មន្ត្រីរដ្ឋបាល​ជលផល​ខេត្តក្រចេះ ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ ក្នុង​មូលដ្ឋាន​ពួកគាត់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាមួយគ្នានេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ទឹកដី​ខេត្តក្រចេះ កើតឡើង​គ្រប់​ទីកន្លែង​ដូចជា នៅ​ភូមិ​ពង្រ ភូមិ​តា​ម៉ៅ ឃុំ​ឈើទាល​ភ្លោះ និង​នៅ​ស្រុក​ព្រែក​ប្រសព្វ ជាដើម​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តក្រចេះ មិន​អនុវត្តន៍​តាម​សេចក្ដីណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នោះទេ​។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឈើទាល​ភ្លោះ ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា​មាន​បែ​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់រយ​កន្លែង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​នៅពេល​មាន​បទបញ្ជា​ពី​ថ្នាក់លើ ទើប​មន្ត្រីរដ្ឋបាល​ជល​ផល​ខេត្តក្រចេះ ធ្វើជា​ទៅ​ចាប់​កូន​ត្រី​ឆ្ដោ​បន្តិចបន្តួច​យកទៅ​ព្រលែង​ចោល​ក្នុង​ទន្លេ​និង​បឹង​វិញ រួច​ថត​ចាក់ផ្សាយ​យក​ស្នាដៃ​ដើម្បី​បិទបាំង​អំពើពុករលួយ​។ ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​ទន្លេមេគង្គ និង​បឹង​ព្រែក​នានា​ក្នុង​ខេត្តក្រចេះ យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​មិន​បង្ក្រាប​នោះទេ​។​

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បែ​ចិញ្ចឹម​ត្រី​ឆ្ដោ មិន​ត្រឹមតែ​គ្មាន​ការថយចុះ​ប៉ុណ្ណោះ​ទេ គឺមាន​ការកើនឡើង​កាន់​តែ​ខ្លាំង​ជាមុន​ថែមទៀត​។ អ្នក​ប្រក​បរបរ​ចិញ្ចឹម​ត្រី​ឆ្ដោ​សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល ចាប់ពី​ថ្នាក់ស្រុក​រហូតដល់​ថ្នាក់​ខេត្ត​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការបង្ក្រាប​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ខេត្តក្រចេះ ជាបន្ទាន់​ព្រោះ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​នោះ​ហើយ ដែលជា​ដើមហេតុ​នាំ​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក​៕

7401
​    ​