បណ្តា​សមាជិក​សភា​គណបក្សប្រឆាំង​កូ​សូ​វ៉ូ​គប់​គ្រាប់​បែកផ្សែង​ពាល​ប្រជុំ

ជា​លើក​ទី​២ រយៈពេល​តែ​១​ស​ប្តា​ហ៍​ដែល​បណ្តា​សមាជិក​សភា​នៃ​គណបក្សប្រឆាំង​កូ​សូ​វ៉ូ ដែល​ប្រឆាំង​នឹង​រាល់​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជាមួយ​ស៊ែរ​ប៊ី​នោះ បាន​គប់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ក្នុង​សភា​នាទី​ក្រុង​ព្រី​ស្ទី​ណា ។ ឧប្បត្តិហេតុ​បែប​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៥ តុលា ។

ពេល​ចាប់ផ្តើម​ប្រជុំ​បណ្តា​សមាជិក​សភា​គណបក្សប្រឆាំង​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ត្រង់​កន្លែង​មួយ ហើយ​បាន​គប់​ប្រអប់​តូច​២ ដែល​បញ្ចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក ។ ពួក​ប្រឆាំង​ខាង​នយោបាយ​របស់​កូ​សូ​វ៉ូ​ចង់​រារាំង​កិច្ចប្រជុំ​របស់​សភា​រហូត​ដល់​សភា​ព្រម​បោះបង់​ចោល​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៣ សំដៅ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ស៊ែរ​ប៊ី និង​កូ​សូ​វ៉ូ អតីត​ដែនដី​ស៊ែរ​ប៊ី មាន​ប្រជាជន​ភាគច្រើន​ជា​ពួក​អាល់​បា​នី ដែល​ទាមទារ​ជា​ឯកតោភាគី​នូវ​ឯករាជ្យ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០០៨ ។

បណ្តា​អ្នកគាំទ្រ​គណបក្ស VETEVENDOSJE ជា​គណបក្សប្រឆាំង​សំខាន់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សភា ដោយ​ទះដៃ​អបអរសាទរ​ដល់​បណ្តា​សមាជិក​សភា​ពួក​គេ​ដែល​នាំ​គ្នា​ចាក​ចេញពី​សភា ។ គណបក្ស VETEVENDOSJE អះអាង​ថា ការ​ចរចា​ជាមួយ​ក្រុង​បែ​ល​ហ្គ្រា​ដ គ្រាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព ដែល​ប្រកាស​កាលពី​ឆ្នាំ​២០០៨​ប៉ុណ្ណោះ ។ ប្រទេស​ស៊ែរ​ប៊ី​ដែល​ពុំ​ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​កូ​សូ​វ៉ូ តែង​ចាត់​ទុក​កូ​សូ​វូ​៉​ជា​ខេត្ត​មួយ​របស់​ខ្លួន​ដដែល ៕