ប្រធានាធិបតីចិន​យល់ព្រមទិញ​អង្ករពីកម្ពុជា​ក្នុងមួយឆ្នាំ១០ម៉ឺនតោន​ ដោយចាប់ផ្តើម​ពីឆ្នាំ២០១៦

ទីក្រុងប៉េកំាង ៖​ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ​ ហ៊ុន សែន ​ដែលបង្ហោះនៅយប់ថ្ងៃទី១៥ ​តុលា ​២០១៥​ ​មានខ្លឹមសារ​ទំាងស្រុងថា ​"នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ​សម្តេចតេជោ ​ហ៊ុន សែន ​បានជួបប្រជុំពិភាក្សា​ការងារជាមួយ​លោកប្រធានាធិបតីចិន​ ស៊ី ជិនពីង ​(Xi Jinping) ​នៅវិមាន​ប្រជាជនចិន ។

លោក ស៊ី ជិនពីង​ បានបញ្ជាក់ប្រាប់​សម្តេចតេជោថា​ ប្រទេសចិនគាំទ្រផ្តល់កូតា​នាំអង្ករពីកម្ពុជាចូល​ប្រទេសចិនចំនួន១០ម៉ឺនតោន​ទៅតាមការស្នើសុំរបស់​សម្តេចតេជោ។ ទន្ទឹមនឹងនេះដែរ ​ភាគីចិនបានឯកភាព​ផ្តល់ជំនួយឥតសំណងដល់​កម្ពុជាចំនួន១ពាន់លានយ័ន ​ និងជួយកសាងមន្ទីរពេទ្យ​នៅខេត្តត្បូងឃ្មុំផងដែរ។

បន្ទាប់ពីកិច្ចប្រជុំ​ពិភាក្សាប្រកបដោយ​ផ្លែផ្កាខាងលើនេះ​ នៅល្ងាចថ្ងៃដដែល​ សម្តេចតេជោ ​និង លោកប្រធានាធិបតីចិន ​បានអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ចុះ ហត្ថលេខាលើ​ឯកសារ​ចំនួន៥៖
១-ពិធីសារជា​កិច្ចព្រមព្រៀងសាង​សង់ពហុកីឡាដ្ឋាន​មរតកតេជោ។
២-កិច្ចព្រម​ព្រៀង​ផ្តល់ថវិកា។
៣-កិច្ចព្រមព្រៀង​វិនិយោគលើ​វិស័យឧស្សាហកម្ម ​និងកៅស៊ូ។
៤-កិច្ចព្រមព្រៀង​បណ្តុះបណ្តាល​ វិនិយោគ​ និង កសិ-​ឧស្សាហកម្ម។
៥-កិច្ចព្រមព្រៀង​ទិញអង្ករពីកម្ពុជាក្នុង​មួយឆ្នាំៗ១០ម៉ឺនតោន​ ចាប់អនុវត្តពីឆ្នាំ ​២០១៦តទៅ។

លោកប្រធានាធិបតី ​ស៊ី ជិនពីង ​បានអបអរសាទរ ​សម្តេចតេជោ ​ ដែលទទួលបានការគាំទ្រ​ធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ​។ លោក ស៊ី ជិនពីង បានសម្តែង​នូវ​ការ​រីករាយចំពោះ​ការយាងចូលរួម​របស់ព្រះមហាក្សត្រកម្ពុជា​ ក្នុងពិធីប្រារព្ធខួបលើកទី៧០​នៅប្រទេសចិនឆ្នាំនេះ ។

លោក ស៊ី ជិនពីង​ ក៏បានបញ្ជាក់អំពីការគាំទ្រ​របស់​បក្សកុម្មុយនីស្ត​ចិនដល់កម្ពុជា​ ។ សម្តេចតេជោ​ បានថ្លែងអំណរគុណដល់​លោកប្រធានាធិបតី ស៊ី ជិនពីង ​ដែលបាន​អញ្ជើញសម្តេចចូលរួម​កិច្ចប្រជុំពិសេសរបស់គណបក្សនយោបាយអាស៊ី ​។ សម្តេចតេជោ ​បានអរគុណលោកប្រធានាធិបតីចិន​ដែលបានអបអរសាទរ​សម្តេច​ជាប់ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា។​ ទន្ទឹមនឹងនោះដែរ​សម្តេចតេជោ ក៏បានអបអរសាទរដល់​ប្រទេសចិនដែលបានប្រារព្ធខួបលើកទី៧០ ​ជាមួយនិងការ​បង្ហាញនូវ​សមិទ្ឋផល​រីកចំរើន​គ្រប់វិស័យ​របស់ប្រទេសចិន។

សម្តេចតេជោ ​គាំទ្រយ៉ាងខ្លាំងក្លាចំពោះ​គោល​នយោបាយសេដ្ឋកិច្ចផ្លូវសូត្រ​ដែលជាគំនិតផ្តួចផ្តើមរបស់ចិន​ រួមទាំងធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ​ ដែលមាន​សារៈសំខាន់បំផុត​សំរាប់ប្រទេសកម្ពុជា​ និងប្រទេសក្នុងតំបន់​ ។ សម្តេចតេជោ ​ក៏បានអរគុណដល់​រដ្ឋាភិបាលចិនដែលតែងតែយក​ចិត្តទុកដាក់ព្យាបាល​​ព្រះរាជសុខភាព​របស់ព្រះមហាក្សត្រ​ និងសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ។​ សម្តេចតេជោ ​ បានស្នើដល់ភាគីចិនអោយជួយបណ្តុះបណ្តាល​ដល់យុវជន ​និងស្រ្តីកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ​សម្តេចតេជោ​ ក៏បានអញ្ជើញ​លោកប្រធានាធិបតីចិន​ទៅទស្សនកិច្ចនៅកម្ពុជាផងដែរ" ៕