គណបក្ស​បង្កើត​ថ្មី​អល់អែក​ក្នុង​ការ​ចង​សម្ពន្ធភាព​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

គណបក្ស​នយោបាយ​តូចៗ​ដែល​ទើប​បង្កើត​ថ្មី នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ គណបក្ស​ទាំង​នោះ បង្ហាញ​ទស្សនៈ​ផ្សេងៗ គ្នា​ជុំវិញ​មូល​ហេតុ​មិន​ទាន់​សម្រេច​ចិត្ត​ចង់​សម្ពន្ធភាព​នោះ នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​កម្លាំង​អ្នក​រាជា​និយម និង​អ្នក​ប្រជាធិបតេយ្យ​និយម​រួប​រួម​គ្នា។

​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​យល់​ថា ការ​រួបរួម​កម្លាំង​គ្នា​គឺ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​មាន​លក្ខណៈ​ពិសេស ដើម្បី​ឲ្យ​រួបរួម​គ្នា​ជា​បក្ស​តែមួយ​នៅ​ឡើយ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​បាន​ជជែក​គ្នា​ដែរ ប៉ុន្តែ​លោក​លើក​ឡើង​ថា មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ច្របាច់​ចូល​គ្នា​ជា​បក្ស​តែមួយ ឲ្យ​ឋិតថេរ និង​រឹងមាំ​នោះ គឺ​ត្រូវ​ការ​ជជែក​គ្នា​ពី​រឿង​គុណ​តម្លៃ និង​ពី​រឿង​គោលបំណង និង​គោលការណ៍​វែង​ឆ្ងាយ។

​លោក សាម អ៊ីន៖ «ប្រសិនបើ​គណបក្ស​នីមួយៗ កែទម្រង់​ផ្ទៃក្នុង​អោយ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ អ៊ីចឹង​អាច​ឈាន​ដល់​ការ​រួបរួម​កម្លាំង​គ្នា​បាន​រឹងមាំ តែ​បើ​យើង​គ្រាន់តែ​និយាយ​ថា រួបរួម​គ្នា​នោះ វា​អាច​ចូល​គ្នា​បាន​តែ​មួយ​ភ្លែត ហើយ​ក្រោយ​មក​វា​បែកបាក់​ទៅ​វិញ»

ការ​លើក​ឡើង​នេះ គឺ​នៅ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គណបក្ស​នៅ​តែ​មាន​បំណង​បង្រួបបង្រួម​កម្លាំង​អ្នក​ជាតិ​និយម អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស សន្តិវិធី និង​អហិង្សា។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ដាច់​អហង្ការ​ថា មិន​ចង​សម្ព័ន្ធ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ​ហ៊្វុនស៊ិនប៉ិច នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក សាម អ៊ីន បញ្ជាក់​ថា ការ​ប្រកាស​រួបរួម​របស់​គណបក្ស​នយោបាយ​ខ្លះ​នោះ គឺ​គ្រាន់តែ​ស្រែក​ដើម្បី​ប្រជាប្រិយភាព និង​ចង់​អោយ​គណបក្ស​ដទៃ​ទៀត​ទៅ​ជ្រក​ក្រោម​បក្ស​របស់​ខ្លួន និង​ដើរ​តាម​មេ​បក្ស​ម្នាក់ ឬ​ពីរ​ប៉ុណ្ណោះ។

​ដោយ​ឡែក​ប្រធាន​គណបក្ស "សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ" លោក ម៉ម សូណង់ដូ លើក​ឡើង​ថា ប្រសិនបើ​ចង់​អោយ​លោក​បូក​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ត្រូវតែ​ផ្លាស់ប្ដូរ​មេដឹកនាំ​គណបក្ស គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រោះ​លោក​ដឹង​ថា មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ជិតស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត ហើយ​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ បាន​ទេ។

លោក ម៉ម សូណង់ដូ៖ «មេដឹកនាំ​ទាំង​ពីរ​ហ្នឹង បាន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ហើយ​គាត់​គ្មាន​ភាព​ក្លាហាន​ការពារ​សំឡេង​ឆ្នោត ដែល​ប្រជាពលរដ្ឋ​បោះ​ជូន​នោះ​ទេ ហើយ​ពូ​ក៏​ធ្លាប់​គាំទ្រ​ពេញ​ទំហឹង​ដែរ ប៉ុន្តែ​ខុស​ម្ដង ហើយ​មិន​ចង់​ខុស​ឆ្គង​ជា​លើក​ទី​ពីរ​នោះ​ទេ»

ចំពោះ​គណបក្ស "អំណាច​ខ្មែរ" បង្ហាញ​ជំហរ​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​រួបរួម​គ្នា​នោះ គួរ​តែ​ផ្ញើ​លិខិត​ផ្លូវការ​បញ្ជាក់​អំពី​នីតិវិធី និង​លក្ខន្តិកៈ​អោយ​បាន​ច្បាស់លាស់។

លោក ទេព វីរៈ អ្នក​នាំ​ពាក្យ​គណបក្ស "អំណាច​ខ្មែរ" លើក​ឡើង​ថា ចំណុច​សំខាន់ៗ​ដែល​អាច​រួបរួម​គ្នា​នោះ គឺ​ត្រូវ​ធានា​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ ត្រូវ​លុប​បញ្ជី​ឈ្មោះ​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម បង្កើត​គោលការណ៍​អោយ​ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ជា​ដើម៖ «ប្រសិនបើ​យើង​ចូល​ទៅ​ដើម្បី​ចែក​កៅអី និង​តំណែង​គ្នា មិន​បាច់​មក​និយាយ​ឡោកៗ​ដើម្បី​តែ​ប្រជាភិថុតិ គិត​ថា ខ្លួន​ឯង​ជា​អ្នក​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ អា​ហ្នឹង​គ្រាន់តែ​លេស​នយោបាយ ដើម្បី​អោយ​គេ​មើល​ថា ខ្លួន​ឯង​ល្អ​ទេ ប៉ុន្តែ​ធាតុ​ពិត​មិន​បាន​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ទេ»

​ជាច្រើន​អាណត្តិ​មក​ហើយ គណបក្ស​នយោបាយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ដែល​ស្គាល់​ពន្លឺ​ជ័យជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ហើយ​គណបក្ស​ខ្លះ​ទៀត បាត​បង់​កៅអី និង​មិន​ដែល​ទទួល​បាន​កៅអី​សោះ​នៅ​ក្នុង​រដ្ឋសភា។

​នាយក​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក អ៊ូ វីរៈ វាយ​តម្លៃ​ថា គណបក្ស​តូចៗ​អាច​ចំណេញ​ច្រើន ប្រសិនបើ​រួម​កម្លាំង​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោះ​ថា គណបក្ស​ដែល​បង្កើត​ថ្មី មិន​សូវ​មាន​ឱកាស​ដើម្បី​ឈាន​ទៅ​កាន់​អំណាច​នោះ​ទេ៖ «ការ​រួបរួម​គ្នា គឺ​ដើម្បី​បង្កើន​ឱកាស​ឈាន​ទៅ​ដល់​ការ​កាន់​អំណាច បន្ទាប់​ពី​កាន់​អំណាច​ហើយ ប្រសិនបើ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ គឺ​ដោះស្រាយ​បាន អោយ​តែ​មាន​ឆន្ទៈ និង​គំនិត​ត្រូវ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​ប្រឆាំង​បួន​ប្រាំ ឬ​មួយ​ក៏​គណបក្ស​ប្រឆាំង​មួយ​ធំ មិន​ទាន់​ដោះស្រាយ​បញ្ហា​ជាតិ​ទេ ព្រោះ​អី​គ្មាន​អំណាច»

​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់​ថា មូល​ហេតុ​ដែល​គណបក្ស​ពិបាក​រំលាយ​ចូល​គ្នា​នោះ ដោយសារ​តែ​អ្នក​នយោបាយ​គ្រប់​និន្នាការ តែងតែ​មាន​មោទនភាព​ខ្ពស់​ដោយ​គិត​ថា ខ្លួន​ឯង​មាន​ប្រិយភាព​ហួស​ពី​ការ​ពិត ហើយ​ម្នាក់ៗ​ចង់​ធ្វើ​ធំ​រៀងៗ​ខ្លួន ពោល​គឺ​មិន​សូវ​បាន​ជជែក​យក​គំនិត​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។