ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត​​​ចត​ស្ងៀម​​បែក​ក្បាល​ផុង​លលាដ៏​ស្លាប់​ក្នុង​ថ្លុកឈាម

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ផុង​លលាដ៏ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងដោយសារ​តែ​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ MIO មួយ​គ្រឿងក្នុង​ល្បឿន​លឿនជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ចត​ស្ងៀម​នៅ​ច​ញ្ចើ​ម​ផ្លូវ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ​តុលា ​​២០១៥ នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​២៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

បុរស​ដែល​ស្លាប់​​ឈ្មោះ មាស​ សុក្រ​បូរ​មី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ យ៉ា​ម៉ា​ហា​ MIO មួយ​គ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-0269 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មាន​សភាព​ស្រវឹង​ជោកជាំ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​​ស្រវឹង​ខ្លាំង​ពេក​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​​គូទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-2551 ​ជា​រថយន្ត​ដឹក​បន្លែដែល​​ម្ចាស់​បើក​មក​ចត​ស្ងៀម​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវចំ​ពេញទំហឹង​ហោះ​ទៅ​បុក​ក្បាល​ជាមួយ​​​របាំង​បើក​គូទ​ក្រោយបណ្តាល​ឲ្យ​បែកក្បាល​ផុង​លលាដ៏ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធ័ម។

ភ្លាម​ៗ​នោះ​ដែរ​សមត្ថកិច្ច​បាន​មក​ដល់​ចំណុច​កើតហេតុ និង​បាន​ឆែក​រក​អត្តសញ្ញាណ​របស់​បុរស​នោះ​ដើម្បី​ទាក់ទង​ទៅ​សាច់ញាតិឱ្យ​មក​ទទួលយកសព​ ចំណែករថយន្ត​ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​៕