ការបង្ហោះសារតាមហ្វេសប៊ុកធ្វើឲ្យ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួង ព័ត៌មានជាប់បណ្ដឹងឡើងតុលាការ

ចុង​ចោទ​​បាន​សរសេរ​​អំពី​សាហាយស្មន់​​រវាង​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​​កម្ពុជា​ និង​​ឧត្ដម​សេនីយ៍​យោធា​

មន្ត្រី​​មួយ​រូប​​​នៅ​ក្រសួង​ព័ត៌មាន​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​បរិហារ​កេរ្តិ៍​ទាក់​ទិន​សារ​​មួយ​​បង្ហោះ​តាម​ហ្វេសប៊ុក​​​ដែល​ចោទ​ប្រកាន់​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​ស្រី​កំណាន់​របស់​ឧត្ដម​សេនីយ៍​យោធា​មួយ​រូប ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​​ឲ្យ​ឡើង​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ។

យោង​តាម​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​៥ ខែ​តុលា លោក ព្រំ សាន អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​​នៃ​ក្រសួង​​ព័ត៌មាន​ បាន​បង្ហោះ​សារ​ប្រមាថ​​លោកស្រី កែវ ម៉ាលី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាលពី​ខែ​កក្កដា ហើយ​ត្រូវ​បាន​​​ចោទ​ប្រកាន់​កាលពី​ខែ​មុន។

ដីកា​នោះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​​ឈ្មោះ​ ព្រំ សាន ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​​​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ តុលាការ​​បង្គាប់​ឲ្យ​ឈ្មោះ ព្រំ សាន អាយុ​៥២​ឆ្នាំ ​មក​បង្ហាញ​មុខ​ស្ដាប់​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា”។

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​​ពីម្សិល​មិញ លោក ព្រំ សាន ​​​​បាន​មាន​ប្រសាសន៍​​ថា លោក​បាន​ទទួល​ការ​ពឹង​ពាក់​ពី​​លោកស្រី មុំ ម៉ានុត ​ដែល​ត្រូវ​ជា​​ភរិយា​របស់​​លោក សៀក​ សុជាតិ ឧត្ដម​សេនីយ៍​ឯក​នៃ​កង​យោធពល​ខេមរភូមិន្ទ​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​លោកស្រី​បាន​​​​ប្រាប់​លោក​ថា ស្វាមី​របស់​ខ្លួន​​មាន​សាហាយ​ស្មន់​ជាមួយ​សមាជិក​ព្រឹទ្ធសភា​​រូប​នេះ​។ បន្ទាប់​មក​​ លោក​​ស្រី​បាន​ស្នើ​​ឲ្យ​លោក​​ជួយ​​រារាំង​​ឧត្ដម​សេនីយ៍​រូប​នេះ​​កុំ​ឲ្យ​​ព្យាយាម​លែង​លះ​លោក​ស្រី ហើយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​​ស្វាមី​ជួយ​មើល​ថែ​រក្សា​កូន​ទាំង​ពីរ​នាក់​របស់​ពួកគាត់​។

អនុ​ប្រធាន​នាយកដ្ឋាន​រូប​នេះ​​លើក​ឡើង​ទៀត​​ថា លោក​​​បាន​យល់​ព្រម​ជួយ​​​ផ្សព្វ​ផ្សាយ​រឿង​​​ផិត​ក្បត់​នេះ​ជា​សាធារណៈ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ពីព្រោះ​លោក​អាណិតអាសូរ​​លោកស្រី​ មុំ ម៉ានុត ដែល​ប្រាប់​លោក​ថា ​ស្វាមី​របស់​លោកស្រី​បាន​ចាក​ចោល​​ផ្ទះ ហើយ​មិន​ព្រម​​​ជួយ​​លុយ​កាក់​ដល់​លោកស្រី​។ “​ខ្ញុំ​បាន​យល​់​ព្រម​ជួយ​គាត់​ ពីព្រោះ​លោក សុជាតិ ជា​ឧត្ដម​សេនីយ៍​ ហើយ​គាត់​មាន​លុយ​ច្រើន ​ហេតុ​អី​បាន​ជា​គាត់​ទុក​ឲ្យ​ប្រពន្ធ និង​កូន​​ទាំង​ពីរ​នាក់​របស់​គាត់​រស់​នៅ​ក្នុង​​ស្ថានភាព​ក្រី​ក្រ​បែប​នេះ?”។

លោក​បាន​គូស​បញ្ជាក់​​ថា សារ​ដែល​លោក​បាន​បង្ហោះ​​តាម​​ហ្វេសប៊ុក​​មិន​ចាត់​ទុក​ជា​ការ​បរិហារកេរ្តិ៍​ឡើយ ពីព្រោះ​ព័ត៌មាន​ពិត​ទាំង​អស់ ប៉ុន្តែ​លោក​នឹង​គោរព​​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​។ “​ខ្ញុំ​នឹង​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ។ ខ្ញុំ​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​នេ​ះ​ទេ ទោះ​បី​ជា​ដើម​ចោទ​មាន​លុយ​​ច្រើន​សូក​ប៉ាន់​តុលាការ​​ដើម្បី​ឈ្នះ​ក៏ដោយ។ ខ្ញុំ​នឹង​ទៅ ពីព្រោះ​ខ្ញុំ​ចង់​ដឹង​ថា តើ​តុលាការ​នឹង​សម្រេច​បែប​ណា”។

កាលពី​ម្សិលមិញ លោកស្រី កែវ ម៉ាលី បាន​បដិសេធ​ថា ​ខ្លួន​គ្មាន​សាហាយ​ស្មន់​​ជាមួយ​ឧត្ដម​​សេនីយ៍​​ដែល​ជា​នាយក​ទីចាត់ការ​ការ​ងារ​ព្រំដែន​រូប​នេះ​ឡើយ ហើយ​លោកស្រី​​​​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០.០០០ដុល្លារ។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​នឹង​មិន​អត់​ឱន​ឲ្យ​មនុស្ស​​នេះ​ឡើយ។ ខ្ញុំ​បាន​សុំ​ឲ្យ​មនុស្ស​នេះ​ធ្វើ​​ការ​​​បក​ស្រាយ​ចំពោះ​​សារ​ដែល​​គាត់​បាន​បង្ហោះ​​​តាម​ហ្វេស​ប៊ុក ប៉ុន្តែ​គាត់​មិន​ព្រម ហើយ​គាត់​​បាន​​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ភ័ស្តុតាង​​​បញ្ជាក់​ថា ខ្ញុំ​មាន​សាហាយ​ស្មន់​ជាមួយ​ឯកឧត្ដម សុជាតិ។ ខ្ញុំ​បាន​ប្រាប់​​ឲ្យ​មេធាវី​ខ្ញុំ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៥០០.០០០​ដុល្លារ​។ ខ្ញុំ​គិត​ថា វា​មិន​ច្រើន​​ពេក​ទេ ពីព្រោះ​ខ្ញុំ​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​មនុស្ស​នេះ​បាន​បំផ្លាញ​កិត្តិយស​ខ្ញុំ”។

​ចំណែក​ឯ​លោកស្រី មុំ ម៉ានុត ភរិយា​របស់​ឧត្ដម​សេនីយ៍​រូប​នេះ​បាន​បញ្ជាក់​ថា លោកស្រី​​ពិត​ជា​បាន​ស្នើ​សុំ​ឲ្យ​លោក ព្រំ សាន ជួយ​មែន ហើយ​មាន​ប្រសាសន៍​ថា លោកស្រី​សង្ស័យ​ថា​​ស្វាមី​របស់​លោកស្រី​ផិត​ក្បត់​​ខ្លួន​ដោយ​សារ​តែ​រូប​ថត​​ដែល​​​ស្វាមី​បាន​បង្ហោះ​តាម​អុីន​ធើណិត​បង្ហាញពី​រូប​លោក [សៀក សុជាតិ​] និង​លោកស្រី កែវ ម៉ាលី នៅ​ជាមួយ​គ្នា​​”។

លោក​ស្រី​បាន​បន្ត​ថា “​ខ្ញុំ​មិន​ច្បាស់​ថា ប្ដី​ខ្ញុំ​​​ពិត​ជា​មាន​សាហាយ​ស្មន់​ជាមួយ​លោកស្រី កែវ ម៉ាលី មែន ​ឬក៏​អត់​ទេ។ ប៉ុន្តែ​ខ្ញុំ​​បាន​ឃើញ​រូប​ថត​ប្ដី​ខ្ញុំ និង​លោកស្រី កែវ ម៉ាលី នៅ​ជាមួយ​គ្នា​ នៅ​ពេល​ពួកគាត់​​​​ទៅ​ស្នាក់​នៅ​ខេត្ត​កំពត​ពីរ​បី​ថ្ងៃ​​”។ លោកស្រី​​បាន​បញ្ជាក់​​ថា​​លោកស្រី​ក៏​​បាន​រង​ការ​​ចោទ​ប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ដែរ​ក្នុង​សំណុំរឿង​នេះ​ ហើយ​លោកស្រី​នឹង​ចូល​រួម​សវនាការ​​នៅ​ថ្ងៃ​ច័ន្ទ​​តាម​ការ​កោះ​ហៅ​របស់​តុលាការ​។

ទោះ​​ជាយ៉ាង​ណា​ក្តី ឧត្តម​សេនីយ៍ឯក​ សៀក សុជាតិ មិន​​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ទាក់​ទិន​​បញ្ហា​នេះ ៕ សុខុម​​​​​​​​​​

The post ការបង្ហោះសារតាមហ្វេសប៊ុកធ្វើឲ្យ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួង ព័ត៌មានជាប់បណ្ដឹងឡើងតុលាការ appeared first on ខេមបូឌា ដេលី.