សង្ស័យ​ចោរ​ចូលសម្ងំក្នុង​ផ្ទះ​ ​ប្តឹង​ប៉ូលិស​ចុះ​ឡោម​ព័ទ្ធ​ចាប់​ចោរផ្អើល​​​ទាំង​កណ្តាល​យប់

រាជ​ធានីភ្នំពេញ ៖  មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​តុលា ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ ៧២ E2 តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ទួល​ស្វា​ព្រៃ​២ ខណ្ឌចំការមន ដោយសារ​តែ​ម្ចាស់ផ្ទះ​មានកា​សង្ស័យ​ថា ចោរ​ចូល​សំងំ​ក្នុ​ង​ផ្ទះ​របស់​គាត់ ធ្វើ​ឱ្យ​ប៉ូលិស​ចុះ​មក​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ដើម្បី​ចាប់ចោរទាំង​កណ្តាល​យប់   ។

ម្ចាស់ផ្ទះ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​​រូប​គាត់​កំពុង​លង់លក់​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​ពេល​នោះ​គាត់​​បានឮ​សំលេង​ ដូច​ជា​សំលេង​មនុស្ស​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​គាត់​ចឹ​ង ហើយ​គាត់​ក៏​ក្រោក​ឡើង​ទៅ​មើល​ឱ្យ​ដឹង​ច្បាស់ ​គឺ​ឃើញ​ស្រមោល​មនុស្ស​ចូល​មក​ពិតមែន គាត់​ក៏​រត់​ចេញ​មក​សំយាប​មុខ​ផ្ទះ ហើយ​​ស្រែកឱ្យ​គេ​ជិតខាង​ជួយ និង​បាន​ចាក់សោ​បិទទ្វា​រដើម្បី​ការពារ​សុ​វត្ថិភាព ព្រោះថា​គាត់​នៅ​តែ​ម្នាក់ឯង​ដោយ​គ្មាន​អ្នក​នៅ​ជាមួយ​ឡើយ ។​ ភ្លាម​នោះ​​​ប្រជាពលរដ្ឋ​​រាយការណ៍​ប្រាប់​ប៉ូលិស​ដើម្បី​ចុះ​មក​ឡោម​ព័ទ្ធ​ជុំវិញ​ផ្ទះ​តែ​ម្តង ។

នៅ​ជុំវិញ​បរិវេណ​ផ្ទះ មាន​មនុស្ស​មក​ចោមរោម​មើល​ជា​ច្រើន និង​នៅ​ពី​ខាងក្នុង​របង​ផ្ទះ​មាន​បងប្អូន​ម្ចាស់ផ្ទះ​ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ កាន់ដំបង​ច្រូងច្រាង​រង់ចាំ ខ្លាច​ចោរ​ស្ទុះ​ចេញ​មក​រត់​រួច ។ ប៉ុន្តែ​ក្រោយ​ពី​ប៉ូលិស​សម្រុកចូល​ធ្វើការ​ឆែកឆេរ​រួច​មក​ពុំ​មាន​ឃើញស្រមោល​ចោរ​ណា​ម្នាក់​ឡើយ ។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា​ ចោរ​អាច​នឹង​ដឹងខ្លួនរ​ត់ទៅ​តាម​ទ្វារ​មុខ​បាត់ ពេល​ដែល​ម្ចាស់ផ្ទះ​ស្រែក​ឆោឡោ​នោះ ឬ​មួយ​ក៏​ម្ចាស់ផ្ទះ​គាត់​មើល​ច្រ​លំ​ថា​មាន​មនុស្ស​ចូល​មក​ក្នុងផ្ទះ​របស់​គាត់ ។

ក្រោយ​ពី​សមត្ថកិច្ច​ចូល​ធ្វើការ​ឆែកឆេរ​មិន​មាន​អ្វី​នោះ ​សមត្ថកិច្ច​បានបែក​ជើង​គ្នា​ចេញ​ទៅ​ល្បាត​តាម​មូលដ្ឋាន​វិញ ​ចំណែកម្ចាស់ផ្ទះ​ក៏​បានចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន​វិញ ដោយ​ទុកចិត្ត​ថា មិន​មានចោរ​ចូល​សំងំ​ក្នុងផ្ទះ​គាត់​នោះ​ទេ ៕​​