ឆាយ វីរៈយុទ្ធ យំមែន ពេល​ច្រៀង​«រដូវ​បិណ្ឌ​ភ្ជុំ​កូន​យំ​នឹក​ស្រុក»

ចម្រៀង បានចាប់ផ្ដើមដំបូង ជាមួយនឹងស្នាមញញឹម ទៅកាន់អ្នកគាំទ្រ តែដល់ចំណុចចុងក្រោយ នៃ​បទ​ចម្រៀង ស្រាប់​តែ​ម្ចាស់​សំនៀង លោក ឆាយ វីរៈយុទ្ធ បានស្រក់ទឹកភ្នែកទៅវិញ។ ចម្រៀងនេះ ត្រូវ​បាន​អ្នក​គាំទ្រ ជា​ច្រើន​លើក​សរសើរ ពី​អត្ថន័យ​មិនដាច់ពីមាត់ ព្រោះតែត្រូវសាច់រឿង។
ឆាយ វីរៈយុទ្ធ យំមែន ពេល​ច្រៀង​«រដូវ​បិណ្ឌ​ភ្ជុំ​កូន​យំ​នឹក​ស្រុក»
លោក ឆាយ វីរៈយុទ្ធ បានស្រក់ទឹកភ្នែក ក្នុងបទ«រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក» ផ្សាយផ្ទាល់តាមទូរទស្សន៍។ (រូបថតផ្តិតពីវីដេអូ)

ចម្រៀង ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ដែលធ្វើឲ្យលោក ឆាយ វិរៈយុទ្ធ ដែលជាម្ចាស់សំនៀង រលីងរលោង​ទឹក​ភ្នែកនោះ មានចំណងជើងថា៖ «រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក»។

តាមពិតទៅ បុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីបុណ្យធំមួយដែរ ក្នុងចំណោមបុណ្យជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្រាប់​អ្នកកាន់ព្រះពុទ្ធសាសនា។ ហេតុអ្វី បានជាតារាចម្រៀងខាងលើ និយាយថា «បិណ្ឌទី១៤ ទើបកូន​បានទៅស្រុក ម៉ែអ្ហើយ»? គឺដោយសារតែពិធីបុណ្យនេះ មានចំនួនកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃ​១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ជារៀងរាល់ឆ្នាំ។ «ថ្ងៃបិណ្ឌទី១៤ ទើបកូនបានទៅស្រុក» បាន​ន័យថា លោក ឆាយ វីរៈយុទ្ធ អាចទៅដាក់បិណ្ឌ នៅឯស្រុកបានតែមួយថ្ងៃប៉ុណ្ណោះ ព្រោះតែការងារ ទោះបី​ជាកូន នឹក​អ្នក​មាន​គុណ​ធំធេង យ៉ាងណាក៏ដោយ។

បទចម្រៀងមួយនេះ បានធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ ស្រក់ទឹកភ្នែកបណ្តើរ ខណៈកំពុងបកស្រាយ បានពាក់​កណ្តាលបទ។ អត្តន័យ និងកាយវិការ ជាមួយទឹកភ្នែក ដ៏កំសត់ របស់អ្នកច្រៀង ដែលកំពុងចូលតួខ្លាំងនេះ បានធ្វើឲ្យអ្នកទស្សនា ស្ងាត់មាត់ផ្ចង់ត្រជៀកស្តាប់ និងបើកភ្នែកសម្លឹង រហូតមិនអាចទប់ទឹកភ្នែកបាន។ ចំរៀង​ខាងលើ បានរៀបរាប់ពីអ្នកដែលចាកឆ្ងាយ ពីស្រុកកំណើត ទៅធ្វើការងារ ដើម្បីដោះស្រាយជីវភាព​គ្រួសារ​នោះ បានស្រាយចម្ងល់អ្នកម្តាយ ដែលតែងតែទទឹងចាំផ្លូវកូន ឲ្យដឹងថា៖ «បិណ្ឌទី១៤ ទើបកូនសម្រាក ហើយ​កូន​មានប្រាក់ ផ្ញើរជូនពុកម៉ែ»។

អ្នកទស្សនាវីដេអូជាច្រើន បានសរសេរឡើងថា បទ​«រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក» ធ្វើឲ្យគេស្រក់ទឹកភ្នែក​ ដោយ​មិនដឹងខ្លូន ព្រោះត្រូវសាច់រឿងពេក។ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ សរសេរឡើងថា៖ «មាននយ័ ដូច​ជីវិត​ខ្ញុំ​ណាស់, ត្រូវនឹងសាច់រឿងខ្ញុំ....»។ អ្នកគាំទ្រខ្លះបានសារភាពថា៖ «ខ្ញុំសូមសរសើរគាត់ អស់ពីបេះដូង សូម្បី​តែខ្ញុំស្ដាប់ ក៏ស្រក់ទឹភ្នែកដែរ ខ្ញុំនឹកឱពុកម្ដាយ​បងប្អូនខ្ញុំណាស់»។

មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រ នៅតាមបណ្តាញសង្គម ស្រក់ទឹកភ្នែក សរសើរថាដូចសាច់រឿងខ្លូននោះទេ នៅ​មានពិធីករស្រីម្នាក់ដែរ អ្នកនាង យុគ ចិន្តា ចេញមុខជួយជួតទឹកភ្នែក ដោយផ្ទាល់ដៃថែមទៀតផង។ ពិធីការនី​រូបនេះ បាននិយាយថា៖ «អ្ហី! ឆាយ វិរៈយុទ្ធ ថីបានយុំមែនទែនចឹង My Idol ម៉ោះជូតទឹកភ្នែកឲ្យ! មានរឿង​អី​អ្ហី?»៕


» ចង់ដឹងថាបទ រដូវបិណ្ឌភ្ជុំកូនយំនឹកស្រុក មានអត្ថន័យប៉ុណ្ណា បានជាធ្វើឲ្យតារាចម្រៀង និងអ្នកទស្សនា​ស្រក់ទឹកភ្នែកនោះ៖