ក្រោន ប៉ះ ប៉ូលិស ខណៈ៤ក្រុមទៀតប្រជែងគ្នាដោយប្រយោល

ក្រុមភ្នំពេញ​ក្រោន ត្រូវ​វិល​មក​ជួប​ក្រុម​អគ្គស្នង​ការនគរបាល​ជាតិ​(ប៉ូលិស) នៅ​​ថ្ងៃ​សៅរ៍ ដើម្បី​បន្ត​ប្រជែង​ជាមួយ​ក្រុម​បឹង​កេតអង្គរ ដែល​ត្រូវ​ជួបក្រុមវេស្ទើន នៅ​ថ្ងៃ​អាទិត្យ ខណៈក្រុមណាហ្គាវើល និង​ខេមបូឌានថាយហ្គឺរ ត្រូវ​ប្រជែង​គ្នា​ដោយ​ប្រយោល ហើយ​ក្រុមក្រសួង​ការពារជាតិ និង​​ក្រុម​ស្វាយ​រៀង ដែល​មាន៣២​ពិន្ទុ​ស្មើ​គ្នា ក៏​ត្រូវ​ប្រជែង​គ្នា​ដោយ​ប្រយោល ដើម្បី​ស្វែង​រកឱកាស​ឡើង​ទៅ​តំបន់ Top4 ផង​ដែរ។
1
នៅ​ពេលនេះ​ក្រុម​ភ្នំពេញ​ក្រោន កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​មាន​៤៨ពិន្ទុ ខណៈ​ប៉ូលិស ឈរ​នៅ​លេខ​រៀង​ទី​៣​មាន​៣៥ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ណាហ្គាវើល ហេតុនេះ​ការ​វិល​មក​ជួប​គ្នា​លើក​នេះ​ទាំង​ក្រោន និង​ប៉ូលិស សុទ្ធ​តែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន។

ភ្នំពេញ​ក្រោន បាន​ដាក់​គោល​ដៅ​យ៉ាង​ច្បាស់​ថា ត្រូវតែ​យក​ឈ្នះលើ​ក្រុម​ប៉ូលិល​ឲ្យ​បាន ព្រោះ​​ការ​ទទួលបាន​៣ពិន្ទុ​លើក​នេះ វា​នឹង​ជួយ​ឲ្យ​ក្រោន នៅ​មានឱកាស​ប្រជែង​គ្នា​ដោយ​​ប្រឈម​ជាមួយ​បឹងកេត ក្នុងការ​ប្រកួត​លើក​ទី​២២​ចុង​ក្រោយ ដើម្បី​ប្រជែងយកលេខ​១ ប៉ុន្តែ​បើភ្នំពេញ​ក្រោន ចាញ់​ឬបន្ត​ស្មើ​ជាមួយ​ក្រុម​ប៉ូលិសទៀត​នោះ ក្រោន នឹង​លែង​មានឱកាសប្រជែង​ជាមួយ​បឹង​កេត ទៀតហើយ ព្រោះ​ការ​ប្រកួត​លើក​នេះ បឹង​កេត ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​អាច​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ដែល​ពួក​គេ​ធ្លាប់​លត់ ៩-៥ ជាថ្មី​ម្តង​ទៀត។
2
ចំណែក​ក្រុម​ណាហ្គាវើល ក្រុម​ខេមបូឌានថាយហ្គឺរ ដែល​មាន​៣៤ពិន្ទុ និង​ក្រុម​ក្រសួង​ការពារជាតិ ក៏មាន​ភាគ​ច្រើន​​​រៀងៗ​ខ្លួន ក្នុង​ការឈ្នះ​បាន​៣ពិន្ទុ​ផង​ដែរ ព្រោះ​ការ​​ប្រកួត​លើក​នេះ​ក្រុម​ណាហ្គាវើលត្រូវជួប​ក្រុម​បាត​តារាងគិរីវង់​សុខសែន​ជ័យ ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ៣-០ ក្នុង​ជើង​ទី១ ខណៈ​ក្រុមខេមបូឌានថាយហ្គឺរ ត្រូវ​ប៉ះ​ក្រុម​មជ្ឈមណ្ឌលកំចាត់​មីន​កម្ពុជា ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ៣-១ ហើយ​ក្រុមក្រសួង​ការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប ដែល​ពួក​គេ​ធ្លាប់ផ្តួល ៤-២។ ប៉ុន្តែ​ក្រុម​ស្វាយ​រៀង មិន​ទាន់ប្រាកដ​ថា អាច​យក​ឈ្នះ​លើ​ក្រុម​បៀល​ប្រាយ ដែល​ពួក​គេធ្លាប់​ឈ្នះ ៣-១ ក្នុង​ជើង​ទី​១​​​ទៀតនោះ​ឡើយ។

កម្ម​វិធី​ប្រកួតនៅ​ថ្ងៃសៅរ៍

  • ភ្នំពេញ​ក្រោន v ប៉ូលិស ម៉ោង ១៨:០០ នៅកីឡដ្ឋាន RSN
  • គិរីវង់សុខសែន​ជ័យ v ណាហ្គាវើល ម៉ោង ១៥:៣០ ពហុកីឡដ្ឋាន​ជាតិ
  • បៀលប្រាយ v ស្វាយ​រៀង ម៉ោង ១៨:០០ នៅ​ពហុកីឡដ្ឋាន​ជាតិ
  • ក្រសួងការពារជាតិ v អាស៊ីអឺរ៉ុប ម៉ោង ១៥:៣០ នៅ​ស្តាតចាស់

កម្ម​វិធី​ប្រកួតនៅ​ថ្ងៃ​អាទិត្យ

  • បឹង​កេតអង្គរ v វេស្ទើន ម៉ោង ១៥:៣០ នៅស្តាត​ចាស់
  • ខេមបូឌានថាយហ្គឺរ v មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ម៉ោង ១៥:៣០ នៅ​កីឡដ្ឋាន​វេស្ទើន