កម្ពុជា​-​ឥណ្ឌា នឹងចុះហត្ថលេខា​លើ MOU រួម​គ្នា​​ ទាក់ទង​វិស័យ​អាកាសចរណ៍​ស៊ី​វិល

រាជធានី​ភ្នំពេញ​ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ឥណ្ឌា ​គ្រោង​នឹង​ចុះហត្ថលេខា​លើ MOU រួម​គ្នា​មួយ​ ទាក់ទង​វិស័យ​អាកាសចរណ៍​ស៊ី​វិល​ ខណៈដែល​ការ​ចុះហត្ថលេខា​នោះ​នឹង​ត្រូវធ្វើ​ឡើង​រវាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ី​វិល ​និង​ក្រសួង​អាកាសចរណ៍​ឥណ្ឌា​ ។

នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ​ម៉ៅ ហាវ​ណ្ណា​ល់​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​​ស៊ី​វិល ​បន្ទាប់​ពី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក Maveen Srivatara ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​​ស៊ី​វិល​ ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ (MOU) រវាង​រដ្ឋាភិបាល​ទាំង​ពីរ​យើង​បាន​រៀបចំ​រួចរាល់​អស់ហើយ ហើយ​ត្រូវ​ដាក់​ឆ្លង​ពិភាក្សា​ចុង​ក្រោយ​មុន​ចុះហត្ថលេខា​ ព្រោះ​អនុស្ស​រណៈ​ខាងលើ​នេះ​ ​មាន​លក្ខណៈ​បច្ចេកទេស​ ។ លោក​​បាន​បញ្ជាក់​ថា ​ភាគី​ឥណ្ឌា​គេ​អត់​ចាប់អារម្មណ៍​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ជាតិ​នោះ​ទេ​ ព្រោះ​​​ទាមទារ​ពេលវេលា​ស្រាវជ្រាវ​យូរ​ពេក ​។ ​ដូច្នេះ​គេ​ចង់​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដោយ​ផ្ទាល់​ ខណៈ​ដែល​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​កំពុង​ធ្វើ​សកម្ម​ភាព​ជាក់ស្តែង​នៅ​កម្ពុជា​ទាក់ទិន​​ទៅ​នឹង​អាកាសចរណ៍​ស៊ី​វិល ។

លោក ម៉ៅ ហាវ​ណ្ណា​ល់​ បាន​បញ្ជាក់​ថា ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ ប៉ុន្តែ​ភាគច្រើន​ពួក​គាត់​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​បែប​សាសនាព្រះពុទ្ធ ​ដូច​ជា​ពិធីបុណ្យ​ធម្ម​យាត្រា​ជាដើម​ ។​ ដូច្នេះ​សំខាន់​ណាស់​ ដែល​កម្ពុជា​និង​ឥណ្ឌា​ ត្រូវ​មាន​កិច្ចសហការ​ ឬ​ការ​ព្រមព្រៀង​គ្នា​មួយ​លើ​វិស័យ​អាកាសចរណ៍​ស៊ី​វិល ​ពិសេស​ការ​បង្កើត​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ទាំង​កម្ពុជា​និង​ឥណ្ឌា​ ។

​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា ​ការងារ​ទាក់ទង​វិស័យ​អាកាសចរណ៍​ស៊ី​វិល ​រវាង​កម្ពុជា​និង​ឥណ្ឌា​នេះ​ គឺ​ភាគី​ទាំង​ពីរ​នឹង​ខិតខំ​ជំរុញ​ឲ្យ​បាន​​ឆាប់​បំផុត ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ភាគី​ទាំង​ពីរ​ទាំង​កម្ពុជា​និង​ឥណ្ឌា​ ៕