ក្លឹបខេត្តកំពង់ឆ្នាំង ឈ្នះ​មេ​ដាយ​មុន​គេ នៃ​ការ​ប្រកួត​វាយ​សី​ជើង​ឯកថ្នាក់​ជាតិ

ភ្នំពេញ៖ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៥ ដោយមានក្លឹប សមាគមចំនួន១១ ចូលរួម គិតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ ក្លឹបខេត្តកំពង់ឆ្នាំង បានទទួលបានមេដាយមុនគេ ដោយបាន ប្រកួតឈ្នះក្រុមមុនីស្ថាបនា ៣-០ ។

លោកឧត្តមសេនីយ៍ ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា ក្លឹប សមាគមទាំង១១ ដែលចូលរួមនោះមាន មកពីខេត្តកំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ខេត្តព្រះសីហនុ ក្លឹបត្រពាំងស្រែ ក្លឹបមុនីស្ថាបនា ក្លឹបខេមរៈ ក្លឹបព្រះខ័នរាជ ក្លឹបទីចាត់ការបច្ចេកទេសកងយោធពលខេមរភូមិន្ទ ក្លឹបខេត្តកោះកុង និងក្លឹបពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ ចូលរួមមានចំនួន១២៩នាក់ និងកីឡាការិនីចំនួន១៧នាក់ ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះ មានវាយទោលបុរសក្របខណ្ឌ ក-១ វាយគូបុរសក្របខណ្ឌ ក-១ វាយទោលបុរសក្របខណ្ឌ ក-២ អាយុ១៩ឆ្នាំឡើង វាយទោលបុរសអាយុក្រោម១៩ឆ្នាំ ក្របខណ្ឌ ក-២ វាយទោលបុរសអាយុក្រោម១៦ឆ្នាំ វាយគូបុរសអាយុក្រោម១៩ឆ្នាំ ។
វិញ្ញាសាវាយទោលបុរសអាយុក្រោម១៣ឆ្នាំ វាយគូបុរសអាយុក្រោម១៣ឆ្នាំ វិញ្ញាសាវាយទោលនារី វិញ្ញាសាវាយគូនារី និងវិញ្ញាសាប្រកួតជាក្រុម ។ លោក ជាម សុភា បានបន្តថា សម្រាប់ឆ្នាំនេះការប្រកួតជើងឯកជាតិលោកនៅតែបន្តផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងបានចូលរួមច្រើន ព្រោះពួកគេជាថ្នាលបន្តវេនដ៏សំខាន់ ៕

ក្លឹបខេត្តកំពង់ឆ្នាំង ឈ្នះ​មេ​ដាយ​មុន​គេ នៃ​ការ​ប្រកួត​វាយ​សី​ជើង​ឯកថ្នាក់​ជាតិ