កូន​​អកតញ្ញូសុំ​លុយ​ឪពុក​​ទៅ​ថៃ​​មិន​បាន ​ទាញ​កាំបិត​ដេញ​កាប់​ឪពុកអាយុ៧០ឆ្នាំ​

ខេត្ត​កំពត ៖ ​យុវជន​​ម្នាក់​ឈ្មោះ សួង​ អ៊ឹម អាយុ​៣០​ឆ្នាំ ​នៅ​ភូមិ​ដំណាក់​ក្រឡាញ់​ខាង​លិច ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់​​ត្រាច ​ត្រូវ​បាន​នគរ​បាល​​ស្រុក​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥ តុលា ​ខណៈ​​យុវជន​រូប​នេះ​ផឹក​ស្រា​ស្រវឹង​​ទាញ​កាំ​បិត​ដេញ​កាប់​ឪ​ពុក​​ឈ្មោះ ប៉ែន ឯម អាយុ​៧០​ឆ្នាំ និង​បង​ប្រុស​​របស់​ខ្លួន ​ព្រម​ទាំង​​ដុត​ផ្ទះ​ ​តែ​មិន​បាន​សម្រេច ​។

​​លោក​តា​រង​គ្រោះ​​​អាយុ​៧០​ឆ្នាំ​ ត្រូវ​ជា​​ឪពុក​ជន​ដៃ​ដល់​ បាន​រៀប​រាប់​ថា ​​កូន​ប្រុស​គាត់​តាំងពីវិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ​តែង​តែ​​រករឿង​អ្នក​ផ្ទះ​ជាប់​ជានិច្ច​ ​ហើយ​មុន​ពេល​កើត​ហេតុ​ កូនប្រុស​បាន​សុំ​លុយ​គាត់​ចំនួន៣០​ម៉ឺន​រៀល​ទៅ​ថៃ​វិញ ប៉ុន្តែ​មិន​ដឹង​ទៅ​ដល់​ត្រឹមណា​​ក៏​បាន​​វិល​មក​វិញ​​ហើយ​​អុក​ឡុក​​​ក្នុង​ផ្ទះ​ដោយ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ និង​​សុំ​​​​លុយ​១០០​ដុល្លារ​ទៀត តែ​គាត់​​ទាំង​ពីរនាក់ប្តីប្រពន្ធ​ចាស់ៗ​ហើយ ​​​ឯ​​ប្រពន្ធ​គាត់​ដើរ​មិន​រួចផង​ មិន​​​ដឹង​ជា​រកលុយ​ឯណា​​​ឱ្យ​កូន​ ​ស្រប​ពេល​ដែល​ផឹក​ស្រា​ស្រវឹង​ផង​​ បាន​​​រក​​រឿង​ដោយ​​​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ដេញ​កាប់​គាត់​ និង​បងប្រុស ​​​ព្រម​ទាំង​​ដុត​ផ្ទះ​ឆេះ​​បាន​បន្តិច​ ​អ្នក​ជិត​ខាង​​នាំ​គ្នា​ជួយ​ពន្លត់​​​ទាន់​ពេល ។

​​ក្រោយ​កើត​ហេតុ ​នគរ​បាល​​​​បាន​ចុះ​ឃាត់​ខ្លួន​នាំ​មក​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​ដើម្បីសួរនាំ​ ​ដោយ​​មាន​ការ​​សង្ស័យ​​ក៏​​យក​ទឹកនោម​​​ធ្វើការ​ពិសោធ​​​ ​​ទើប​ដឹង​ថា ​​​​​មាន​សារ​ធាតុ​​ញៀន​ក្នុង​ខ្លួន ។

​​ជន​សង្ស័យដៃ​ដល់​​​ខាង​លើ ត្រូវ​បាន​នគ​រ​បាល​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕