​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ព្រះសីហនុ​រង​ការរិះគន់​ថា​មាន​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​រិះគន់ថា​កំពុងមាន​ភាពមិនប្រក្រតី​ព្រោះ​មាន​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​បក្ខពួកនិយម​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​គណនេយ្យ​នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ខាងលើ ខណៈ​ក្រសួង​ធម្មការ និង​សាសនា​មិនបាន​អើពើ​។​

ប្រភពព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ​បាន​រាយការណ៍​ឲ្យ​ដឹងថា លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រធាន​គណនេយ្យ​នៃ​មន្ទីរជំនាញ​ខាងលើនេះ គឺ​លោកស្រី កុក សុខា ដាក់បញ្ចូល​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ខុស​គោលការណ៍​ច្បាប់​។ បើទោះជា​លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ចំពោះ​រឿងអាស្រូវ​ខាងលើនេះ​ក៏ដោយ ក៏​មន្ត្រី​បម្រើការ​នៅ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ថា​បញ្ហា​ខាងលើនេះ​បានកើត​ឡើង​ច្រើន​ឆ្នាំ​មកហើយ​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​មន្ទីរ​។​

​ជុំវិញ​បញ្ហា​នេះ លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ព្រះសីហនុ ក៏ត្រូវ​បាន​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​មន្ទីរ​នេះ​រិះគន់ថា​បាន​អន្តរាគមន៍​ឲ្យ​បងប្អូន​របស់ខ្លួន​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការដែល​គ្មាន​ដំណោះស្រាយ​បញ្ហា​ខាងលើនេះ គឺអាច​បណ្តាលមកពី​ក្រសួង​ធម្មការ និង​សាសនា ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក មិន ឃិន ជា​រដ្ឋមន្ត្រី​ក៏មាន​រឿងអាស្រូវ​ពុករលួយ និង​បក្ខពួកនិយម​ផងដែរ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នៅ​មន្ទីរជំនាញ​តាម​ខេត្ត​៕

មិន-ឃិន-11-07