រថយន្ត​បុក​ម៉ូតូ​ផ្លោង​​ចូល​ក្នុង​រថយន្ត​​​របួសធ្ងន់​២​នាក់

រាជ​ធានីភ្នំពេញ ៖ បុរស​២នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ផ្លោង​ទម្លុះ​ចូល​ក្នុង​រថយន្ត​រង​របួស​ធ្ងន់​ម្នាក់ និង​ខ្ទាត​ចេញ​ក្រៅ​របួសធ្ងន់​ម្នាក់ ។ ​​គ្រោះថ្នាក់​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រលប់​ ថ្ងៃ​ទី​១៤  តុលា​ នៅ​តាម​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​ស្ពាន​លេខ​៨​និង​លេខ​៩ មុខ​ហាង បញ្ញា​សេ​អ៊ូ​ល ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វារ។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញបុរស​ពីរ​នាក់​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៣ ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1A៩៦៨៤ បើកបរ​ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​ ហើយ​បត់​ឆ្លងផ្លូវ​ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ​ធ្វើ​ឲ្យ​រថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ​២I2863 ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​​​បុក​​ពេញទំហឹង​អូស​ម៉ូតូ​ពីមុខ​រថយន្ត​ជាង​៥​ម៉ែត្រ ចំណែក​អ្នក​បើក​ម៉ូតូ​ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ត​ផ្ទាំង​ខាង​មុខ​បែក​ផុង​ធ្លាក់​ចូល​ក្នុង​រថយន្ត​រង​របួស​ធ្ងន់ម្នាក់ និង​ម្នាក់​ទៀត​ខ្ទាត​ចេញ​ក្រៅ​រង​របួសធ្ងន់ ចំណែក​អ្នក​បើករថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល៕