ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់


មានករណីឆក់ខ្សែភ្លើង មួយបានបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងព្រឹក នៅក្នុងភូមិ អូរដូងនៅ ខេត្តកែប ដោយ​សារ​តែ​ការ​គាប​សក់ ដោយ​ខ្លួន​ឯង។
ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់

ស្ត្រីជនរងគ្រោះ ប្រដាប់គាបសក់អគ្គិសនី និងការចុះអន្តរាគមន៍ របស់កងកម្លាំងអាជ្ញាធរ នៅក្រោយពេល​កើតហេតុ។ (រូបថត facebook)

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីឆក់ខ្សែភ្លើងនេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹង​ថា ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលស្ថិតនៅ​ភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បណ្តាលស្ត្រីរងគ្រោះស្លាប់។

ស្រ្តីរងគ្រោះឈ្មោះ ហួយ ម៉ាលី មានអាយុ ៣០ ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែក​មូលហេតុ ដែលបណ្តាលឲ្យឆក់ស្លាប់នោះ ដោយសារតែស្រ្តីរងគ្រោះ ទើបតែចេញពីមុជទឹកហើយ មិនទាន់​ស្ងួតទឹកពីខ្លួន ទើបពេលប្រើប្រាស់ ឧបករណ៍គាបសក់បណ្តាលឲ្យឆក់។

ក្រោយពេលកើតហេតុ រថយន្ដរបស់កងរាជអាវុធហត្ថ បានដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរ​ពេទ្យ​បង្អែកខេត្ដកែប។ ប៉ុន្តែជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់​បាត់​ទៅហើយ ៕