ស្ត្រី​ខ្មែរ​ជា​សហគ្រិន​កើនឡើង​ខ្ពស់ធៀប​នឹង​ស្ត្រី​នៃ​បណ្ដា​ប្រទេសក្នុង​តំបន់

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ត្រី​ខ្មែរ​ភាគច្រើន បាន​ចូលរួម​ជា​សហគ្រិន​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​ធ​ម្យ​ម មានការ​កើនឡើង​ជាងគេ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ។ ទោះបីជា​យ៉ាងណា នៅ​ក្នុង​វិស័យ​អាជីវកម្ម ស្ត្រី​ខ្មែរ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ច្រើន​ជាង​បុរស​ក្នុង​ការ​ចាប់ផ្តើម និង​ពង្រីក​អាជីវកម្ម ដោយសារ​តែ​បទដ្ឋាន​វប្បធម៌ និង​កង្វះ​ការ​ទទួល​បាន​នូវ​ការ​អប់រំ ព្រមទាំង​ព័ត៌មាន​ទីផ្សារ​ជាដើម ។

បើ​យោង​តាម​របាយការណ៍​មូលនិធិ​អាស៊ី​ឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​មាន​ប្រមាណ​ជា​៥១​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ចូលរួម​ក្នុង​សង្គម នយោបាយ និង​សេដ្ឋកិច្ច ត្រូវ​បាន​បិទ​បាំង និង​មាន​កម្រិត​នៅឡើយ ។

លោកស្រី សេង ត​ក្ត​នារី អតីត​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​សិន​តូ​សា​ស៊ា​ល មាន​ប្រសាសន៍​ថា ៖ «​បច្ចុប្បន្ន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​ឯកជន​មាន​ជាង​៦០​ភាគរយ​នៃ​អ្នក​ធ្វើ​ជំនួញ​លើ​អាជីវកម្ម​ខ្នាត​តូច និង​កណ្តាល ដោយ​មិន​និយាយ​ខ្នាត​ខ្ពស់​ទេ ។ បុ​៉​ន្តែ​បើ​ថ្នាក់​តំបន់​វិញ យើង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​១០​ប្រទេស ។ ស្ត្រី​ជា​សហគ្រិន​មាន​កំណើន​ខ្ពស់​ក្នុងឆ្នាំនេះ​» ។

យោង​តាម​ជំនឿ​សហគ្រាស​ក្នុង​ឆ្នាំ​២០១១ សហគ្រិន​ស្ត្រី​មាន​ប្រមាណ​៦៥​ភាគរយ​ក្នុង​៥​ម៉ឺន​សហគ្រាស​នៅ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​ពួក​គេ​ស្ថិត​នៅ​ក្នុង​អាជីវកម្ម​លក់ដុំ និង​រាយ សេវា​ស្នាក់​នៅ និង​អាហារ ។

លោក អ៊ូ វី​រៈ ស្ថាបនិក​វេទិកា​អនាគត មាន​ប្រសាសន៍​ថា ស្ត្រី​មាន​ចំនួន​តិចតួច​ក្នុង​ជួរ​ថ្នាក់ដឹកនាំ ដោយសារ​តែ​ប្រទេស​កម្ពុជា ពី​ដើម​មក​ជួប​នូវ​កត្តា​ពីរ​យ៉ាង​គឺ ៖

១-​ជា​ប្រទេស​ច្របូកច្របល់​មាន​បញ្ហា​ក្នុង​សង្គម​ច្រើន អីុ​ចឹ​ង​ហើយ​ប្រុស​ៗ​គេ​មានការ​លើក​សាច់ដុំ ក្លាហាន​នឹង​ការ​ប្រយុទ្ធ ទើប​ប្រុស​ៗ​តែង​ដឹកនាំ​សង្គម​រហូត តាំងពី​ពេល​នោះ​មក​មាន​បន្សល់​ទុក​ការ​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ។

២-​ដោយសារ​វិស័យសេដ្ឋកិច្ច ព្រោះ​វិស័យសេដ្ឋកិច្ច​ពី​ដើម​មក​ជា​វិស័យសេដ្ឋកិច្ច​កម្លាំងបាយ កសិកម្ម ហើយ​សេដ្ឋកិច្ច​ផ្សេង​ៗ​ប្រើ​ទៅ​លើ​កម្លាំង​ច្រើន ដូច​ជា​រត់ពន្ធ​ជាដើម ។
លោក អ៊ូ វី​រៈ លើក​ឡើង​ដែរ​ថា ៖ «​ដោយសារ​តែ​វិស័យសេដ្ឋកិច្ច​បច្ចុប្បន្ន​ដូរ​មក​ប្រើ​ខួរក្បាល​ច្រើន ដូច្នេះ​ស្ត្រី​មានឱកាស​ច្រើន​ជាង​មុន​។ ក្រៅពី​នោះ ស្ថាប័ន​ភាគច្រើន​បាន​ផ្តល់​ឱកាស​ឲ្យ​បុរស​តាំងពី​ដើម​មក​ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ហើយ ទើប​បុរស​ក្រា​ញន​នេ​ល​មិន​ចង់​ឲ្យ​ស្ត្រី​ចូល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​សង្កេត​ឃើញ​វិស័យ​ឯកជន​ខ្លះ ស្ត្រី​ខំប្រឹង​ប្រែង​ដោយ​ខ្លួនឯង ទោះជា​មានការ​រារាំង​ច្រើន ក៏​ទទួល​ជោគជ័យ​ច្រើន​ដែរ​» ។

ទោះបីជា​សង្គម​ខ្មែរ​មានការ​ផ្លាស់​ប្តូរ​ដោយ​មានការ​លើក​តម្លៃ​ស្ត្រី​ជាង​មុន​ក៏​ដោយ ក៏​ស្ត្រី​មួយ​ចំនួន​នៅ​មានការ​រារែក​ក្នុង​ការ​ចូលរួម ឬ​ចាប់​យក​ឱកាស ។ ពួក​គេ​មួយ​ចំនួន​មានការ​លំបាក​ក្នុង​ការ​សម្រេចចិត្ត​លើ​ការងារ ដោយសារ​តែ​ផ្នត់គំនិត​ខ្លួនឯង និង​សង្គម ។

អ្នក​នាង ចាន់ សុ​ភ័​ណ្ឌ មន្ត្រី​គម្រោង អង្គការ​បន្ទាយស្រី បង្ហាញ​ថា ៖ «​បើ​និយាយ​ពី​ការ​សម្រេចចិត្ត​ក្នុង​គ្រួសារ និង​សង្គម​វិញ​នោះ បុរស​មាន​ប្រៀប​ជាង​ស្ត្រី​យូរណាស់​ហើយ តាំងពី​គាត់​នៅ​ក្នុង​ពោះ​ម្តា​យមក​ម្ល៉េះ នេះ​ដោយសារ​តែ​ផ្នត់គំនិត​សង្គម​ធ្វើ​ឲ្យ​បុរស​មាន​ប្រៀប​ជាង​ស្ត្រី​រហូត​មក សូ​ម្បី​តែ​ក្នុង​ច្បាប់ស្រី​ច្បាប់ប្រុស ក៏​បុរស​មាន​ប្រៀប​ជាង​ស្ត្រី​ដែរ ហើយ​ការ​អនុវត្ត​វិញ ក៏​បុរស​មាន​ប្រៀប​ជាង​ទៀត ។ ការ​សម្រេចចិត្ត​គ្រប់គ្រង​ឬ​ដឹកនាំ គឺ​មានការ​រៀបចំ​បែបបទ និង​រចនាសម្ព័ន្ធ​ដូច​ជា គេ​បម្រុង​លើក​ទៅ​ខាង​បុរស ដូច្នេះ​ស្ត្រី​ត្រូវ​បាន​ផាត់​ចេញ​ច្រើន​» ។

អ្នក​នាង​បន្ត​ថា «​ប្រសិនបើ​ស្ត្រី​កាន់​តួនាទី​ជា​អ្នកគ្រប់គ្រង​នោះ ពួក​គាត់​នឹង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ម​ជ្ឍ​ដ្ឋា​ន​ជំរុញ​សព្វបែបយ៉ាង ។ ផ្ទុយ​ទៅ​វិញ បុរស​មិន​អាច​បែងចែក​គ្រប់យ៉ាង​បាន​ឡើយ ដោយសារ​ពួក​គាត់​សម្លឹង​ឃើញ​ការ​ទទួល​បាន​ប្រយោជន៍​សម្រាប់​ក្រុម​បុរស​ច្រើន​ជាង​» ។

ការ​ទទួល​ចំណេះដឹង និង​ព័ត៌មាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេចចិត្ត​លើ​ជោគវាសនា​អនាគត និង​អាជីវកម្ម​ដោយ​មាន​ទំនុកចិត្ត​បំផុត ហើយ​ពួក​គេ​ច្រើន​ទទួល​បាន​ជោគជ័យ ។

លោកស្រី សេង ត​ក្ត​នារី លើក​ឡើង​ថា ៖ «​បើ​គ្រាន់តែ​ការងារ​គាត់ (​ស្ត្រី​) ក្នុង​ការ​សម្រេចចិត្ត គាត់​គ្មាន​ការ​លំបាក​ទេ ប៉ុន្តែ​គាត់​លំបាក​ក្នុង​ការ​សម្រេច​ពង្រីក​អាជីវកម្ម ព្រោះ​ត្រូវការ​សួរ​អ្នក​ដែល​ពូកែ​ជាង ។ អីុ​ចឹ​ង​ហើយ​គាត់​ត្រូវការ​អ្នក​ប្រឹក្សា​យោបល់ និង​មើលឃើញ​វែង​ឆ្ងាយ​នៅ​ពេល​ដែល​គាត់​ចង់​ពង្រីក ឬ​ដាក់​ដើមទុន​បន្ថែម​លើ​មុខរបរ»។ 

លោក អ៊ូ វី​រៈ បាន​ចង្អុលបង្ហាញ​ទស្សនៈ​ក្នុង​ការ​សម្លឹង​ឃើញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​តំណែង​គ្រប់គ្រង​ថា ៖ «​ខ្ញុំ​រំពឹង​ថា នឹង​មានការ​កើនឡើង ដោយសារ​យើង​មើល​ពី​អ្នករៀន​សូត្រ​ចាប់ផ្តើម​ទទួល​ជោគជ័យ​ច្រើន​ក្នុង​សាកលវិទ្យាល័យ ដែល​អាច​ឈាន​ដល់​ការ​ដឹកនាំ​ច្រើន​ជាង​មុន ។ ប៉ុន្តែ​បើ​ថ្នាក់ដឹកនាំ​កំពូល​សាធារណៈ​តែ​ម្តង​មិនសូវ​មាន​ទេ ហើយ​សង្គម​នៅ​តែ​ផ្តល់​កាតព្វកិច្ច​ផ្ទះសម្បែង​ដល់​ស្ត្រី​ច្រើន​ជាង ទើប​គាត់​ជួប​បញ្ហា ។ ទោះបីជា​១០​ឆ្នាំ​ទៀត ក៏​មិន​ទាន់​មាន​ភាព​ស្មើគ្នា​ដែរ ។ ប៉ុន្តែ​ជា​ទូទៅ ខ្ញុំ​ឃើញ​ថា មានការ​រីក​ចម្រើន​បន្តិច​ម្តង​ៗ ដោយសារ​ការ​ទាមទារ​ពី​ស្ត្រី​» ៕