ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង លោក កឹម សុខា បង្ហាញទស្សនៈ ខុសគ្នាជុំវិញសេចក្តីរាយការណ៍អំពីការ ច្របាច់បក្សបញ្ចូលគ្នា

នៅ​​​ក្នុង​​​ពិធី​​​គម្រប់​​​ខួប​​​បី​​​ឆ្នាំ​​​នៃ​​​ការ​​​សោយទិវង្គត​​​របស់​​​ ព្រះករុណា ​ព្រះបាទ​​​ សម្តេច​ ព្រះនរោត្តម​​​ សីហនុ ​​​ព្រះបរមរតនកោដ្ឋ​ ​​​កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ បាន​​​បង្ហាញទស្សនៈ​ខុស​គ្នា​ទាក់ទិន​នឹង​​​​សេចក្ដី​​​រាយការណ៍​​​ព័ត៌​​​មាន​​​ដែល​​​ចុះ​​​ផ្សាយ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​គណបក្ស​​​ហ្វុ៊នស៊ិនបិុច កំពុង​​​ពិចារណា​​​ចំពោះ​ការ​រួម​​​បញ្ចូល​​​គ្នា​​​។​​​

កាល​​​ពីថ្ងៃ​​​ពុធ​​​ ពេល​ស្ថិតនៅក្នុងតំបន់អឺរ៉ុប​ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ច្រាន​​​ចោល​​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ដែល​​​ថា លោក​​​មាន​​​គម្រោង​​​ជួប​​​ជាមួយ​​​ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​រួម​​​បញ្ចូល​​​គ្នា​​​​​​ ដោយ​​​លោក​ចាត់​​​ទុក​​​លទ្ធភាព​​​នេះ​​​ថា ជា​​​ ” រឿង​​​ឥត​​​ប្រយោជន៍​​​”។

ប៉ុន្តែ ព្រះអង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ ដែល​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​​​​​​​របស់​​​ព្រះអង្គ​បាន​​​ធ្លាក់​​​ប្រជាប្រិយ​​​ភាព​​​ជាលំដាប់​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​កន្លង​​​មក​​​នេះ​​​ បាន​​​មាន​បន្ទូល​បន្ទាប់​​​ពី​​​ពិធី​​​គម្រប់​​​ខួប​​​បី​​​ឆ្នាំ​​​នៃ​​​ការ​​​សោយ​​​ទិវង្គត​​​របស់​​​ព្រះបិតា​​​ព្រះ​​​អង្គ​​​ថា ព្រះ​​​អង្គ​​​នឹង​​​បើក​​​ចំហ​​​ចំពោះ​​​ការ​​​ចង​​​សម្ពន្ធ​​​ភាព​​​ជាមួយ​​​លោក សម រង្ស៊ី ប្រសិន​​​បើ​​​ព្រះអង្គ​​​ទទួល​​​បាន​​​ការ​​​អញ្ជើញ​​​សុំ​​​ជួប​​​ពិភាក្សា​​​គ្នា។

ព្រះ​​​អង្គ​​​ម្ចាស់​​​​​​បាន​​​មាន​​​បន្ទូល​​​នៅ​​​ឯ​​​ដំណាក់​​​របស់​​​ព្រះ​​​អង្គ​​​ក្នុង​​​​​ខណ្ឌ​​​ចំការ​​​មន​​​ថា “ខ្ញុំ​​​ស្វាគមន៍​​​ ប៉ុន្តែ​​​សូម​​​ធ្វើ​​​លិខិត​​​​​​បញ្ជាក់​​​ថា គាត់​ [លោក សម រង្ស៊ី] ​​​​និង​​​​លោក កឹម សុខា មាន​​​បំណង​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​ខ្ញុំ​​​”។ ព្រះ​​​អង្គ​​​ម្ចាស់​​​បាន​​​បន្ថែម​​​ថា “គាត់​​​មិន​​​បាន​​​និយាយ​​​ដូច្នេះ​​​ទេ ប៉ុន្តែ កាសែត​​​រស្មី​​​កម្ពុជា​​​បាន​​​ចុះផ្សាយ​​​អំពី​​​ការ​​​រួម​​​បញ្ចូល​​​គ្នា​​​ ហេតុ​​​ដូច្នេះ​​​យើង​​​ចាត់​​​ទុក​​​ថា វា​ជា​​​ពាក្យ​​​ចចាមអារ៉ាម​​​​​​។ ខ្ញុំ​​​ចង់​​​ឮ​​​ចេញ​​​ពី​​​មាត់​​​​​គាត់​​​ជា​​​មុន​​​សិន​​​”។

ពេល​​​ថ្លែង​​​ទៅកាន់​​​អ្នកយក​​​ព័ត៌មាន​​​នៅ​​​ឯទីស្នាក់​​​ការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ លោក កឹម សុខា ដែល​​​កំពុង​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង ​​​ពេល​​​លោក​​​ សម រង្ស៊ី អវត្ត​​​មាន​​​ បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​ក្លាយ​​​ជា​​​គណបក្ស​​​ដែល​​​មាន​​​ការ​​​បង្រួប​​​បង្រួម​​​ពីភាគីផ្សេង​ៗ​​​ ប៉ុន្តែ​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺជា​​​ជំហរ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ដែល​​​ថា យើង​​​ចង់​​​ប្រមូល​​​ផ្តុំ [ប្រជា​​​ពល​​​រដ្ឋ] ឲ្យ​​​រួប​​​រួម​​​គ្នា​​​។ ជំហាន​​​ទី​​​១​​​របស់​​​យើង​​​ គឺ​​​ប្រមូល​​​អ្នក​​​ប្រជា​​​ធិបតេយ្យ​​​ជា​​​កម្លាំង​​​ដើម្បី​​​ការ​​​ផ្លាស់​​​ប្តូរ​​​ និងការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ និង​​​ដើម្បី​​​​​​​​​នាំសុខ​​​សន្តិភាព​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​”។

មុន​​​ពេល​​​ពន្យល់​​​ថា គណបក្ស​​​របស់​​​លោក​​​​មិន​ត្រូវ​​​​ចូល​​​រួម​​​ជាមួយ​​​បុគ្គល​​​ណា​​​ដែល​​​អាច​​​បំផ្លាញ​​​បក្ស​​​​​​ពីខាងក្នុង​ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​យើង​​​គ្មាន​​​ការ​​​បង្រួប​​​បង្រួម​​​ជាតិ យើង​​​គ្មាន​​​ស្ថិរ​ភាព​​​នោះ​​​ទេ ហេតុដ​​​ូច្នេះ​​​គ្មាន​​​ការ​​​អភិវឌ្ឍ​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​ឡើយ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “​​​នៅ​​​ក្នុង​​​គោល​​​នយោបាយ​​​របស់​​​យើង យើង​​​ប្រមូល​​​ផ្តុំ​​​កម្លាំង​​​ប្រជា​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​អស់​​​ ប៉ុន្តែ យើង​​​មិន​​​ចេះ​​​តែ​​​ប្រមូល​​​អ្នក​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខូច​​​ប្រយោជន៍​​​ប្រជា​​​ធិបតេយ្យ​​​នោះ​​​ឡើយ​​​។ យើង​​​ត្រូវ​​​តែ​​​ពិនិត្យ​​​មើល​​​ថា តើ​​​មាន​​​ខ្មូត​​​ដែល​​​​​​​​​​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​ខូច​​​កម្លាំង​​​ប្រជា​​​ធិបតេយ្យ​​​ដែរ​​​​ឬ​​​អត់​​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក កឹម សុខា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​​​គណបក្សសង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​​តាម​​​ទូរស័ព្ទ​​​ថា គណបក្ស​​​ប្រឆាំង​​​បើក​​​ចំហ​​​ចំពោះ​​​ការ​​​រួម​​​បញ្ចូល​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​ហ្វុ៊នសិុនបុិច ប្រសិនបើ​​​ កាលៈទេសៈ​​​មក​​​ដល់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជំហរ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​មែន​​​កំណត់​​​សម្រាប់​​​តែ​​​គណបក្ស​​​ហ្វុ៊នសិុនបុិច​​​ទេ យើង​​​មាន​​​គោល​​​នយោបាយ​​​បង្រួប​​​បង្រួម​​​អ្នក​​​រាជានិយម​​​ និង​​​អ្នក​​​ប្រជា​​​ធិបតេយ្យ។ យើង​​​ចង់​​​ប្រាប់​​​ថា យើង​​​រក្សា​​​ជំហរ​​​បង្រួប​​​បង្រួម​​​ ប៉ុន្តែ វា​​​អាស្រ័យ​​​លើ​​​ពេល​​​វេលា និង​​​កាលៈទេសៈ។ យើង​​​កំពុង​​​តែ​​​សិក្សា​​​ពី​​​អ្វី​​​ដែល​​​ [ព្រះអង្គម្ចាស់ នរោត្តម​ ​រណឫទ្ធិ]​​​ ​មាន​​​បន្ទូល​​​”។​

ព្រះអង្គម្ចាស់​​​ នរោត្តម រណឫទ្ធិ និង​​​គណបក្ស​​​ប្រឆាំង​​​របស់​​​លោក សម រង្ស៊ី បាន​​​រួម​​​កម្លាំង​​​គ្នា​​​សម្រាប់​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​១៩៩៨​​​ និង​​​​​​ឆ្នាំ​​​២០០៣ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ជាប់​​​គាំង​​​​​​​​ទាំង​​​ពីរ​​​លើក​​​ ពេល​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ ដែល​​​មិន​​​អាច​​​បង្កើត​​​រដ្ឋាភិបាល​​​បាន​​​នោះ​​​ មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​។

ប៉ុន្តែ ព្រះអង្គម្ចាស់​​​បាន​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​លោក សម រង្ស៊ី ទាំង​​​ពីរ​​​លើក ដោយ​​​យល់​​​ព្រម​​​ទទួល​​​យក​​​តំណែង​​​មួយ​​​ចំនួន​​​ធំ​​​នៅ​​​ក្នុង​​​ជួរ​រដ្ឋាភិបាល​​​​សម្រាប់​​​គណបក្ស​​​របស់​ព្រះ​​​អង្គ​​​​​​ ជា​​​ផ្នែក​​​នៃ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​បង្កើត​​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ក្នុង​​​នោះ​​​រួម​​​ទាំង​​​តំណែង​​​ជា​​​ប្រធាន​​​រដ្ឋ​​​សភា​​​សម្រាប់​​​ព្រះ​​​អង្គ​​​​ផ្ទាល់​​​ផង​​​ដែរ៕ដោយស៊ុយឈាង​

The post ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង លោក កឹម សុខា បង្ហាញទស្សនៈ ខុសគ្នាជុំវិញសេចក្តីរាយការណ៍អំពីការ ច្របាច់បក្សបញ្ចូលគ្នា appeared first on ខេមបូឌា ដេលី.