កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជា

កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជា

នៅ​សល់​​ពេល​ប្រមាណ​ជិត​២​ខែ​ទៀត​ប៉ុណ្ណោះ លីក​បាល់​ទាត់​កំពូល​កម្ពុជា នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៥។ ក្នុង​ចន្លោះ​ពេល​ឈប់​សម្រាក​​មុន​ចូល​រដូវ​កាល​ថ្មី​ ការ​ដោះ​ដូរ​កីឡាករ​នឹង​កើត​ឡើង​រវាង​ក្លិប ឬ​អាច​កីឡាករ​បរទេស​មួយ​ចំនួន​បញ្ចប់​កុង​ត្រា វិល​ត្រលប់​ទៅ​លេង​នៅ​ប្រទេស​នានា​វិញ។ ទោះ​បែប​នេះ​​ក្ដី កីឡាករ​បរទេស៣​រូប បាន​បញ្ជាក់​ថា ​ខ្លួន​ចង់​បន្ត​អាជីព​នៅ​កម្ពុជា ព្រម​ទាំង​បង្ហើប​ពី​មូលហេតុ​ផង​ដែរ។

 

កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជា

 

១. Shane Booysen (ភ្នំពេញ​ក្រោន)

 

កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជា

កីឡាករ​សញ្ជាតិ​អាហ្វ្រិកខាងត្បូង Shane Booysen

 

កីឡាករ​សញ្ជាតិ​អាហ្វ្រិកខាងត្បូង Shane Booysen ដែល​ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លិប​ភ្នំពេញ​ក្រោន បាន​ចាប់​ផ្ដើម​អាជីព​ក្នុង​លីក​កំពូល​បាល់​ទាត់​កម្ពុជា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ក្រោយ​ផ្ទេរ​មក​ពី​ប្រទេស​ថៃ​កាល​ពី​ខែ​កុម្ភៈ។

 

កីឡាករ​មាឌ​ល្អិត​រូប​នេះ បាន​ប្រាប់ Sabay ថា ៖ «ខ្ញុំ​​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​មក​លេង​ឲ្យ​ភ្នំពេញ​ក្រោន… ជា​ក្លិប​ដ៏​ធំ​មួយ​នៅ​កម្ពុជា និង​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់»។ Booysen បាន​និយាយ​ទៀត​ថា ប្រជាជន​នៅ​កម្ពុជា​មាន​ភាព​ស្និទ្ធស្នាល​ រាក់​ទាក់ ហើយ​ប្រសិន​បើ​ក្លិប​​ភ្នំពេញ​ក្រោន​ផ្ដល់​កិច្ច​សន្យា​ថ្មី​ទៀត រូប​គេ​នឹង​​បន្ត​អាជីព​នៅ​កម្ពុជា។

 

២. កីឡាករ Kazuki Tatsuta (ការពារ​ជាតិ)

 

កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជាខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Kazuki Tatsuta(រូប​កណ្ដាល)

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Kazuki Tatsuta ទើប​ចាប់​ផ្ដើម​បំពេញ​តួនាទី​នៅ​ក្រុម​ក្រសួង​ការពារ​ជាតិក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្រុម Albirex Niigata។ កីឡាករ​វ័យ២៣​ឆ្នាំ​រូប​នេះ​បាន​បង្ហើប​ថា មូលហេតុ​ដែល​ខ្លួន​ចង់​បន្ត​អាជីព​នៅ​កម្ពុជា គឺ​ដោយសារ​មើល​​ឃើញ​ពី​សក្ដានុពល​របស់​លីក​កំពូល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​រូប​គេ​គិត​ថា​ នា​ពេល​អនាគត ​បាល់​ទាត់​ខ្មែរ​នឹង​កាន់​តែ​មាន​ប្រជាប្រិយភាព។ Tatsuta បាន​ពោល​ពាក្យ​មួយ​ឃ្លា​ថា៖ «ខ្ញុំ​ស្រលាញ់​ប្រជាជន​កម្ពុជា… ខ្ញុំ​ចូល​ចិត្ត​ទឹក​ដី​កម្ពុជា»។

 

៣. កីឡាករ Esoh Paul Omogba (បឹង​កេត​អង្គរ)

 

កីឡាករ​បរទេស៣​រូប បង្ហើប​មូលហេតុ​ចង់​បន្ត​អាជីព​នៅ​កម្ពុជាកីឡាករ Esoh Paul Omogba

 

កីឡាករ Esoh Paul Omogba បាន​ចំណាយ​ពេល​បី​ឆ្នាំ​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​នៅ​ក្លិប​ពីរ​របស់​ប្រទេស​ថៃ គឺ Udon Thani និងSamut Sakhon ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​លីក​លំដាប់​ទី​បី។ ដើម​ឆ្នាំ២០១៥ កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ បាន​ចុះ​កិច្ច​សន្យា​មួយ​ឆ្នាំ​ជាមួយ​ក្លិប​បឹង​កេត​អង្គរ ដោយ​បំពេញ​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប។

 

Esoh បាន​ប្រាប់ Sabay ថា៖ «ប្រជាជន​ខ្មែរ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល ពួក​គាត់​ចូល​ចិត្ត​រាប់​អាន​ជា​គ្រួសារ ហើយ​យើង​ចូល​ចិត្ត​ធ្វើ​អ្វី​ជាមួយ​គ្នា យើង​រស់នៅ​ដោយ​សន្តិភាព​ជាមួយ​គ្នា»។ កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា រូប​គេ​ចង់​បន្ត​អាជីព​នៅ​កម្ពុជា ហើយ​លើស​ពី​នេះ​ទៀត​នោះ គឺ​ចង់​ជួយ​បឹងកេត​លើក​ពាន​ឆ្នាំ​២០១៥ តែ​ម្ដង៕

 

​​​អត្ថបទ៖ គង់ វិសាល