ខឹង​ប្តី​ចោទ​ថា​មាន​ប្រុស​ថ្មី លោត​ពី​លើ​ផ្ទះ​ជាន់​ទី​ពីរ​សម្លាប់​ខ្លួន

ស្រ្តីម្នាក់ ព្រោះតែខឹងនឹងស្វាមី ដែលបានចោទនាងថា មានអ្នកថ្មី ទាំងនាងគ្មានអ្វីសោះនោះ បានសម្រេចចិត្ត​លោត​សម្លាប់​​ខ្លួន ពី​លើ​ផ្ទះ​ជាន់​ទី២ ស្លាប់ភ្លាមនៅនឹងកន្លែង។ ដោយឡែក ស្វាមីស្រ្តីរងគ្រោះ បន្ទាប់ពី​បង្ក​ជម្លោះ រហូត​ប្រពន្ធ​លោត​សម្លាប់​ខ្លួន​រួច បានរត់គេចខ្លួនបាត់ស្រមោល មិនទទួលខុសត្រូវ។
ខឹង​ប្តី​ចោទ​ថា​មាន​ប្រុស​ថ្មី លោត​ពី​លើ​ផ្ទះ​ជាន់​ទី​ពីរ​សម្លាប់​ខ្លួន
ជនរងគ្រោះ ដែលគេជឿថា បានធ្វើអត្តឃាត់ ព្រោះតូចចិត្ត នឹងការចោទរបស់ប្ដីថាខ្លួនមានថ្មី។ (រូបថត monoROOM.info/ H. Vuthy)

ស្រ្តីរងគ្រោះ ត្រូវបាគេស្គាល់ថា ឈ្មោះ ឃិន រដ្ឋា អាយុ២៥ឆ្នាំ បច្ចុប្បន្នជាបុគ្គលិក នៅក្រុមហ៊ុនផែស្ងួតមួយ​ឈ្មោះ ភេង ឡាយ ផ្នែកជំនួយការ។ ស្រ្តីរងគ្រោះ រស់នៅបន្ទប់ជួល ជាមួយស្វាមី ផ្ទះលេខ១២១ ផ្លូវ១៩២ សង្កាត់​ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្តីអ្នករស់នៅ​បន្ទប់ជួលជាប់គ្នានេះ បានឲ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូខាងលើ ឈ្លោះប្រកែកគ្នាខ្លាំងៗ លឺដល់អ្នកជិតខាង។

អ្នកជិតខាងបន្ថែមទៀតថា លឺសម្លេងភាគីស្វាមី ឈ្មោះ ថារី អាយុ៣០ឆ្នាំ ស្រែកខ្លាំងថាឲ្យប្រពន្ធ ចោទ​ប្រកាន់​ថា នាងមានអ្នកផ្សេង ក្រៅពីខ្លួន។ ស្រ្តីរងគ្រោះជាប្រពន្ធ បានអះអាងបដិសេធថា នាងមិនបានធ្វើអ្វី ដូចដែល​ស្វាមីចោទប្រកាន់នោះទេ។ ជម្លោះគ្រួសារនេះ ត្រូវបានអ្នកជិតខាងលឺ តាំងពីម៉ោង១៩ល្ងាច ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០១៥ រហូតដល់ម៉ោង ២៣យប់ថ្ងៃដដែល ទើបស្ងាត់។

ក្រោយពីស្ងាត់ជម្លោះ អ្នកជិតខាងគិតថា ប្រហែលជាប្តីប្រពន្ធមួយគូនេះ និយាយត្រូវគ្នាហើយ បានជាឈប់​ឈ្លោះ តែផ្ទុយទៅវិញ ស្រាប់តែគេឃើញស្រ្តីជាប្រពន្ធ លោតពីលើផ្ទះជាន់ទីពីរ សម្លាប់ខ្លូនបាត់ទៅហើយ។ ក្រោយពីស្រ្តីជាប្រពន្ធស្លាប់ បុរសជាស្វាមីដែលចោទប្រពន្ធនោះ បានរត់គេចខ្លូនបាត់ស្រមោល មិនទទួល​ខុសត្រូវ។

បច្ចុប្បន្នសាកសពស្រ្តីខាងលើ មិនទាន់បានបញ្ជូនទៅស្រុកកំណើត នៅភូមិពោធិវង្ស ឃុំស្វាយលង់ ស្រុក​កណ្តៀង ខេត្តពោធ៍សាត់នៅឡើយទេ ដោយតម្កល់បណ្តោះអាសន្ន នៅវត្តទឹកថ្លា។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​មូលដ្ឋាន នៅរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកស្វាមី និងសាច់ញាតិគ្រួសារ ដើម្បីដោះស្រាយ​តាមផ្លូវច្បាប់ ជូនគ្រួសារជនរងគ្រោះ៕