ចាប់​យុវជន​ស្ទាវ​២​នាក់​បង្កហិង្សាឱ្យរបួស និងយកដាវសាមូរ៉ៃដេញកាប់

ខេត្តកណ្តាល ៖ ជន​ដៃដល់​២​នាក់ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ធ្វើការឃាត់ខ្លួន​បាន​​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ហិង្សាទៅ​​លើ​យុវ​ជន​ម្នាក់​ ​បណ្តាល​​ឱ្យ​រងរបួស​​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​០៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​​បរិវេណ​វត្ត​​កៀនស្វាយក្រៅ ក្នុងភូមិ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ហួ​ន វាសនា អាយុ​២១​ឆ្នាំ និង​២-​ឈ្មោះ​យស រតនៈ អាយុ​២១​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​វិ​ន ឆ​វ៉ា​ន់ អាយុ​២២​ឆ្នាំ ជា​អ្នក​បើករថយន្ត​នៅ​ខេត្តសៀមរាប ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​បាន​ដើរទៅលេងនៅ​ក្នុង​វត្ត​កៀនស្វាយក្រៅ ​ហើយ​បាន​​ឡើង​​ទៅ​លើ​ឆាក​​ប្រគំ​តន្ត្រី​​មួយ ​​​ដើម្បី​ជួប​មិត្តភក្តិ​ជា​អ្នកលេង​ភ្លេង ។ មួយ​សន្ទុះក្រោយមក​ ជន​រង​គ្រោះក៏​​ចុះ​មក​វិញ ភ្ញាក់ផ្អើលថា ​បាត់​ស្បែក​ជើង ពេលនោះ​​ក៏​នាំ​គ្នា​ដើរ​រក ។ ស្រាប់តែ​មាន​​ជន​ដៃដល់​ទាំង​២​នាក់ខាងលើ ​បាន​ស្ទុះ​​ហក់​​មក​វាយ​​ទៅ​លើ​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​របួសតែម្តង ដោយគេមិន​ដឹងថា មានរឿងអ្វីនោះទេ ។

មិនតែប៉ុណ្ណោះ ជនដៃដល់​​ទាំង​២​នាក់ ​បានរ​ត់ទៅ​យក​ច្រវាក់​មក​វាយ​ថែម​ទៀត ​ធ្វើឱ្យ​ជន​រង​គ្រោះ​​រត់​ទៅ​​ផ្ទះវិញ​ ដើម្បី​ឱ្យ​​ម្តាយ​ជួយ តែ​ត្រូវ​ជន​ដៃដល់​​រ​ត់ទៅ​តាម ព្រម​ទាំង​​កាន់​ដាវ​សា​មូ​រ៉ៃ​ម្នាក់​មួយ​ដេញ​​កាប់​បន្ថែម​ទៀត ទើប​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​​ភូមិ ​ហើយ​ត្រូវ​​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ រួមទាំង​វត្ថុតាង​ផង​ដែ​រ ។