ព្រឹកមិញ​សម្តេចតេជោ ​ហ៊ុន សែន ​ទទួលជួបមន្រ្តីគ្រប់គ្រង​កិច្ចការរដ្ឋបាល​នៃអង្គការ UNDP

ទីក្រុងប៉េកំាង​៖ នៅលើបណ្តាញទំនាក់ទំនងសង្គម​ ( Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ​ ​មានអត្ថន័យ ទំាងស្រុងដូចតទៅ៖ "​​ នៅព្រឹកមិញនេះ ​នៅសណ្ឋាគារ ​Raffles Hotel សម្តេចតេជោ ហ៊ុន សែន​ អនុញ្ញាតឲ្យ ​លោកស្រី Helen Clark ​មន្រ្តីគ្រប់គ្រង​កិច្ចការរដ្ឋបាល អង្គការ​កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ​ចូលជួបសំដែងការគួរសម ​និងពិភាក្សាការងារ​អំពីទិសដៅសំខាន់ៗ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយ​ភាព ក្រីក្រ។

លោកស្រី Helen ​បានសម្តែងការអបអរសាទរ​ចំពោះកម្ពុជា ​ដែលបានចូលរួមចំណែក​យ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ ​​ដែលកំពុងធ្វើអោយ​ប្រទេស​ជាតិរីកលូត លាស់មកទល់សព្វថ្ងៃ ។​ សម្តេចតេជោ ​បានមានប្រសាសន៍​បញ្ជាក់អំពីកម្ពុជាដែល​កំពុងអភិវឌ្ឍលើគោលដៅ​នៃការអភិវឌ្ឍសហស្សវត្សរ៍របស់ ​UN ។ កម្ពុជា​មិនត្រឹមតែ អនុវត្តគោលដៅ​ទាំង៨ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ​បានបន្ថែម​ការបោសសំអាតមីន ​និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ជាគោលដៅថ្មីដែល​មិនបានចែង​ក្នុង​គោលដៅអភិវឌ្ឍន៍ សហសវត្ស៍របស់UN ។​ កាលពីពេលប្រជុំ​ UN ក្នុងខែកញ្ញា​កន្លងទៅ ​​គឺបណ្តាមេដឹកនាំពិភពលោក​បានឯកភាពដាក់ចេញនូវ​ការអភិវឌ្ឍប្រកបដោយចីរភាព​ក្រោយឆ្នាំ២០១៥ ដែលមាន១៧គោលដៅ ​។ កម្ពុជានៅតែបន្តដាក់គោលដៅ​នៃការបោសសំអាតគ្រាប់មីន ​​និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជារៀបវារៈ​នៃការអភិវឌ្ឍប្រទេសជាតិ​ ប្រកបដោយ និរន្តរភាព។

សម្តេចតេជោ ​ហ៊ុន សែន ​ បានស្នើឲ្យ UNDP​ បន្តជួយដល់ការ​បោសសំអាតគ្រាប់មីន ​និងយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះនៅកម្ពុជា។ លោកស្រី Hellen ​បានជម្រាបជូន​សម្តេច តេជោ ​អំពីទិសដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពរបស់កម្ពុជាដែលត្រូវមានការ​ចូលរួមតាំងពីកម្រិតថ្នាក់ជាតិរហូតដល់​ថ្នាក់ក្រោមជាតិ ។ UNDP ​និងបន្តចូលរួមសហការ ដាំដើមឈើឡើងវិញនៅកម្ពុជា ​​ពិសេសជំរុញសហប្រតិបត្តិការត្បូង-ត្បូង​ អោយមាននិរន្តរភាព។ ​លោកស្រី Helen​ ក៏បានជំរាបជូនសម្តេចតេជោ ​អោយជួយជំរុញ សមភាពយ៉េនឌ័រ ​លើការលើក​កម្ពស់ និងគាំពារស្រ្តី។

ជានិច្ចជាកាលរាជរដ្ឋាភិបាល​កម្ពុជាតែងតែផ្តល់អាទិភាពលើ​បញ្ហាសមភាពយ៉េនឌ័រ (Gender) ។ កម្ពុជាបានរៀបចំឲ្យ​មានកូតាពីថ្នាក់ជាតិរហូត​ដល់ថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះដែរ​ កម្ពុជាបានបញ្ជូនកងថែរក្សា​សន្តិភាពជាស្រ្តីទៅចូលរួម​ប្រតិបត្តិការសន្តិភាពរបស់ UN​។ កម្ពុជាកំពុងយកចិត្តទុក​ដាក់យ៉ាងខ្លាំងក្នុងការកសាង​សមភាព​ស្រ្តី​ដើម្បីដើរតួនាទីជាមេដឹកនាំ។​ កម្ពុជានឹងបន្តធ្វើការជាមួយនិង​ UNDP ​ទៅលើបញ្ហាសមភាព(Gender) ​​ទាំងក្នុងកម្រិតតំបន់និងអន្តរជាតិ។ ​នៅពេលដ៏ខ្លីខាងមុខនេះ ​សម្តេច​តេជោ ហ៊ុន សែន​ នឹងជួបប្រធានាធិបតីបារាំង​ដើម្បីពិភាក្សាគ្នាទៅ​នឹង​បញ្ហាបម្រែបម្រួល​អាកាស​ធាតុ ។​ កម្ពុជានឹងបន្តចូលរួមវិភាគទាន​ទៅលើបញ្ហានេះ​ និងបញ្ហាបរិស្ថាន​ផងដែរ ​។ សម្តេចតេជោ​ ក៏បានស្នើដល់ UNDP​ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ​ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ "។