បើកកាណូត​ទៅ​លក់​ត្រី​បាត់​ខ្លួន​១​យប់​១​ថ្ងៃ​ពេល​រកឃើញ​ជា​សព​ស្លាប់​អណ្តែត​ទឹក​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​អ្នកនេសាទ​ត្រី​ម្នាក់​បាន​ស្លាប់​អណ្តែត​ទឹក​ដោយមាន​ស្នាម​ជាំ​នៅលើ​កញ្ចឹងក ដែល​រូបគេ​បាន​បើកកាណូត​ដឹក​ត្រី​យកទៅលក់​បាត់​ខ្លួន​១​យប់​១​ថ្ងៃ ក្រុមគ្រួសារ និង​អ្នកភូមិ​សង្ស័យថា​មាន​គេ​លួច​វាយ​សម្លាប់ ស្នើសុំ​ដល់​លោកស្នងការ​នគរបាល​ខេត្ត ជួយ​បើក​ការស៊ើបអង្កេត​ផង តែ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ថា​ខ្យល់គរ​លង់ទឹក​ស្លាប់​។ ករណីនេះ​បាត់​ខ្លួន​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ និង​បាន​រកឃើញ​សព​អណ្តែត​ទឹក​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១ ៥ នៅ​ចំណុច​កោះ​រ៉ង ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ ក្រុមគ្រួសារ​បុរស​ជនរងគ្រោះ និង​អ្នកភូមិ​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​ខាងលើ មានឈ្មោះ ស៊ឹម ចាន់​ធឿន អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រុំ សា​គីម អាយុ​៣០​ឆ្នាំ មានកូន​ស្រី​៤​នាក់ រស់នៅក្នុង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ។ មុនពេល​បាត់​ខ្លួន បុរសរងគ្រោះ​បាន​នាំ​ប្រពន្ធ និង​កូន ទៅ​ដេក​នៅលើ​ទូក​ដាក់មង​នៅ​ចំណុចកើតហេតុ​ដែលមាន​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​។ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​កន្លះ គេ​ដាក់មង​បាន​ត្រី​ប្រហែលជា​៥​គីឡូ ហើយ​បាន​បើកកាណូត​យក​ត្រី​ទៅ​លក់​អោយ​ម៉ូយ​ដូច​ធម្មតា ក៏បាន​បាត់​ខ្លួន​ពេញ​១​ថ្ងៃ​មិនឃើញ​ត្រឡប់មកវិញ​។ រហូតដល់​ល្ងាច​ប្រពន្ធ​នៅលើ​ទូក​កន្លែង​ដាក់មង​មិនឃើញ​ប្តី​មកវិញ ក៏បាន​អុំទូក​ដឹក​កូន​ត្រឡប់មកផ្ទះ ដោយ​គិតថា​ប្តី​មិន​ស្រួលខ្លួន​មក​ផ្ទះ​មុន​ទើប​មិន​ទៅ​កន្លែង​ដាក់មង​នោះ​វិញ តែ​ពេលមកដល់​ផ្ទះ​ក៏​មិនឃើញ​ប្តី​ទៀត​។​

​ករណីនេះ​អ្នកដាក់មង​នៅ​ជិត​កន្លែងកើតហេតុ​បាន​ប្រាប់​អោយ​នាង​ដឹងថា​គេ​បានឮ​សម្លេង​ស្រែក​អោយគេ​ជួយ​២​ដង​ដែរ​ហើយក៏​ស្ងាត់​ទៅវិញ​មុនពេល​បាត់​ប្តី​របស់​នាង ហើយ​នាង​ក៏​ប្រាប់​ឪពុកក្មេក ឈ្មោះ ម៉ា សា​រុំ នៅ​ពេលឮ​កូនប្រសារ​ស្រី​មក​ប្រាប់​ដំណឹង​បាត់​ប្តី​ឪពុក​ក៏បាន​នាំ​អ្នកភូមិ​ជិត​១០​នាក់​បើកកាណូត​៣​គ្រឿង​តាមរក និង​បាន​ប្រទះឃើញ​កាណូត​របស់​ជនរងគ្រោះ អណ្តែត​លើទឹក​តែ​មិនឃើញ​ម្ចាស់​គឺ​រក​រហូត​យប់​ងងឹត​តែ​រក​មិនឃើញ ក៏​នាំគ្នា​ដេក​នៅ​ទីនោះ​រង់ចាំ​ភ្លឺ​ឡើង​និង​នាំគ្នា​រក​បន្តទៀត​។ លុះ​ភ្លឺ​ឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ ទើប​ឃើញ​សព​អណ្តែត​ឡើង​ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​សាកសព​បុរសរងគ្រោះ​។​

នៅពេល​ស្រង់​សព​ពី​ក្នុង​ទឹក​មក​ដាក់​លើ​កាណូត ទាំង​សមត្ថកិច្ច​ទាំង​ប្រជាពលរដ្ឋ បាន​ពិនិត្យ​សាកសព​ទាំងអស់គ្នា ដោយបាន​ឃើញ​នៅលើ​កញ្ចឹងក​ជនរងគ្រោះ​មាន​ស្នាម​ជាំខ្មៅ និង​របកស្បែក​ដូចជា​ស្នាម​ត្រូវគេ​វាយ​សម្លាប់ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាងថា ជនរងគ្រោះ​អាច​ខ្យល់គរ​លង់ទឹក​ស្លាប់ មិនមែនជា​រឿង​ឃាតកម្ម​នោះឡើយ​។​

​ករណីនេះ​ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​មិនបាន​អស់ចិត្ត​ឡើយ​ដោយមាន​ការសង្ស័យថា​មាន​គេ​លួច​វាយ​សម្លាប់ ព្រោះ​មុនពេល​ជនរងគ្រោះ​ស្លាប់​១​អាទិត្យ​មុននេះ បុរសរងគ្រោះ​ធ្លាប់​មានការ​ទាស់​ពាក្យសំដី​ជាមួយ​បុរស​២​នាក់ ដែល​កាលណោះ​ពួកគេ​បាន​បើកកាណូត​មក​ទា​ក់មង​ជនរងគ្រោះ​ធ្វើអោយ​រហែក ហើយ​ក៏មាន​ការឈ្លោះគ្នា​យ៉ាងខ្លាំង ក្រោយមក​ភាគី​ដែល​បាន​បើកកាណូត​ទាក់​មង​នោះ បាន​សង​ប្រាក់​ថ្លៃ​ខូចខាត​ទៅអោយ​ជនរងគ្រោះ​ចំនួន​៣​ម៉ឹ​ន​រៀល តែ​ជន​នោះគេ​បាន​បោះពាក្យ​សំដី​ថា​៖​យក​ចុះ​អា​លុយ​ប៉ុ​ណ្តឹ​ង តែ​ហ្អែ​ង​ក៏​មិនបាន​សុខ​ដែរ​..! និយាយ​រួច​គេ​ក៏​បើកកាណូត​ចេញ​បាត់ទៅ​។​ករណីនេះ​ក្រុមគ្រួសារ​បុរសរងគ្រោះ និង​អ្នកភូមិ​ស្នើសុំ​ដល់​លោកស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ជួយ​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ខាងលើនេះ​ដោយ​អនុគ្រោះ​ផង​ចុះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​។​

ក្នុង​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ លោក​យឹម ហ៊ាន នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​កំពង់ព្រះ​គគីរ បានអោយដឹងថា​៖​ករណីនេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក និង​ខេត្ត បានធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ​តាម បច្ចេកទេស ដែល​ពេល​នោះបាន​ពិន​ត្យ​ស្នាមរបួស​រលាត់​នៅលើ​កញ្ចឹងក ដែល​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា បុរសរងគ្រោះ​លង់ទឹក​ស្លាប់ ដោយសារ​ខ្យល់គរ​និង​បាន​ប្រកាច់​អាច​ចំ​សម្រាស់​ឈើ​ក្នុង​ទន្លេ​របួសស្រាល​លើ​កញ្ចឹងក គឺ​មិនមែនជា​ស្នាម​គេ​វាយ សម្លាប់ នោះទេ​។​ម្យ៉ាងទៀត សមត្ថកិច្ច​ស្រាវ​ជាវ​បានដឹងថា បុរសរងគ្រោះ​ធ្លាប់​ប្រកាច់​ម្តងម្កាល​ក្នុងពេល​ច្រូត​សណ្តែក ឬ​ធ្វើការ ងារ​ផ្សេងៗ​កន្លងមក​ដោយសារ​មាន​ជម្ងឺឆ្កួតជ្រូក​៕ រិ​ទ្ធិ ជ័យ​

KA-16-10-2015-08 KA-16-10-2015-07​ ​ ​