ឧកញ៉ា ប៊ុន ថៃ ល្បីឈ្មោះ​កាន់តែខ្លាំង​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​

​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​ឧកញ៉ា ប៊ុន ថៃ និង​បក្ខពួក​បន្ត​ឃុបឃិត​គ្នា​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ខេត្តក្រចេះ ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បួ​ង​ឃ្មុំ យ៉ាង​រលូន​។ លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គិតគូរ​តែ​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឧកញ៉ា ប៊ុន ថៃ មាន​កូនជឹង​ម្នាក់​ឈ្មើ ចែ​នី ដែលជា​អ្នកប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ខេត្តក្រចេះ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មន្ត្រី​អាជ្ញាធរ​តូចតាច​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចែ​នី មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​គ្រប់​ស្ថាប័ន ហេតុនេះហើយ​ទើប​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ទាល់តែសោះ​។ កន្លែង​ដែល​ចែ​នី ប្រមូល​ទិញ​ឈើ​គឺ​នៅ​ចំណុច​ភូមិ​កោះ​ខ្ញែ ឃុំ​កោះ​ខ្ញែ ស្រុក​សំបូរ និង​នៅ​ស្រុក​ចិត្រ​បុរី ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី ធ្វើជា​មើលមិនឃើញ​បទល្មើស​របស់​ឧកញ៉ា ប៊ុន ថៃ និង​ចែ​នី ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ចែ​នី អាច​ប្រមូល​ទិញ​ឈើ​ចេញពី​ទូក​នៅ​ចំណុច​កោះ​ខ្ញែ ហើយ​លើកដាក់​រថយន្ត​យី​ឌុប ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ឧកញ៉ា ប៊ុន ថៃ ជា​បង្អែក​។ ចំណែក​ប្រជាពលរដ្ឋ​វិញ​គ្រាន់តែ​ដឹកឈើ​បន្តិចបន្តួច​មក​ធ្វើ​ផ្ទះ​ឬ​ជួសជុលផ្ទះ​ជាដើម ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប ដោយ​ពុំមាន​យោគយល់​បន្តិច​ណា​ឡើយ​។ ហេតុនេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​លើ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ទ្រី សុ​ភ័​ក្រ ជាបន្ទាន់​ព្រោះ​ពួកគេ​បើកដៃ​ឲ្យ​ឈ្មួញ​ដូចជា ឧកញ៉ា ប៊ុន ថៃ និង ចែ​នី ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​៕

chheng_kimsun_011លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ 7391 7391_2