ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ជាទី​សក្ការៈ​ របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ​ដ៏​ពូកែស័ក្តិសិទ្ធិ (មានវីដេអូ)

ខេត្តសៀមរាប ៖ គឺជា​ក្រុង​បុរាណ​ប្រវត្តិសាស្ត្រនា​សម័យ​អង្គរ ហើយ​បាន​និង​កំពុង​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរ​​លើ​ពិភពលោក ដោយ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្បូរ​ទៅ​ដោយ​​សម្បត្តិវប្បធម៌ដ៏​សម្បូរ​បែប ព្រម​ទាំង​តំបន់​រមណី​យដ្ឋា​ន​ធម្មជាតិ ​មាន​ប្រាង្គ​ប្រាសាទបុរាណ រមណីយដ្ឋាន​ភ្នំ​គូលែន​ និង​បឹង​ទន្លេសាប ​ជា​ដើម ​។

ក្រៅពី​រមណីយ​ដ្ឋា​ន វប្បធម៌ និងធម្មជាតិ​ទាំងនេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​​មក​ពី​បណ្តា​រាជធានី/ខេត្ត ​គឺ​​​​​មិន​អាច​បំភ្លេច​បាន​នូវ​ព្រះ​បារមី​ដ៏​​ពូកែស័​ក្តិ​សិទ្ធិ​នៅ​លើ​ទឹកដី​ប្រ​​វត្តិសាស្ត្រ ទាំង​ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ ​ទាំង​ភ្ញៀវ​ជាតិ-អន្តរជាតិ បានចូល​ទៅ​​​ប្រតិបត្តិ​គោរព​បូជា​បារមី​ព្រះ​នាង​ចេក ​ព្រះ​នាង​ចម និង​លោកយាយ​ទេព នៅ​មុខ​ព្រះរាជ​ដំណាក់នៃ​ខេត្តសៀមរាប  ។

ក្នុង​ឱកាស​​នៃ​ពិធី​​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥​នេះ អ្នក​សារព័ត៌មាន​បាន​សង្កេត​ឃើញ​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ​មាន​មនុស្ស​ម្នា​​​ក្មេង​​ចាស់ ទាំង​ក្នុង​ខេត្ត ក្រៅ​ខេត្ត សំខាន់​ភ្ញៀវ​ទេសចរ​បរទេស ក៏​បាន​អញ្ជើញ​ចូល​ទៅ​បូជា​ថ្វាយ​នូវ​ភួងផ្កា ទៀន ធូ​ប ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ និង​ដើម្បី​សុំ​​សេចក្តីសុខ​សប្បាយ ជូន​ដល់​ក្រុម​គ្រួសារ បងប្អូន កូនចៅ​របស់​ខ្លួន និង​​​ការងារ​​រក​ស៊ី​ជួញ​ដូរ​ផ្សេងៗ​ទទួល​​ផល​កម្រៃ​ក្នុង​ការ​​ផ្គិត​ផ្គង់​​សេដ្ឋកិច្ច​ក្រុម​គ្រូ​សារ នៅ​ពេល​ពួក​គាត់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​​ឋាន​​​របស់​ខ្លួន​វិញ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា នា​សម័យ​រាជ​កាល​ស្តេច​ត្រាញ់ ដាប ឈួ​ន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​​អាណានិគម​បារាំងសេស លោក​បាន​គោរព​ប្រតិបត្តិ​បំផុត ចំពោះ​ព្រះ​នាង​ចេក ​ព្រះ​នាង​ចម ក្នុង​ការ​ធ្វើ​សឹង​សង្គ្រាម ហើយ​តែង​ទទួល​បាន​ជោគជ័យ ដោយ​លោក​បាន​លើក​ព្រះ​អង្គ​ទាំង​ពីរ​យក​ទៅ​ជាមួយ​ទៀត​ផង ។  តែ​ដោយ​ទឹកចិត្ត​ម​ហិ​ច្ឆតា​នៃ​អំណាច​របស់​សេ្ត​ច​ត្រាញ់​ ដាប ឈួ​ន  ដែល​មាន​ផែនការ​ក្បត់​ព្រះករុណា ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នោះ​ ទើប​ព្រះ​អង្គ​ទាំង​ពីរមិន​បាន​ជួយ​ឡើយ ។ 

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្រុម​ពួក​ទាហាន​អាវ​ខ្មៅ បាន​ដាក់​គ្រាប់​មីន​កម្ទេច​​ទី​អា​សនៈរបស់​ព្រះ​អង្គ​គ្មាន​សល់ ព្រមទាំង​បាន​ព្យាយាម​យក​រថយន្ត​ដឹក​ព្រះ​អង្គ​ទាំង​ពីរ​ទៅ​ដាក់​កន្លែង​ផ្សេង តែ​រថយន្ត​ទាំងនោះ​​ត្រូវ​ខូច​បើក​ទៅ​មុខ​មិន​​រួច​​ ​ក៏​ត្រូវ​ពួក​វា​យក​ទៅ​ទម្លាក់​​ក្នុង​ទឹកស្ទឹង ។

នៅ​ក្រោយ​ថ្ងៃជ័យ​ជម្នះ​៧មក​រា ១៩៧៩ ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ និងរដ្ឋអំណាច ក្រោយ​ពី​បាន​ពន្យល់​សប្តិដល់​គេ ទើប​នាំ​គ្នា​ទៅ​ស្រង់​ពី​ក្នុង​​ទឹក​ស្ទឹង ដង្ហែ​យក​ទៅ​​តម្កល់​នៅ​ទី​វត្ត​ដំណាក់ ។ ក្នុង​ទស​វត្ស​ឆ្នាំ​៩០ ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត និង​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោក​ជំទាវ បាន​កសាង​​​ព្រះ​វិហារ​ថ្មីនៅ​លើ​ទីតាំង​ចាស់រួច​ហើយ​​​បាន​​ដង្ហែព្រះ​អង្គ​ទាំង​ពីរមក​កាន់​ទីកន្លែង​ដើម​វិញ ដើម្បី​ឲ្យ​​​ប្រជា​ពុទ្ធបរិស័ទគោរព​ប្រតិបត្តិ​រហូត​ដល់​បច្ចុប្បន្ន​នេះ  ហើយ​បងប្អូន​​​ដែល​មាន​​ទុក្ខ​លំបាក​អី្វ​មួយ ឬ​ក៏​នាំ​គ្នា​មក​ឧបកិច្ច​រកស៊ី​អ្វីមួយ តែង​តែ​ទៅ​​​បន់ស្រន់​សុំ​​សេចក្តីសុខ និង​​​ទទួល​បាន​ជោគជ័យ ​ប៉ុន្តែបើ​ទៅ​ប្រកបការងារ​អ្វី​មិន​ស្របច្បាប់​នោះ ​ព្រះ​អង្គ​ក៏​មិន​ជួយ​ដល់​អ្នក​ទាំងនោះ​ដែរ ៕​​

ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ជាទី​សក្ការៈ​ របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ​ដ៏​ពូកែស័ក្តិសិទ្ធិ (មានវីដេអូ)
ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ជាទី​សក្ការៈ​ របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ​ដ៏​ពូកែស័ក្តិសិទ្ធិ (មានវីដេអូ)
ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ជាទី​សក្ការៈ​ របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ​ដ៏​ពូកែស័ក្តិសិទ្ធិ (មានវីដេអូ)
ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម ជាទី​សក្ការៈ​ របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ​ដ៏​ពូកែស័ក្តិសិទ្ធិ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត