កីឡាករ សុខហ៊ុច, ម្ទេសខ្មាំង និង រដ្ឋា ព្រួតគ្នាប៉ះថៃ ព្រឹកថ្ងៃអាទិត្យខានស្អែក

ភ្នំពេញ៖ មឿន សុខហ៊ុច អ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្ស កីឡា ពេជ្រ ម្ទេសខ្មាំង អ្នកប្រដាល់ក្លឹបអារុណរះ និង ម៉ន រដ្ឋា អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ត្រៀមជួបជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀន SEA-TV នាព្រឹកថ្ងៃ អាទិត្យទី១៨ ខែតុលា ឆ្នាំ២០១៥ សប្តាហ៍នេះ ។

សុខហ៊ុច ដែលពីមុនហៅ ពុទ្ធ ហ៊ុច នឹងត្រូវជួបសងសឹកជាមួយអ្នកប្រដាល់ថៃ Phach Aroun ដែលពីរនាក់នេះជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សុខហ៊ុច អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជារូបនេះ ធ្លាប់វាយចាញ់ Phach Arounដោយពិន្ទុម្តងហើយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ។

សុខហ៊ុច ធ្លាប់ជួបអ្នកប្រដាល់បរទេសច្រើននាក់ហើយក្នុងនោះ ជួបអ្នកប្រដាល់ថៃចំនួន១៦នាក់ ដោយឈ្នះ១១នាក់ ចាញ់៤នាក់ និងស្មើ១នាក់ ដែលការប្រកួតចុងក្រោយរបស់គេនោះ គឺវាយចាញ់អ្នកប្រដាល់ថៃ Phach Aroun នេះឯង ។ Aroun នេះគេជាជើងខ្លាំងម្នាក់នៅប្រទេសថៃ ដែលតាមអ្នកផ្គូផ្គងឲ្យដឹងថា ជាអ្នកប្រដាល់ថៃម្នាក់ដែលរឹងមាំ និងវាយខ្លាំង Phach Aroun មានប្រវត្តិប្រកួតចំនួន៨០លើក ឈ្នះ៧០លើក និងចាញ់១០លើក មិនដែលស្មើ ។

ពេលនេះគេប៉ះប្រកួតជាមួយ មឿន សុខហ៊ុច ដែលជាជើងខ្លាំងរបស់កម្ពុជាធ្លាប់ឆ្លងកាត់សង្វៀន១១០លើក ឈ្នះ៨៥លើក ចាញ់២១លើក ស្មើ៤លើក និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១៤លើក ។ អ្នកប្រដាល់ Phach Aroun នេះថ្វីត្បិត តែគេមានប្រវត្តិប្រកួតតិចជាង សុខហ៊ុច ក្តីប៉ុន្តែគេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំង ហើយក៏ធ្លាប់វាយឈ្នះរូបគេម្តងរួចទៅហើយ ។

រីឯអ្នកប្រដាល់កម្ពុជា ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះកីឡា ត្រូវផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Phun Savath ដោយប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ នេះជាជំនួបលើកទី៣របស់ ម្ទេសខ្មាំង ក្នុងការជួបប្រកួតជាមួយថៃនោះ ។

បើតាមលោក ញាន សុធី អ្នកផ្គូផ្គងប្រដាល់ប្រចាំ SEATV និយាយឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ ដោយមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៦៦ដង ចាញ់៤ដង មិនដែលស្មើ ។

Savath នេះធ្លាប់មកប្រកួតនៅកម្ពុជាចំនួន៣ដងហើយកន្លងមក ។ លើកទី១ វាយឈ្នះ ម៉ន ព្រំម៉ាញ ក្លឹបការិយាល័យទី៥កងទ័ពជើងគោកក្នុងទឹកទី៤ លើកទី២ វាយចាញ់ បាង កាយ៉ាក ក្លឹបអប្សរាគុនខ្មែរដោយពិន្ទុ និងលើកទី៣ វាយឈ្នះ ឯម សុធី ក្លឹបឫទ្ធីពោធិ៍សែនជ័យដោយពិន្ទុ ។ Phun Savath មានកម្ពស់ប្រហាក់ប្រហែលម្ទេសខ្មាំងដែរគឺ ១,៦៤ម៉ែត្រ ក្នុងពេលដែល ម្ទេសខ្មាំង មានកម្ពស់ ១,៦៤ ម៉ែត្រដែរ ។

ទោះជាយ៉ាងណា សម្រាប់ការជួបជាមួយម្ទេសខ្មាំង ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះ Phun Savath មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះ ម្ទេសខ្មាំង វាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អ ហើយមួយទៀតគេដូចជាថ្នឹកហើយរឿងវាយលើសង្វៀនប្រដាល់នេះ ។
ចំពោះមួយរូបទៀតអ្នកប្រដាល់ ម៉ន រដ្ឋា ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ថៃ Kham ។ អ្នក ប្រដាល់ Kham ដែលមានប្រវត្តិប្រកួត៥៩លើក ឈ្នះ៥៣លើក ចាញ់៦លើក មិនដែលស្មើ ។ Kham ធ្លាប់មកកម្ពុជាចំនួនពីរលើកហើយ ។

នេះជាលើកទី៤របស់ ម៉ន រដ្ឋា ដែលបានជួបប្រកួតជាមួយថៃនេះ ។ រដ្ឋា ជួបថៃលើកដំបូងវាយចាញ់ដោយពិន្ទុ លើកទី២គេវាយឈ្នះថៃ Moeung Mai ដោយពិន្ទុ និងលើកទី៣ ឈ្នះ Yort Thearak ដោយពិន្ទុ ។
ការប្រកួតនៅក្នុងស្រុក រដ្ឋា វាយឈ្នះអ្នកប្រដាល់រួមជាតិ សឹងតែអស់ទៅហើយក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ ដែលការប្រកួតចុងក្រោយនេះ គេវាយឈ្នះ ចាន់ គង់រាជ ក្លឹបព្រះខ័នរាជដោយពិន្ទុ ។ រដ្ឋា មានប្រវត្តិប្រកួត៦៩លើក ក្នុង នោះវាយឈ្នះ៥៨លើក ចាញ់១០លើក និងស្មើ១លើក ។ ប៉ុន្តែយ៉ាងណា ការឈ្នះចាញ់រវាង ម៉ន រដ្ឋា និង Kham នេះ ពុំមាននរណាហ៊ានទាយមុននោះ ៕

កីឡាករ សុខហ៊ុច, ម្ទេសខ្មាំង និង រដ្ឋា ព្រួតគ្នាប៉ះថៃ ព្រឹកថ្ងៃអាទិត្យខានស្អែក

កីឡាករ សុខហ៊ុច, ម្ទេសខ្មាំង និង រដ្ឋា ព្រួតគ្នាប៉ះថៃ ព្រឹកថ្ងៃអាទិត្យខានស្អែក

កីឡាករ សុខហ៊ុច, ម្ទេសខ្មាំង និង រដ្ឋា ព្រួតគ្នាប៉ះថៃ ព្រឹកថ្ងៃអាទិត្យខានស្អែក