អ្នកដំណើរ​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ កើនឡើង​ស្រឺ​ត​ៗ​ជាង​52​លាន​នាក់

ប្រទេស​ថៃ ៖ បរិមាណ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ ប្រទេស​ថៃ បាន​កើនឡើង​ជិត​១៣%​ក្នុង​ឆ្នាំ​២០១៥ បើ​គិត​ត្រឹម​ខែកញ្ញា ពោល​គឺ​មាន​ចំនួន​៥២,៤​លាន​នាក់ ។

តួលេខ​ផ្លូវការ​ដែល​ចេញផ្សាយ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​ដ៏​ខ្លាំងក្លា​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ថៃ គឺ​មាន​លក្ខណៈ​ពិសេស ចំណែក​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​មានដំណើរ​ការ​ធម្មតា ។

ជនបរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ បាន​បង្ហាញ​ពី​ការ​កើនឡើង​យ៉ាង​គំហុក​ប្រមាណ​ជា​១៥,៥% ឬ​ស្មើនឹង​បរិមាណ​៤៣,៩​លាន​នាក់ ។

ចំណែក​អ្នកដំណើរ​ក្នុងស្រុក​វិញ​កើនឡើង​ត្រឹមតែ​០,៣៤% ឬ​ស្មើនឹង​៨,៤៣​លាន​នាក់​ប៉ុណ្ណោះ ។ ហេតុផល​មាន​កំណើន​តិចតួច​បែប​នេះ មួយ​ផ្នែក​ដោយសារ​តែ​ពួក​គេ​ផ្លាស់​ប្តូរ​គោលដៅ​ធ្វើ​ដំណើរ​តាម​ព្រ​លាន​យន្តហោះ​ដ​ន​មឿង​វិញ ដែល​ជាទី​តាំង​បម្រើ​ឲ្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​ក្រុង​បាងកក​ផង​ដែរ ។ ម្យ៉ាងទៀត ព្រ​លាន​យន្តហោះ​នេះ​បាន​ដើរតួ​នាទី​នៅ​ក្នុង​ការ​ផ្គាប់ចិត្ត​អ្នកដំណើរ​ទាំងឡាយ​ដែល​ត្រូវការ​តម្លៃ​ធូរ​ថ្លៃ​។

បរិមាណ​អ្នក​ធ្វើ​ដំណើរ​ជាក់ស្តែង​ដែល​ប្រើប្រាស់​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ ក្នុងអំឡុងពេល​ជាង​១០​ខែ​នេះ គឺ​លើស​ចំណុះ​ដែល​គេ​បាន​រចនា​ឡើង​តម្រូវការ​អ្នកដំណើរ​៤៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំទៅ​ទៀត នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ព្រ​លាន​យន្តហោះ​នេះ​បាន​ប្រែ​ក្លាយជា​ទីតាំង​ផ្ទុក​អ្នកដំណើរ​យ៉ាងច្រើន​លើសលប់ ។

ការ​កើន​ឡើងជា​បន្តបន្ទាប់​នៃ​បរិមាណ​អ្នកដំណើរ​តាម​អាកាស​សរុប​ទាំងអស់​នៅ​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ បាន​កំណត់​យ៉ាង​ច្បាស់​ពី​ការ​ហោះ​ឡើង និង​ចុះ​ចត​បាន​កើនឡើង​៦,១២% ។

ចំណែក​ការ​ធ្វើ​ដំណើរ​របស់​ជើងហោះហើរ​អន្តរជាតិ​ឆ្លងកាត់​ព្រ​លាន​យន្ដហោះ​នេះ​កើនឡើង​៧,០៩% ស្មើនឹង​២៤២.៩៥៣​ជើង ខណៈ​បរិមាណ​ក្នុងស្រុក​កើន​២,៨១% ឬ​ស្មើនឹង ៦៧.៩១៤​ជើង ។

ចំណែក​ជើងហោះហើរ​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ ស្ទើរ​នៅ​ទ្រឹង​ផង​ដែរ គឺ​កើនឡើង​ត្រឹមតែ​០,៧៥% ឬ​ស្មើនឹង​បរិមាណ​ទំនិញ​១,២៨​លាន​តោន​ប៉ុណ្ណោះ ដែល​ឆ្លុះ​បញ្ចាំង​ពី​លក្ខខណ្ឌ​សេដ្ឋកិច្ច​ស្ពឹក​តែ​ម្តង ។

ចំពោះ​ការ​ដឹក​ជញ្ជូន​ជា​លក្ខណៈ​អន្តរជាតិ​វិញ​សម្រេច​បាន​ចំនួន​១,២៤​លាន​តោន​កើន​០,៧១% ខណៈ​ក្នុងស្រុក​កើន​២,០៨% ឬ​ស្មើនឹង​៤០.៥៨៦​តោន ។

លោក Sirote Duangratan អ្នកគ្រប់គ្រង​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ លើក​ឡើង​ថា ៖ «​ទោះជា​យ៉ាងណា ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​ចាប់ផ្តើម​ពី​ខែតុលា គឺ​មាន​កំណើន​យឺត​ជាង​មុន​៩,៧% ក្នុង​បរិមាណ​អ្នកដំណើរ​ឆ្លងកាត់​» ។

គិត​ត្រឹម​ខែ​មុន ចាប់តាំងពី​ការ​បើក​ប្រតិបត្តិការ​របស់​ខ្លួន​៩​ឆ្នាំ​មកនេះ ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ជាង​៤០០​លាន​នាក់ ។

អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​បាន​កែប្រែ​ថ្មី​នូវ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ ព្រ​លានយន្តហោះ​សុវណ្ណ​ភូមិ​ឱ្យ​ក្លាយជា​ច្រក​ផ្លូវ​អន្តរជាតិ​មួយ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​សម្រាប់​អ្នកដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ៕