រូបថត​ផ្អើល​ហ្វេសប៊ុក៖ គ្មាន​កន្លែង​ណា​ល្អ​ជាង​មុខ​ក្រសួង​យុត្តិធម៌

បណ្តាអ្នកលេងហ្វេសប៊ុក បង្ហាញការស្ងើចសសើរផង និងហួសចិត្តផង ក្រោយពីបាន​ឃើញ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពីមន្រ្តីបួននាក់ នៃកងរាជអាវុធហត្ថកម្ពុជា កំពុងកាន់«អាអូនតូច»របស់ខ្លួន បាញ់​ទឹក​ប្រសេក​ប្រសាច នៅ​មុខ​ក្រសួង​យុត្តិធម៌។
រូបថត​ផ្អើល​ហ្វេសប៊ុក៖ គ្មាន​កន្លែង​ណា​ល្អ​ជាង​មុខ​ក្រសួង​យុត្តិធម៌
សកម្មភាព បន្ធូរភាពតានតឹង «ក្នុងខោ» ក្នុងពេលចុះបេសកកម្មបង្ក្រាបបាតុកម្ម (?) របស់កងរាជអាវុធហត្ថ។ (រូបថតហ្វេសប៊ុក)

ប្រសិនបើរូបភាព ចំអកទឹកភ្លៀងលិចភ្នំពេញ ឬរូបភាពស៊ិចស៊ី បង្ហាញដើមទ្រូងថ្លោសៗ របស់តារាស្រី «មិន​សូវ​ល្បី»មួយចំនួន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបាននូវការចាប់អារម្មណ៍ ពីអ្នក​ប្រើប្រាស់​បណ្ដាញសង្គមនានា យ៉ាងណាក្ដី តែរូបភាពមួយសន្លឹក ដែលទើបនឹងត្រូវបង្ហោះ កាលពីដើមខែតុលានេះ បាន​បង្កការភ្ញាក់ផ្អើលមិនតិចទេ ហើយជំរុញឲ្យមានការជជែក មិនដាច់សូរ ជុំវិញការឲ្យតម្លៃ ទៅលើការ​អនុវត្តន៍​ច្បាប់ នៅក្នុងប្រទេសកម្ពុជា។

រូបភាពដែលត្រូវបាន ចែករំលែកតៗគ្នានោះ បានបង្ហាញនូវបុរស«៤»នាក់ ក្នុងឯកសណ្ឋានជាប៉េអឹម (កង​រាជ​អាវុធហត្ថ) កំពុងតែ«បាញ់នោម» នៅមុខស្លាកយីហោ របស់ក្រសួងយុត្តិធម៌ នៅខាងមុខព្រះបរមរាជវាំង ដែល​ជាបេះដូង នៃព្រះរាជាណាចក្រ អច្ឆៈរិយៈ«គ្មាន»ពីរក្នុងលោក។ ការវាយប្រហារ ដោយការបាញ់ទឹក របស់​មន្ត្រី​អ្នកអនុវត្តច្បាប់ទាំងបួនរូបនោះ ធ្វើឡើងស្ថិនៅតាមបណ្ដោយ «មហាវិថីសម្តេចសុធារស» ដែលត្រូវបានបិទ ចាប់​ពីចំណុចកែង នឹងផ្លូវឧកញ៉ាឈុន ដោយមិនបានអនុញ្ញាត ឲ្យយានយន្តឯកជនគ្រប់ប្រភេទ ចេញចូលបាន​ឡើយ លើកលែងតែអ្នកថ្មើរជើង ដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ឬសួន​ច្បារ​ខាងមុខវាំងប៉ុណ្ណោះ។

គេមិនដឹង ពីកាលបរិច្ឆេទពិតប្រាកដ នៃសកម្មភាព«ឈរបាញ់នោម» ជាសាធារណៈទាំងនេះ បានកើតឡើង តាំងពីពេលណាមកទេ។ ប៉ុន្តែបើមើលឃើញមន្ត្រីម្នាក់ ដែលបានកាន់អាអូនតូច មានកាន់ទាំងខែលផងនោះ បានសេចក្ដីថា អាចជាបេសកកម្មចុះទប់ស្កាត់ បាតុកម្ម ឬកូដកម្មណមួយ (ដែលមិនមែនក្នុងពេលថ្មីៗនេះទេ) ហើយពេលវេលាបង្ខំ ទៅរកបង្គន់ឯណាមិនទាន់ ក៏ព្រលែងទឹកមន្ដរបស់ខ្លួន នៅទីនេះតែម្ដងទៅ។

រូបថត​ផ្អើល​ហ្វេសប៊ុក៖ គ្មាន​កន្លែង​ណា​ល្អ​ជាង​មុខ​ក្រសួង​យុត្តិធម៌

យ៉ាងណា រូបមួយសន្លឹកខាងលើនេះ បានធ្វើឲ្យមនុស្សម្នា យកមកជជែកយ៉ាងសម្បើមដៃ នៅលើបណ្ដាញ​សង្គម។ អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា ផាន ស៊ីថាន (Phann Sithan) បានបង្ហើរ​នូវ​យោបល់​របស់​ខ្លួន យ៉ាងខ្លីថា៖ «ជារូបភាពប្រចាំសប្តាហ៍»។ ឯឈ្មោះ សាម ខាធូន (Cartoon Sam) បាន​ចាត់​ទុក​សកម្មភាព នៃ​កងរាជអាវុធហត្ថទាំងបួនរូបនោះថា៖ «ករណីបាញ់បោះដោយសេរី នៅពីមុខក្រសួងយុត្តិធម៍»។ ឯ​កញ្ញា​ឈ្មោះ នារី វ៉ាន់ ក៏សម្តែងនូវការហួសចិត្តដែរថា៖ «ចំពោះមុខស្លាកក្រសួងតែម្តង! ហួសចិត្ត!»។

ដោយឡែក លោក ញ៉ែម សេដ្ឋា (Nhem Setha) ដោយមើលឃើញថា សកម្មភាពនៃកងរាជអាវុធហត្ថ ទាំង​បួន​រូបនោះ ទំនងជាខុសក្រមវិជ្ជាជីវៈនោះ បានធ្វើការបង្អើលឡើងថា៖ «ប្រឹងឡើងកនយើង ប៉ូលីសមកទាន់​ឥឡូវ​ហើយ»។ ឯលោក ចាន់ សីហា បានសរសេរថា៖ «ស្រុកខ្ញុំ ដល់ម្លឹង? ពិតជាពិបាកបន្ទោស បងសមត្ថកិច្ច​ខ្លាំង​ណាស់ នេះក៏ដោយសារតែរដ្ឋកំសោយ និងអសមត្ថភាព (ក្នុងការ) កសាងបង្គន់អនាម័យ។ ដីដែលទំនេរ គឺ​លក់ៗ​ៗៗៗៗៗលុះក្ស័យ!»។

យ៉ាងណា ចំពោះកំហុងឆ្គងខាងលើនេះ មិនដឹងដាជាកំហុស របស់អ្នកណាឡើយ ហើយក៏មិនដឹងថា ជា​ការ​ទទួលខុសត្រូវ របស់អ្នកណាដែរ។ លោក អ៊ុំ បូរី បានសរសេរលើគណនីរបស់ខ្លួនថា «ពិបាក​រកពាក្យ​ថ្លែង។ សង្គមខ្មែរ មិនដឹងបន្ទោស លើបុគ្គលណា ឬស្ថាប័នណា!»៕