ធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាគេងស្រម៉ុក?

ការ​គេង​ស្រម៉ុក​អាច​ជាបញ្ហាដ៏​ធំមួយ​ សម្រាប់​មនុស្ស ​ដែល​តែងតែ​គេង​ស្រម៉ុក​ ព្រមទាំង​មនុស្ស ​ដែល​គេង​គ្រែ​រួមគ្នា​ ឬគេង​ក្បែរគ្នា​ ពីព្រោះ​ការគេង​ស្រម៉ុក​បង្ក​ជាសម្លេង​គឹគង ​ដែល​រំខាន​ដល់​ដំណេក​។ សម្លេង​ស្រម៉ុក​អាច​កើត​មាន​ឡើង ​នៅពេល​ដែល​មានអ្វី​រាំង​ខ្ទប់​នូវផ្លូវ​ដង្ហើម​តាម​ច្រុះ ​និងមាត់​។ ម្យ៉ាង​ទៀត ​វាអាច​ជារោគ​សញ្ញា​មួយ​នៃអាការៈ​ម្យ៉ាង​ឈ្មោះថា ​ការថប់​ដង្ហើម​ពេល​គេង​ ដែល​ជាអាការៈ​មួយ​ធ្វើ​ឱ្យមនុស្ស​អាច​ត្បៀត​ដង្ហើម​បាន​ពាក់​កណ្ដាល ​ឬអត់​ដក​ដង្ហើម​តែម្ដង​រយៈ​ពេល​ ១០វិនាទី​នៅអំឡុង​ពេល​គាត់​គេង​។ ទោះបី​ការគេង​មិន​ត្រូវ​បាន​ចាត់​ទុក​ថាជា​បញ្ហា​សុខ​ភាព​ក៏ដោយ​ ក៏វា​អាច​រំខាន​ដល់​ដំណេក​ និងជា​សញ្ញា​បញ្ជាក់ថា​ ប្រាកដ​ជាមាន​អ្វីមួយ​ខុស​ប្រក្រតី​ចំពោះ​រាងកាយ​របស់​អ្នកមិន​ខាន។​ ចំពោះ​ហេតុផល ​យើងសូម​ណែនាំ​ឱ្យអ្នក​ទៅជួប​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ប្រសិន​បើអ្នក​អង្កេត​ឃើញថា​ ខ្លួនអ្នក​គេង​ស្រម៉ុក​ញឹកញាប់​។ ចំពោះ​ដំណោះ​ស្រាយ​ដទៃទៀត​ យើង​មាន​នូវ​វិធីធម្ម​ជាតិ​ដើម្បី​បញ្ឈប់​ការ​គេង​ស្រម៉ុក ​ហើយ​ជាលទ្ធផល​អ្នក​នឹង​អាច​បង្កើន​គុណ​ភាព​នៃដំណេក​របស់​អ្នក។​
ធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាគេងស្រម៉ុក?

ហេតុ​អ្វី​អ្នក​គេង​ស្រម៉ុក​? ការគេង​ស្រម៉ុក​អាច​បណ្ដាល​មកពី​មូល​ហេតុ ​នៃការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​កំណត់ ​សភាព​ធាត់ជ្រុល​ គ្រុន​ផ្ដាសាយ ​អាលែក្សី ​ឬបញ្ហា​ដទៃ​ទៀត​ ដែល​ទាក់​ទង​ទៅនឹង​ការតឹង​ច្រមុះ​ អំឡុង​ត្រីមាស​ចុង​ក្រោយ​នៃការ​មាន​ផ្ទៃពោះ ​ច្រមុះ​ខុស​ទ្រង់​ទ្រាយ​ពីកំណើត​ និង​អាហា​រូបត្ថម្ភ​មិន​គ្រប់គ្រាន់។​

តើគួរ​ព្យាបាល​អាការៈ​គេង​ស្រម៉ុក​នេះ​តាម​វិធីណា​? ត្រង់​ចំណុច​នេះ​យើង​មាន​នូវគន្លឹះ​ និង​វិធីព្យាបាល​ធម្ម​ជាតិ​ជាច្រើន​ ដើម្បី​ព្យាបាក​ការ​គេង​ស្រម៉ុក​។ ដូច្នេះ​សូម​ផ្ដោត​ការយក​ចិត្ដ​ទុកដាក់​ និងសាក​ល្បង​អនុវត្ដ​វិធី​ទាំង​នេះ។​

ចៀស​វាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ​និងប្រើ​ថ្នាំ​រំងាប់​អារម្មណ៍៖ ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​ មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ការ​ប្រើថ្នាំ​រំងាប់​អារម្មណ៍​ដែរ ​គឺរំងាប់ ​ឬធ្វើ​ឱ្យប្រព័ន្ធ ​សរសៃ​ប្រសាទ​កណ្ដាល​ សាច់​ដុំសន្ទះ​ទ្រូង ​និងថ្ពាម​សម្រាក ​ដែល​បង្កើន​ឱកាស​ឱ្យអ្នក​គេង​ស្រម៉ុក។​

ព្យាយាម​សម្រក​ទម្ងន់៖ ​ប្រសិន​បើអ្នក​ធាត់​ជ្រុល ​អ្នក​គួរ​តែ​ជ្រើស​រើស​អាហារ​ល្អៗ​សម្រាប់​សុខភាព​ ធ្វើលំហាត់​ប្រាណ ​និងអនុវត្ដ​វិធីដទៃ​ទៀត​ដើម្បី​សម្រក​ទម្ងន់​។ សភាព​ធាត់​ជ្រុល​គឺជាហេតុ​ផល​ដ៏សាមញ្ញ​បំផុត ​ដែល​ធ្វើឱ្យអ្នក​គេង​ស្រម៉ុក​ ពីព្រោះ​វាដាក់​សម្ពាធ​ទៅលើ​ផ្លូវ​ដង្ហើម​របស់អ្នក​ និងធ្វើ​ឱ្យអ្នក​ពិបាក​ក្នុងការ​ដក​ដង្ហើម។​

ព្យាបាល​អាលែក្សី៖​ មនុស្ស ​ដែល​មាន​អាលែក្ស៊ី​ច្រមុះ​គឺងាយ​នឹងគេង​ស្រម៉ុក​ណាស់​។ មូល​ហេតុនេះ​ហើយ​ ទើប​យើង​ណែនាំ​ឱ្យអ្នក​ព្យាបាល​អាលែក្ស៊ី​ច្រមុះ​ដោយ​ថ្នាំ​សម្រួល​ការ​ដកដង្ហើម​(decongestant) និងថ្នាំ ​antihistamine។ ម្យ៉ាង​ទៀត​ អ្នក​ត្រូវ​ឱ្យ​ប្រាកដថា ​អ្នកមិន​បណ្ដោយ​ឱ្យធូលីក​ពូន​នៅលើ​គ្រឿង​សង្ហារឹម​ កម្រាល​ព្រំ ​និងវាំង​នន​នោះទេ​ ពីព្រោះ​វាធ្វើឱ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។​
គេង​ចំហៀង​៖ ការសិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញថា ​មនុស្ស​ដែល​គេង​ផ្ងារ​ទំនង​ជាគេង​ស្រម៉ុក​។ មូល​ហេតុ​ដូច្នេះ​ហើយ ​ទើប​យើង​ណែនាំ​ឱ្យគេង​ចំហៀង​។ ដើម្បី​ឱ្យទម្លាប់​ជាមួយ​នឹងការ​គេង​ចំហៀង​នេះ​ វិធីដ៏​ប្រសើរ​គឺត្រូវ​ដាក់​គ្រាប់​បាល់​ Tennis ខ្ចប់​ជាមួយ​ស្រោម​ជើង​ដាក់​នៅលើ​គ្រែគេង​របស់អ្នក​ ដែល​ធ្វើភាព​រំខាននេះ​ញ៉ាំងឱ្យ​អ្នក​គេង​ចំហៀង។​ជ្រើស​រើស​ខ្នើយ​ខ្ពស់​មកគេង​៖ ការប្រើ​ខ្នើយ​គេង​ខ្ពស់​បង្កើន​ខ្យល់​ដង្ហើម​តាមរយៈ​រន្ធ​ច្រមុះ ​និងមាត់​របស់អ្នក​ ដែល​មានប្រសិទ្ធ​ភាព​កាត់​បន្ថយ​ការកើត​ឡើង​នៃ​អាការៈ​ស្រម៉ុក៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​