ប្រកាសរកក្រុម​ចូល​រួម​ប្រកួត ដណ្ដើម​ពាន​រង្វាន់​ភេសជ្ជៈ Sponsor រដូវ​កាល​ថ្មី

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ភេសជ្ជៈ Sponsor រដូវកាលថ្មីប្រចាំឆ្នាំ២០១៥ ដែលគ្រោងនឹង បើកការប្រកួតផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ បានប្រកាសស្វែងរកក្រុមបាល់ទាត់មិនអាជីពនានា ដែលមានបំណង ចង់ចូលរួមប្រកួត ដើម្បីចុះឈ្មោះចូលរួម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ។

លោក សឹម សានត្រាន អ្នករៀបចំការប្រកួតពានរង្វាន់ Sponsor Futsal Cup បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងរៀបចំ ឡើងកាន់តែធំជាងឆ្នាំមុនទៅទៀតដោយចែកចេញជា៥មណ្ឌលរួមមាន មណ្ឌលរាជធានី ភ្នំពេញ មណ្ឌលបាត់ដំបង មណ្ឌល សៀមរាប មណ្ឌលក្រុងព្រះសីហនុ និងមណ្ឌលកំពង់ចាម ។ ការប្រកួតនេះមិនត្រូវបានកំណត់ចំនួនក្រុមទេ គឺបើកទទួល ក្រុមទាំងអស់ចូលរួមប្រកួតរយៈពេល ២ថ្ងៃតាមរូបមន្តជម្រុះចាញ់ធ្លាក់ៗ រួចជ្រើសរើសយក ២ក្រុមឡើងមកប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

លោកបន្ដថា តាមគម្រោងព្រឹត្តិការណ៍នេះ នឹងបែងចែកការប្រកួតតាមមណ្ឌលនីមួយៗដូចជា មណ្ឌលភ្នំពេញ ត្រូវធ្វើការ ប្រកួតនៅថ្ងៃទី២១-២២ ខែវិច្ឆិកា មណ្ឌលបាត់ដំបង ប្រកួតនៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា មណ្ឌលសៀមរាប ប្រកួតនៅថ្ងៃ ទី០៥-០៦ ខែធ្នូ មណ្ឌលក្រុងព្រះសីហនុ ប្រកួតនៅថ្ងៃទី១២-១៣ ខែធ្នូ និងមណ្ឌលកំពង់ចាម ប្រកួតនៅថ្ងៃទី១៩-២០ ខែធ្នូខាងមុខ ។ រីឯវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំនៅរាជធានីភ្នំពេញ នឹងធ្វើការប្រកួតនៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ ។

ចំពោះប្រាក់រង្វាន់ គឺបែងចែកជា២ប្រភេទ ក្នុងនោះចំណាត់ថ្នាក់លេខ១ និងលេខ២ តាមមណ្ឌលនីមួយៗ លេខ១ ទទួលបានប្រាក់រង្វាន់២លានរៀល និងលេខ២ ទទួលបានប្រាក់រង្វាន់ ១លាន ៦សែនរៀល ។ ចំណែកជយលាភីក្នុង ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ជើងឯកលេខ១ ទទួលបានពាន១ មេដាយមាស១២គ្រឿង និងថវិកា៨លានរៀល ។

លេខ២ នឹងទទួលបានមេដាយប្រាក់១២គ្រឿង និងប្រាក់រង្វាន់៦លានរៀល ។ លេខ៣ ទទួលបានមេដាយសំរិទ្ធ ១២ គ្រឿង និងប្រាក់រង្វាន់៤លានរៀល ខណៈលេខ៤ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត២លានរៀលផងដែរ ។ ចំណែក ប្រាក់រង្វាន់ក្រុមលេងល្អ (Fair-Play) គឺទទួលបាន៥០ម៉ឺនរៀល ដែលសរុបទឹកប្រាក់រៀបចំព្រឹត្តិការណ៍ទាំង មូលប្រមាណ៥០លានរៀលឯណោះ ។

អ្នករៀបចំរូបនេះ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមបំផុសវិស័យកីឡាបាល់ទាត់ហ្វូត លាលនៅកម្ពុជា នឹងបំផុសដល់យុវជនឲ្យងាកមកលេងកីឡា ដើម្បីសុខភាពចៀសឆ្ងាយពីគ្រឿងញៀន នឹងចង់បង្ហាញពីសារៈប្រយោជន៏របស់ភេសជ្ជៈ Sponsor ដែលជាភេសជ្ជៈមួយដែលជួយទ្រទ្រង់សុខភាពសម្រាប់ អ្នកដែលចូលចិត្តលេងកីឡា និងហាត់ប្រាណផងដែរ ៕

ប្រកាសរកក្រុម​ចូល​រួម​ប្រកួត ដណ្ដើម​ពាន​រង្វាន់​ភេសជ្ជៈ Sponsor រដូវ​កាល​ថ្មី

ប្រកាសរកក្រុម​ចូល​រួម​ប្រកួត ដណ្ដើម​ពាន​រង្វាន់​ភេសជ្ជៈ Sponsor រដូវ​កាល​ថ្មី