លោក អូ​បា​ម៉ា មាន​ពេល​តិចតួច​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយ​ក្ល​អ៊ែរ​ឧបទ្វីប​កូរ៉េ

ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ នេះ បង្ហាញ​ពី​ការវិវត្ត នៃ​ចំណងមិត្តភាព​ទ្វេភាគី​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។  ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ត្រៀមលក្ខណៈ​រួចហើយ​ដើម្បី ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហាសំខាន់​មួយចំនួន​ជាពិសេស​សន្តិសុខ​ឧបទ្វីប​កូរ៉េ។  ប៉ុន្តែ​លោក អូ​បា​ម៉ា មាន​ពេល​តិចតួច​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​នេះ។ 

 ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រៀមលក្ខណៈ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅថ្ងៃនេះ។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ទៅ​សហរដ្ឋអាមេរិក​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រក្សា​សម្ព័ន្ធភាព​ប្រទេស​ទាំងពីរ​តាម​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​ដោះស្រាយ​បញ្ហា​សកល​រួមគ្នា​ផង។

 លោកស្រី ប៉ាក និង​លោក អូ​បា​ម៉ា ទើបតែ​ជួបគ្នា​ប៉ុន្មាន​សប្តាហ៍​នេះ​ទេ ក្នុងពេល​លោកស្រី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក។ ប៉ុន្តែ​លោកស្រី​មិនបាន​ជជែក​និង​មានការ​ពិភាក្សា​ស៊ីជម្រៅ​ជុំវិញ​បញ្ហា​ប្រឈម​នានា​ដែល​ប្រទេស​ទាំងពីរ​កំពុង​ជួបប្រទះ​ឡើយ។ កាលនោះ​ប្រធានាធិបតី​អាមេរិក​ត្រឹម​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ និង​ចំណាយពេល​ជជែក​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង​ប៉ុណ្ណោះ។ 

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ជជែក​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ដោយ​ផ្តោតលើ​ប្រធានបទ​ជាច្រើន​រួមមាន​ការបន្ត​ពង្រឹង​សម្ព័ន្ធភាព​យូរអង្វែង ការដោះស្រាយ​បញ្ហា​បរិស្ថាន​ពិភពលោក  ការដោះស្រាយ​បញ្ហា​សន្តិសុខ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សេដ្ឋកិច្ច​ផងដែរ។ ទោះជា​ប្រធានបទ​មាន​ច្រើន​ក៏ដោយ រឿង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​ជា​បញ្ហា​ក្តៅ​និង​សំខាន់បំផុត​សម្រាប់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។

វា​ជា​ពេលដែល​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ពាំនាំ​ទុក្ខ​កង្វល់​នានា​ដើម្បី​ថ្លែងប្រាប់​សម​ភាគី​លោកស្រី​លោក អូ​បា​ម៉ា​ផងដែរ។ ការបន្ត​បាញ់​សាកល្បង​កម្ម​ជ្រួច​នុយក្លេអ៊ែរ​និង ការ​គំរាម​ធ្វើសង្គ្រាម​ជាដើម​របស់​ភាគី​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​សន្តិសុខ​ឧបទ្វីប​កូរ៉េ​ផុយស្រួយ។ បច្ចុប្បន្ន កូរ៉េខាងត្បូង​រំពឹងថា រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​អាច​នឹងមាន​យុទ្ធសាស្ត្រ ឬ​វិធានការ​អាចដាក់​គំនៀប​លើ​កូរ៉េខាងជើង ត្រលប់​ចូល​តុ​ចរចា​លើ​កម្មវិធី​អាវុធ​នុ​ក្លេ​អ៊ែរ​វិញ​ផងដែរ។ ទោះជា​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​ធំ​របស់​កូរ៉េខាងត្បូង​ក៏ដោយ វា​នៅពេល​តិច​ណាស់​សម្រាប់​លោក អូ​បា​ម៉ា ក្នុងការ​សម្រេច​គោលនយោបាយ​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ត្រលប់មក​ចរចា​លើ​បញ្ហា​នុយក្លេអ៊ែរ​ដូចដែល​អ៊ីរ៉ង់​បានធ្វើ​កន្លងមក​នោះ។

ក្នុង​កិច្ចពិភាក្សា​ថ្ងៃ​នេះដែរ គេ​ក៏​រំពឹងថា​លោក អូ​បា​ម៉ា នឹង​ឆ្លៀតឱកាស​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ប្រឹងប្រែង​ស្តារ​ចំណងមិត្តភាព​ដែល​ញាំ​ញឺ​ដោយ​គំនុំ​ប្រវត្តិសាស្ត្រ​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​មួយទៀត​ជប៉ុន​ដែលជា​មហាអំណាច អាស៊ី​បូព៌ា​ដែរនោះ។ វា​អាចជា​រឿង​មួយ​ដែល​លោក អូ​បា​ម៉ា ចង់ឃើញ​បំផុត​មុនពេល​លោក ចាក​ចេញពី​តំណែង​ជា​ប្រធានាធិបតី។

 ត្រលប់មក​ផ្តោតលើ​បញ្ហា​ឧបទ្វីប​កូរ៉េ​វិញ​ម្តង។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បញ្ហា​សន្តិសុខ​កូរ៉េខាងត្បូង​ផុយស្រួយ​ខ្លាំង ដោយសារ​ការចាក់​ឧបករណ៍​បំពង​សំឡេង​របស់​កូរ៉េខាងត្បូង និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រឿង​ដាក់​បង្កប់​មីន​នៅ​តំបន់​គ្មាន​យោធា។ ហើយ​ការប្រឈមមុខគ្នា​នេះ បណ្តាល​ឲ្យ​កងទ័ព​ប្រទេស​ទាំងពីរ​ឈានដល់​ប៉ះទង្គិច​គ្នា​ថែម​ទៀតផង។  ម្យ៉ាង​កាលពី​សប្តាហ៍​មុន​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អះអាង​រួចហើយ​ក្នុង​កម្មវិធី​បុណ្យជាតិ​ថា កូរ៉េខាងជើង​អាច​កំដរ​អាមេរិក​ប្រយុទ្ធ​បាន​គ្រប់​សង្គ្រាម។

ទោះ​រដ្ឋបាល​លោក អូ​បា​ម៉ា មានលទ្ធភាព​តិចតួច​ក្នុង​ការដាក់​គំនៀប​កូរ៉េខាងជើង​ឲ្យ​ងាក​មក​ចរចា​វិញ​ក៏ដោយ លោកស្រី ប៉ាក មានលទ្ធភាព​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ក្រុង​ប៉េកាំង​ដែលជា​បងធំ​របស់​កូរ៉េខាងជើង។ ទំនាក់ទំនង​ល្អ​នេះ អាច​នឹង​ក្លាយជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ដំណើរ​ចរចារ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ ព្រោះ​ចិន​មាន​ទឹកមាត់ប្រៃ។ អាច​និយាយថា រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​កូរ៉េខាងត្បូង​ជាមួយ​ចិន​ស្អិតល្មួត​ជាង​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​ក្រុង​ព្យុងយ៉ាង​ទៅទៀត។ មេដឹកនាំ​កូរ៉េខាងជើង​មិនទាន់​ជួប​ប្រធានាធិបតី​ចិន​សូម្បី​តែម្តង ប៉ុន្តែ​លោកស្រី ប៉ាក បាន​ជួបពិភាក្សា​ទ្វេ​ភា​កី​ជាមួយ​លោក ស៊ី ជិន​ពីង ប្រាំ​មួយដង​រួចមកហើយ​តាំងពី​លោកស្រី​ឡើងកាន់តំណែង​មក៕  

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?