា «ខ្ញុំ​គិត​ថា ​ពួកគេ​មិន​បាន​ដឹង​ពី​ប្រទេស​ចិន​ទេ។ ​ខ្ញុំ​សង្ឃឹម​ថា ​ពួកគេ​មាន​សមត្ថភាព​ដើម្បី​សិក្សា‍»។

លោក​ឯក​អគ្គ​រដ្ឋ​ទូត Cui ​បាន​ច្រាន​ចោល​សំណើ​ការ​អញ្ជើញ​របស់​លោក Smith ឲ្យ​ផ្តល់​កសិណសាក្សី​ដែល​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ផ្តល់​ព័ត៌មាន​ខ្លះ​ដែល​លោក​ជឿ​ជាក់​ថា ​របាយការណ៍​នោះ​ខ្វះ។

​លោក​និយាយ​ថា «ខ្ញុំ​មិន​មាន​កាតព្វកិច្ចដើម្បី​ផ្តល់​កសិណសាក្សី​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ទេ‍»៕