អំពើពុករលួយ​របស់​លោក ចាន់ ចេស្ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ត្រូវបាន​លាតត្រដាង​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក ចាន់ ចេស្ដា ជា​ប្រធាន​មន្ទីរ និង​អនុប្រធាន​ម្នាក់ទៀត បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​។ តាមរយៈ​គម្រោង​ផ្សេងៗ​សម្រាប់​ចំណាយ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត ត្រូវ​លោក ចាន់ ចេស្ដា និង​អនុប្រធាន​ម្នាក់​នោះ ក្ដាប់​យ៉ាង​ណែន ចំណែក​អនុប្រធាន​ផ្សេងៗ​ទៀត​ស្ទើរតែ​គ្មាន​ការងារ​ធ្វើ​។ រឿងរ៉ាវ​នេះ​ធ្លាប់បាន​លេចឮ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ផងដែរ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មិនទាន់​ចាត់ការ​តាមច្បាប់​ទៅលើ​លោក ចាន់ ចេស្ដា នៅឡើយ​ទេ​។

ប្រភព​បាន​ឲ្យ​ដឹងថា រាល់​ការចំណាយ​ផ្សេងៗ​ឬ​ប្រាក់​ជំពូក​ផ្សេងៗ ត្រូវ​លោក ចាន់ ចេស្ដា និង​អនុប្រធាន​ម្នាក់ ឃុបឃិត​គ្នា​ចាយវាយ​តាមរបៀប​ពុករលួយ​គ្មាន​តម្លាភាព​ទាល់តែសោះ​។ មន្ត្រី​ថ្នាក់​ការិយាល័យ មិនត្រូវ​បាន​គេ​ឲ្យ​ដឹង​ពី​រឿង​ចំណូល​ចំណាយ​ឬ​គម្រោង​ផ្សេងៗ​ក្នុង​មន្ទីរ​ឡើយ​ដោយ​បុគ្គល ចាន់ ចេស្ដា និង​អនុប្រធាន​ជំនិត​របស់ខ្លួន​ឃុបឃិត​លាក់បាំង​យ៉ាង​ក្រអឺតក្រទម​។ មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងកសិកម្ម​មួយចំនួន​ធ្វើជា​ខ្នងបង្អែក​របស់លោក ចាន់ ចេស្ដា ទើប​បុគ្គល​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក​ប្រធាន ចាន់ ចេស្ដា ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​ហៅ​ទៅ​ណែនាំ​មួយ​លើក​ជា​ពីរលើក​នាពេល​កន្លងមក​ផងដែរ ប៉ុន្តែ​បុគ្គល​នេះ​មិន​ព្រម​លះបង់​អំពើអាក្រក់​របស់ខ្លួន​ឡើយ​។ មិនតែប៉ុណ្ណោះ​បុគ្គល ចាន់ ចេស្ដា និង​អនុប្រធាន​ម្នាក់ទៀត នៅតែ​ឃុបឃិត​គ្នា​បំប៉ោង​ការចំណាយ​នៅក្នុង​មន្ទីរ ហើយ​រាល់​ការចំណាយ​ពុំមាន​តម្លាភាព​ទាល់តែសោះ​។ ហេតុនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ចេស្ដា ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​ទៀត​៕

IMG_8291លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ