ចិនបង្ហាញ ក្តីសង្ឃឹមថា កម្ពុជានឹងចុះសម្រុងគ្នា ក្នុងសង្គមតែមួយ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូចចិន លោកស្រី ប៊ូ ជាំងគូ (Bu Jianguo) បានលើកឡើងថា អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា មានការចុះសម្រុងគ្នាក្នុងការរស់នៅ ក្នុងប្រទេសតែមួយ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសផ្តល់សម្ភារៈការិយាល័យ ដល់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នាទីស្តីការក្រសួង លោក ប៊ូ ជាំងគូ បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា ភាគីចិនតែងតែផ្តល់ជំនួយឧបត្ថម្ភ និងគាំទ្រអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញឲ្យសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាវិវឌ្ឍន៍ទៅមុខ។

លោកស្រីឯកអគ្គរដ្ឋទូត បានបន្តថា “ប្រទេសចិនសង្ឃឹមដ៏ស្មោះថា ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ សេដ្ឋកិច្ចអភិវឌ្ឍន៍ សង្គមទាំងមូលចុះសម្រុងគ្នា និងប្រជាពលរដ្ឋមានសុភមង្គល”។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការបរទេស នឹងជំរុញទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែជិតស្និទ្ធឡើង។ បច្ចុប្បន្នទំនាក់ទំនងនេះ កំពុងតែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា “សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយ របស់ប្រជាជនចិន និងរាជរដ្ឋាភិបាលចិនបានទេ ចិន គឺជាប្រទេសដែលបានធ្វើការវិនិយោគ និងផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធមានស្ពាន ផ្លូវ ថ្នល់។ ថ្មីៗនេះ សុទ្ធសឹងតែជាការវិនិយោគ និងជំនួយរបស់ចិន។ ចិនជាប្រទេសទី១ ដែលបានធ្វើការវិនិយោគរាប់ពាន់លានដុល្លារ ក្នុងវិស័យ ថាមពលវារីអគ្គិសនីនៅកម្ពុជា”។

ព្រមជាមួយគ្នានេះដែរ សម្ភារៈការិយាល័យដែលរដ្ឋាភិបាលចិន បានផ្តល់មកក្រសួងការបរទេស រួមមាន៖ កុំព្យូទ័រលើតុ ៥គ្រឿង , កុំព្យូទ័រ Laptop ២០គ្រឿង , ម៉ាស៊ីបោះពុម្ពឡាហ្សែ ២០គ្រឿង , ម៉ាស៊ីចម្លង ៥គ្រឿង និងសម្ភារៈផ្សេងទៀត សរុបតម្លៃទាំងអស់ចំនួន ៨០ម៉ឺនយ័ន៕

ចិនបង្ហាញ ក្តីសង្ឃឹមថា កម្ពុជានឹងចុះសម្រុងគ្នា ក្នុងសង្គមតែមួយ