ក្មេងប្រុសអាយុ១៤ឆ្នាំត្រូវចាប់ខ្លួនពីបទ ចាប់រំលោភក្មេងស្រីជិតខាងអាយុ១២ឆ្នាំ

មន្ត្រី​​នគរ​បាល​មួយ​រូប​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ចាប់​រំលោភ​​ក្មេង​ស្រី​ជិត​ខាង​អាយុ​១២​ឆ្នាំ​ម្នាក់​នៅ​ក្នុង​​​​​ចម្ការ​ដំឡូង​មី​មួយ​កន្លែង​ក្នុង​ខេត្ត​ដំបង​កាល​ពីថ្ងៃ​ពុធ បន្ទាប់ពី​ល្បួង​​ក្មេង​ស្រី​រង​​គ្រោះ​ឲ្យ​​ចាក​​​​ចេញពី​ផ្ទះ​​​របស់​នាង​។​​​

​​លោក លី រុំ ​អធិការ​រង​ស្រុក​សំពៅ​លូន​ បាន​មាន​ប្រសាសន៍​​ថា ក្មេង​ប្រុស​ដែល​​ជាប់​​សង្ស័យ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​​របស់​ខ្លួន​​​ក្នុង​ឃុំ​សិរីមាន​ជ័យ ស្រុក​សំពៅលូន កាល​ពី​​រសៀល​​ម្សិលមិញ ហើយ​បាន​សារភាព​ថា ​ខ្លួន​​ពិត​ជា​បាន​​រំលោភ​ក្មេង​ស្រី​រងគ្រោះ​មែន​។

លោក​​បាន​គូស​បញ្ជាក់​ថា “​នៅ​ម៉ោង​ប្រហែល​១២​ [ថ្ងៃ​ត្រង់​] ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ចាក​ចេញ​ពីផ្ទះ​ទៅ​លេង​អ្នក​ជិត​ខាង​នៅ​ចម្ងាយ​ប្រហែល​៤០ម៉ែត្រ​ ហើយ​ទុក​ឲ្យ​កូនស្រី​របស់​ខ្លួន​នៅ​តែ​ម្នាក់ឯង​។ ដោយ​មិន​នឹក​ស្មាន​ដល់​ ក្មេង​ប្រុស​​រូប​នេះ​បាន​ទៅ​ដល់​​ [ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ​] ​ហើយ​បាន​ល្បួង​​ឲ្យ​ក្មេង​ស្រី​រងគ្រោះ​ទៅ​លេង​​ចម្ការ​ដំឡូង​​ក្បែរ​នោះ​។ ក្មេង​ស្រី​រងគ្រោះ​បាន​យល់ព្រម​ទៅ​ជាមួយ​ជន​សង្ស័យ​ដោយ​សារ​តែ​ជន​សង្ស័យ​សន្យា​ឲ្យ​​លុយ​​នាង​​​តាម​ដែល​នាង​ចង់​បាន​”។

​​លោក​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូប​នេះ​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​នៅ​​​ក្នុង​ចម្ការ​នោះ ហើយ​ពួកគេ​ទាំង​ពីរ​​ក៏​បាន​ត្រឡប់​មក​ភូមិ​របស់​ពួកគេ​​វិញ​រៀងៗ​ខ្លួន​។ ម្ដាយ​របស់​ក្មេង​ស្រី​រងគ្រោះ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ឃុំ​ បន្ទាប់ពី​ត្រឡប់​ទៅ​ផ្ទះ​​វិញ​​ ហើយ​​​សង្កេត​​ឃើញ​កូនស្រី​របស់​ខ្លួន​​ធ្លាក់​ឈាម​​​​។ “​នៅ​ពេល​ស្ត្រី​ជា​ម្ដាយ​ទៅ​​ដល់​ផ្ទះ​ គាត់​ឃើញ​កូនស្រី​របស់​​គាត់​ហាក់​ដូច​ជា​តក់​ស្លុត​​ និង​មាន​ឈាម​ប្រឡាក់​សម្លៀក​បំពាក់​របស់​នាង​។ គាត់​​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ក៏​ចាប់​​ផ្ដើម​សួរនាំ​​កូនស្រី​របស់​គាត់​”។

លោក​​បាន​លើក​ឡើង​​​ទៀត​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន​​កាលពី​រសៀល​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​បញ្ជូន​​​ទៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ ហើយ​បាន​សារ​ភាព​​នៅ​ទីនោះ​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ​មែន​។ “​នគរ​បាល​​ក៏​បាន​​រក​​ឃើញ​ខោ​​​ប្រឡាក់​ឈាម​របស់​ជន​រងគ្រោះ​ដែរ​”។ លោក​បាន​បន្ត​ថា ក្រោយ​មក ​​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ ចំណែក​ឯ​ជន​រងគ្រោះ​​​ត្រូវ​បាន​​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​មើល​ថែ​​ទាំ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​មួយ​។

លោក វ៉ន វណ្ណរ៉ា នាយការិយាល័យ​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​ នៃ​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាលា​​ដំបូង​ខេត្ត​​​នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ពីបទ​ចាប់​រំលោភ​អនីតិជន៕ សុខុម​​​​​​​​

The post ក្មេងប្រុសអាយុ១៤ឆ្នាំត្រូវចាប់ខ្លួនពីបទ ចាប់រំលោភក្មេងស្រីជិតខាងអាយុ១២ឆ្នាំ appeared first on ខេមបូឌា ដេលី.