របាយការណ៍​៖ អត្រា​មរណភាព​មាតា និង​ទារក នៅ​ឆ្នាំ​២០១៤ មាន​ចំនួន ១៧០​នាក់ ក្នុងចំណោម ១​សែន​នាក់​

ភ្នំពេញ: របាយការណ៍​នៃ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០១៤ ដែល​បាន​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​បង្ហាញថា អត្រា​មរណភាព​មាតា និង​ទារក នៅ​កម្ពុជា បាន​ថយចុះ​ពី ៤៧២ នាក់ ស្លាប់ ក្នុងចំណោម​ទារក​កើត​រស់ ១​សែន​នាក់ នៅ​ឆ្នាំ​២០០៥ មក​នៅត្រឹម ១៧០ នាក់​ស្លាប់ ក្នុងចំណោម​ទារក​កើត​រស់ ១​សែន​នាក់ នៅ​ឆ្នាំ​២០១៤​។​

​របាយការណ៍ លើកឡើងថា អត្រា​មរណភាព​មាតា និង​ទារក ថយចុះ នៅពេលនេះ ដោយសារ​មាតា​ទទួលបាន​សេវា​សុខភាព​បន្ត​ពូជ​បាន​ប្រសើរ​ជាង​មុន ហើយ​ការ​សម្រាលកូន​ស្ទើ​តែ ៩០​ភាគរយ ត្រូវបាន​បង្កើត​ដោយ​មន្ត្រី ដែលមាន​ជំនាញ និង​ស្ត្រី ៣​ភាគ ៤ បានទទួល​ការពិនិត្យ​ផ្ទៃពោះ​យ៉ាងតិច ៤​ដង មុនពេល​សម្រាល​។

​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០១៤ បាន​បានធ្វើ​ឡើងលើ​គ្រួសារ​ជិត ១៦.០០០ គ្រួសារ ដោយ​សម្ភាសន៍​លើ​ស្ត្រី និង​បុរស ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំ ដល់ ៤៩ ឆ្នាំ​។ ក្នុងនោះ សម្ភាសន៍​ស្ត្រី​ជាង ១៧០.០០០ នាក់ និង​បុរស​ជាង ៥.០០០ នាក់ នៅក្នុង​ភូមិ​គោលដៅ​ចំនួន ៦១១ ភូមិ នៅ​ទូទាំងប្រទេស​៕​