ដាញ់ ម៉ូនីកា បើ​សិន​ជា​មាន​ពេល​នឹង​ចូល​សម្ដែង​សារ​ជា​ថ្មី​


ដាញ់ ម៉ូនីកា បើ​សិន​ជា​មាន​ពេល​នឹង​ចូល​សម្ដែង​សារ​ជា​ថ្មី​

អតីត​តួឯក​ស្រី​ក្នុង​រឿង “ទុំ​ទាវ” អ្នកនាង ដាញ់ ម៉ូនីកា បាន​ប្រាប់ Sabay ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក​ពី​ប្រទេស​អូស្ត្រាលី​មក​ថា ​នាង​មានការ​​នឹករលឹក​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់​គ្នា​ណាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​ម្ដាយ​កូន​ពីរ​នោះ​បាន​បន្ថែម​ថា ​បើ​សិន​ជា​មាន​ឱកាស​នាង​នឹង​ចូល​សំដែង​ម្ដង​ទៀត។

 

ដាញ់ ម៉ូនីកា បើ​សិន​ជា​មាន​ពេល​នឹង​ចូល​សម្ដែង​សារ​ជា​ថ្មី​

 

“បើ​សិន​ជា​មាន​ពេល​ខ្ញុំ​នឹង​សម្ដែង​ហើយ​ក៏​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ ដែល​ពួកគាត់​នៅតែ​ស្រឡាញ់​ចូលចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ភ្លេច​ដែល​ថា​ខ្ញុំ​មាន​ថ្ងៃនេះ​ក៏​ដោយសារ​សិល្បៈ​នេះ​ដែរ។” តារា​ទឹកភ្នែក​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ចុង​ឆ្នាំ​ក្រោយ​នេះ​ នាង​នឹង​មក​លេង​ប្រទេស​កំណើត​វិញ ​ដែល​ជា​លើក​ទី​៣ ព្រោះ​តែ​ចាំ​ឲ្យ​​កូន​ទើប​នឹង​សម្រាល​ធំ​បន្តិច​សិន។

 

តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​បាន​បញ្ជាក់​ពី​ជីវភាព​រស់នៅ​ទឹកដី​នាយ​សមុទ្រ​នោះ​ថា ​រាល់ថ្ងៃ​ជីវិត​នាង​មាន​សុភមង្គល​ណាស់ ទោះ​មិន​បាន​ចេញ​ធ្វើការ​នៅ​ផ្ទះ​មើល​តែ​កូន​ក្ដី ព្រោះ​បាន​ស្វាមី​ស្រលាញ់​នាង និង ​កូន​ៗ​ទាំងពីរ​ខ្លាំង​ណាស់។

 

ដាញ់ ម៉ូនីកា បើ​សិន​ជា​មាន​ពេល​នឹង​ចូល​សម្ដែង​សារ​ជា​ថ្មី​

រូបភាព​កូន​ស្រី​-ប្រុស​របស់​ ដាញ់ ម៉ូនីកា

 

មូលហេតុ​ដែល​មិន​បាន​ធ្វើការ​អ្វី​នោះ​ត្រូវ​បាន  ម៉ូនីកា  បកស្រាយ​ថា៖ “ស្វាមី​ខ្ញុំ​គាត់​ជា​អ្នក​ធ្វើការ​ហើយ ដូចនេះ​ត្រូវ​មាន​ម្នាក់​នៅ​ផ្ទះ​មើល​ថែ​កូន​ៗ។”

 

គួរ​រំឭក​ថា ស្ថិត​ក្នុង​វ័យ ២៤ ឆ្នាំ តារា​សម្ដែង​ក្ដោប​បាន​តំណែង​តួឯក​ជា​បន្តបន្ទាប់ នាង ដាញ់ ម៉ូនីកា បាន​ទទួល​យក​នូវ​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អាណិក​ខ្មែរ​អូស្ត្រាលី​គឺ ​លោក ប៊ុន ថែល ដែល​មាន​វ័យ​ជិត​ ៤០ ​ឆ្នាំ នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១០។ បន្ទាប់ពី​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ភ្លាម​ពួកគេ​ក៏​បាន​ហោះ​ឆ្ពោះ​ទៅ​កាន់​ទឹកដី​អូស្ត្រាលី​តែ​ម្ដង។ បច្ចុប្បន្ន​នាង​បាន​បង្កើត​បាន​កូន​ស្រី​ដ៏​គួរឲ្យ​ស្រលាញ់​ម្នាក់​ឈ្មោះ jasmine ​អាយុ ៥ ឆ្នាំ​ និង​ កូន​ប្រុស​​ម្នាក់​ទៀត​ អាយុ​ជាង ១ ខែ ឈ្មោះ Harrison៕

 

 

ដាញ់ ម៉ូនីកា បើ​សិន​ជា​មាន​ពេល​នឹង​ចូល​សម្ដែង​សារ​ជា​ថ្មី​

 

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ គណនី facebook ដាញ់ ម៉ូនីកា