​រ៉ឺម៉ក​កង់​បី​បត់​មិន​ស៊ីញ៉ូ​ត្រូវ​ម៉ូតូ​Duke​បុក​ពីក្រោយ​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង  ខណៈ​បត់​ឆ្លងផ្លូវ​តែ​មិន​ស៊ីញ៉ូ ។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​២០​នាទី​យប់​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៥ ទល់មុខ​ឃ្លាំង​លក់​រថយន្ត លី ប៉េង​លឹម នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ( ទេប​ផន​) កែង​និង​ផ្លូវ​លេខ​២៣៧   ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ដឹក​អ្នកដំណើរ​បួន​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច  ខណៈពេល​មកដល់​ចំណុចកើតហេតុ​កែង​និង​ផ្លូវ​លេខ ២៣៧ ម៉ូតូ​រ៉ឺម៉ក​កង់​បី​នេះ​ចង់​ឆ្លងផ្លូវ​ទៅ​ផ្លូវ​ម្ខាង​ទៀត តែ​ដោយ​មិនបាន​ស៊ីញ៉ូ  គ្រានោះ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Duke ពណ៌​សលាយ ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1FA-1118 ពីក្រោយ​ស្របគ្នា​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​មក​បុក​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ចិញ្ចើមថ្នល់​សន្លប់​លែង​ដឹងខ្លួន​តែម្តង​។ 

​ក្រោយពេល កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ ចំណែក​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចុះ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ 

​រ៉ឺម៉ក​កង់​បី​បត់​មិន​ស៊ីញ៉ូ​ត្រូវ​ម៉ូតូ​Duke​បុក​ពីក្រោយ​រងរបួស​ធ្ងន់​