អេនឌី ប្ដូរ​មក​ដើរ​តួ​ជា​ព្រាន​នារី


អេនឌី ប្ដូរ​មក​ដើរ​តួ​ជា​ព្រាន​នារី

តារា​ប្រុស អេនឌី បាន​ផ្លាស់​ប្ដូរ​ការ​សម្ដែង​មក​ជា​តួ​ព្រាន​នារី ដែល​ជា​បទ​ពិសោធន៍​លើក​ដំបូង​គិត​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

បទ​ពិសោធន៍​ថ្មី​នេះ លាវ ពិសិដ្ឋ ឬ អេនឌី បាន​រំលេច​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​មួយ​របស់​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ មាន​ចំណង​ជើង​ថា “អវត្តមាន​បង ជីវិត​អូន​រស់​សុខ​គ្រាន់​បើ” ដែល​ទើប​ចេញ​លក់​លើ​ទីផ្សារ​ប៉ុន្មាន​ថ្ងៃ​មុន។ “ពី​មុន​ៗ​មក​ដូច​ជា​ធ្លាប់​ម្ដង​ដែរ​តែ​យូរ​ឆ្នាំ​ហើយ ទើប​តែ​ឥឡូវ​នេះ​ម្ដង​ទៀត មិន​ដឹង​ម៉េច​ម៉ា​ទេ​បង​អើយ…”។ អេនឌី ថ្លែង​ប្រាប់ Sabay។

 

អេនឌី ប្ដូរ​មក​ដើរ​តួ​ជា​ព្រាន​នារី

 

លោក​បន្ត​ថា ដោយ​សារ​តែ​ខកខាន​យូរ ទើប​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លះ រាប់​តាំង​ពី​ការ​ប្រើ​អត្តចរិត និង​ការ​បញ្ចូល​អារម្មណ៍​ជា​ដើម។ ដូច្នេះ​ហើយ តារា​ប្រុស​រូប​នេះ ស្នើ​សូម​អធ្យាស្រ័យ​ជា​មុន ព្រោះ​ជឿ​ថា អាច​នឹង​មាន​ភាព​ឆ្គាំ​ឆ្គង​ខ្លះ។

 

សមិទ្ធផល​ថ្មី​ខាង​លើ​នេះ អេនឌី បាន​ជួប​សម្ដែង​ជាមួយ​ដៃគូ​នា​ពេល​បច្ចុប្បន្ន បេនីយុំាង ដោយ​ពួក​គេ​បាន​សម្ដែង​ឈុត​ស្និទ្ធស្នាល​មួយ​ចំនួន​ក្នុង​នាម​ជា​គូ​សង្សារ។ ប៉ុន្តែ​ជា​មួយ​គ្នា​​នេះ លោក​ក៏​លួច​មាន​ស្នេហា​ជាមួយ​នារី​ផ្សេង​ទៀត។ តាម​តារា​ប្រុស​សាច់​ចាំ​រូប​នេះ ប្រាប់​ថា ឈុត​នីមួយៗ គឺ​មាន​សភាព​ស្និទ្ធស្នាល​ខ្លាំង ​ដូច​ជា​ឈុត​ថើប​មាត់​គ្នា​ជា​ដើម។ លោក បញ្ជាក់​​ថា តាម​ពិត​មាន​ឈុត​ស្និទ្ធស្នាល​ជា​ច្រើន​ទៀត ប៉ុន្តែ​ត្រូវ​បាន​កាត់​ចោល​វិញ​ខ្លះ។

 

អេនឌី ថ្លែង​ថា “ប្រហែល​ជា​ក្រសួង​គេ​អត់​អោយ​ចេញ​ហើយ​បង ព្រោះ​បាត់​ប្លង់​មួយ​ចំនួន។ និយាយ​ទៅ​ស្ដាយ​ដែរ ព្រោះ​ខំ​ថត​សឹង​អី ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច មាន​តែ​តាម​ហ្នឹង”។

 

អេនឌី ប្ដូរ​មក​ដើរ​តួ​ជា​ព្រាន​នារី

 

 

អេនឌី ប្ដូរ​មក​ដើរ​តួ​ជា​ព្រាន​នារី

អេនឌី និង​មិត្ត​រួម​អាជីព និង​បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី(រូប​ថត​៖ ផ្ដល់​ដោយ អេនឌី)

 

លោក អេនឌី បច្ចុប្បន្ន​កំពុង​ជាប់​បេសកកម្ម​នៅ​ទឹក​ដី​ប្រទេស​អូស្ត្រាលី​ជាមួយ​តារា​ស្រី​ពីរ​ដួង​ទៀត គឺ ចេន សាយ​ចៃ និង ធី ណាតា ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា។ លោក និង​មិត្ត​រួម​អាជីព​ទាំង​ពីរ​បន្ត​ស្នាក់​អូស្ត្រាលី​ចំនួន​៤០​ថ្ងៃ ដើម្បី​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​នេះ។

 

លោក បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ពួក​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​អំឡុង​ចុង​ខែ​តុលា​នេះ ឬ​យ៉ាង​យូរ​ដើម​ខែ​វិច្ឆិកា ២០១៥៕

 

អត្ថបទ៖ ទារិកា