គ្រោះថ្នាក់​ចរាចរណ៍ កិន​មនុស្ស​ស្លាប់ នៅ​ក្រុង​តាខ្មៅ

Sanofi

នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើតឡើង​នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់ តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បង្កដោយ​រថយន្ត ១ គ្រឿង​មិន​ស្គាល់​ម៉ាក បាន ជិះ​រេ​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ ដួល​ខ្ទាត​អ្នកបើកបរ​ម៉ូតូ ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។

​សមត្ថកិច្ច​នៅនឹងកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​ខាងលើនេះ បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់ ចំណុចកើតហេតុ​ខាងលើ​មាន​ម៉ូតូ ០១​គ្រឿង​ម៉ាក Suzuki Let’s ពណ៌​ស គ្មាន​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា ហើយ​ម៉ូតូ​បាន​វ៉ា​រថយន្ត​បម្រុង​ទៅមុន ប៉ុន្តែ​រថយន្ត​បាន​រេ​ចង្កូត មក​ខាងឆ្វេង​គេច​គ្រលុក ដែល​នៅ​ខាងស្តាំ​របស់​រថយន្ត​នោះ ក៏​បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ម៉ូតូ ដែល​នៅ​ខាងឆ្វេង​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​អ្នកបើកបរ​ម៉ូតូ ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​តែម្តង រួច​រថយន្ត​បង្កហេតុ​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពៅ ស្រី​រី​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។ ហើយ​សាកសព​ជនរងគ្រោះ ត្រូវបាន​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​។​សុទ្ធ គឹម​សឿន​
​  

Related