ស្ត្រី​មេម៉ាយ​ម្នាក់ត្រូវ​ជនសង្ស័យ​គាស់​ផ្ទះ​ចូល​ប៉ង​ធ្វើឃាត សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ប្តី​ទើបតែ​ស្លាប់​បាន​៣​ខែ ត្រូវ​ជនសង្ស័យ​ម្នាក់​គាស់​ជញ្ជាំង​ផ្ទះ​លួច​ចូល ហើយ​បាន​វាយ​ប៉ុនប៉ង​ធ្វើឃាត តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់​ស្រុក​​អូរ​ជ្រៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​លី សុ​ផា អាយុ​៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ជាមួយ​ចៅប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​ម្តាយ​ឪពុក​បាន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​បាត់ ។ ស្ត្រី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​វាយ​នឹង​ដំបង​របួស​ក្បាល និង​ផ្ទៃ​មុខ ព្រមទាំង​ជាំភ្នែក​ខាងឆ្វេង ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ គាត់​ត្រូវ​ជនសង្ស័យ​ច្របាច់ក​.​ស្ទើរ​ស្លាប់ ។ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ធ្វើឃាត​នេះ​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា គាត់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​តែ​ម្តង ព្រោះ​មុន​កើតហេតុ ខណៈ​គាត់​កំពុង​ដេក​ជាមួយ​ចៅប្រុស​បានឮ​សំឡេង​ជនសង្ស័យ​គាស់​ជញ្ជាំង លុះ​បែរ​មើលទៅ​ក៏​ឃើញ​ជនសង្ស័យ​ដែល​ស្គាល់​នោះ​ហើយ ពេល​គាត់​និយាយ​ចំ​ឈ្មោះ និង​សួរ​ថា ឯង​មក​ធ្វើ​អី? ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ច្របាច់​.​ក​មិន​ឱ្យ​ស្រែក និង​វាយ​គាត់ តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៥ តុលា ថា កន្លង​មក
ខណៈ​​ប្តី​គាត់​មាន​ជំងឺ​មិន​អាច​ធ្វើ​អ្វី​បាន គាត់​ដើរ​លក់​នំ ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ចំណាស់​ម្នាក់​អាយុ​ប្រហែល​៥៨​ឆ្នាំ ម្នាក់ នៅ​ក្នុងភូមិ​ជាមួយ​គ្នា ដោយ​តែងតែ​លួច​ជួប​គ្នា​ម្តងម្កាល ។

ស្ត្រី​ខាងលើ​បន្ត​ថា ប្រហែល​ជាង​៥​ខែ​មុន ទំនាក់ទំនង​ស្នេហា​គាត់​និង​បុរស​ចំណាស់​នោះ បាន​បែកធ្លាយ​ដល់​ប្តី​របស់​គាត់ ក៏​ឈាន​ដល់​ការ​ប្តឹង​គ្នា ទីបំផុត​បុរស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គាត់​នោះ បាន​បង់ប្រាក់​ដល់​ប្តី​គាត់​ចំនួន​២​ម៉ឺន​បាត (​ប្រាក់​ថៃ​) បញ្ចប់រឿង​កុំឱ្យ​ខ្ចរខ្ចាយ ។ ស្ត្រី​រង​គ្រោះ​បន្ត​ថា ប្តី​របស់​គាត់​បាន​ស្លាប់​៣​ខែ​ហើយ ហើយ​គាត់​ថា ក្រោយ​ប្តី​ស្លាប់​មួយ​រយៈ​នេះ ពេល​គាត់​ទៅ
វត្ត​ ​ឬ​ទៅ​ណា​ជួប​ប្រពន្ធ​របស់​បុរស​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់​ពី​មុន​នោះ គេ​តែងតែ​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់​គាត់ ហាក់​មាន​គំនុំ ។

អ្វី​ដែល​សំខាន់ គឺ​ជនសង្ស័យ​ដែល​គាស់​ជញ្ជាំង​លួច​ចូល​ផ្ទះ​កណ្តាល​យប់ ប៉ុនប៉ង​ធ្វើឃាត​នោះ ត្រូវ​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ជា​កូន​ប្រុស​របស់​បុរស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់​នេះឯង ។ មិនតែប៉ុណ្ណោះ ស្ត្រី​រង​គ្រោះ​ក៏​ដូច​ជា​សាច់ញាតិ​ប្រាប់​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា នោះ បុរស​ជា​ឪពុក​ជនសង្ស័យ​បាន​មក​កាន់​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត មក​បញ្ចុក​បបរ(​ស្ត្រី​​រង​គ្រោះ​) ហើយ​ធ្វើការ​អង្វរ​សុំ​កុំឱ្យ​ឆ្លើយ​ថា ស្គាល់​ជនសង្ស័យ​ជា​កូនប្រុស​របស់​ខ្លួន ។ ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា បុរស​នោះ​និយាយ​ទៅ​កាន់​គាត់​ថា បើ​ឯង​ព្រម​ខ្ញុំ​នឹង​បង់​ឱ្យ​៥​ម៉ឺន​បាត ហើយ​ជួយ​ចិញ្ចឹម​មួយ​ជីវិត​ទៀត ។

ក្រៅពី​នេះ ក៏​មាន​ទូរស័ព្ទ​ជា​បន្តបន្ទាប់​ឱ្យ​បុរស​នោះ ធ្វើការ​សម្រុះសម្រួល​ជាមួយ​គាត់ ដើម្បី​បញ្ចប់​បញ្ហា​ផង​ដែរ ។ ទោះជា​យ៉ាង​ណា គ្រួសារ​ពាក់ព័ន្ធ​ខាងលើ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​បុរស​ចំណាស់​នោះ ចុច​ចូល​តែ​មិន​ទទួល ។ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​អូរ​បី​ជាន់​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​រក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន ៕