បុរស​ជាតិ​វៀតណាម​ម្នាក់ ធ្វើ​អត្តឃាត​ពី​លើ​សណ្ឋាគារ​មិន​ដឹង​រឿង

ភ្ញៀវស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ម្នាក់ ត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម បានលោតពី​លើ​សណ្ឋាគារ​ជាន់​ទី​ពីរ ក្នុងគោលបំណងសម្លាប់ខ្លួន។ តែការធ្វើអត្តឃាតនេះ មិនបានសម្រេចទេ ព្រោះត្រូវ​អ្នក​ឃើញ​ហេតុការណ៍ ជួយ​សង្គ្រោះ​ទាន់។
បុរស​ជាតិ​វៀតណាម​ម្នាក់ ធ្វើ​អត្តឃាត​ពី​លើ​សណ្ឋាគារ​មិន​ដឹង​រឿង
ជនជាតិវៀតណាម ដែលលោតធ្វើអត្តឃាត និងទិដ្ឋភាពមើលពីខាងក្រៅ នៃសណ្ឋាគារ ដែលបុរសនេះស្នាក់នៅ។ (រូបថត monoROOM.info/ H. Vuthy)

បុរសខាងលើ ត្រូវបានគេស្គាល់ថាឈ្មោះ ឡុង តុង អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម បានមកស្នាក់នៅ​សណ្ឋាគារ ប៉ាស៊ីហ្វិច តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អស់​រយៈពេល០៥យប់ មកហើយ។ បុរសជនបរទេស ដែលមានបំណងធ្វើអត្តឃាតរូបនេះ បានស្នាក់នៅ បន្ទប់​លេខ ២០៥ ជាន់ទី២ ជាមួយមិត្តភក្កិ​ពីរនាក់ផ្សេងទៀត ម្នាក់ប្រុស និងម្នាក់ស្រី។

តាមសម្តីបុគ្គលិក នៅសណ្ឋាគារខាងលើម្នាក់ឲ្យដឹងថា គ្មានអ្នកណាដឹង ពីមូលហេតុនៃការធ្វើ​អត្តឃាត​នេះ​ទេ។ នាងបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជាមួយមិត្តភក្កិ ចូលបន្ទប់២០៥ ដូច​ធម្មតា។ ស្រាប់តែម៉ោង០៨ ព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០១៥នេះ មានការភ្ញាក់ផ្អើលថា ភ្លៀវបន្ទប់ខាងលើ លោតសម្លាប់ខ្លូន ចេញតាមបង្អួចបន្ទប់ របស់ខ្លូននៅជាន់ទីពីរ។

ករណីនេះ ត្រូវបានអ្នកឃើញហេតុការណ៍ និងសន្តិសុខសណ្ឋាគារ ជួយសង្គ្រោះបុរសខាងលើទាន់ពេល ដោយបញ្ជូនបុរសជាតិវៀតណាម ទៅធ្វើការសង្គ្រោះជាបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។ បន្ទាប់មក ក្រុម​សមត្ថកិច្ចខណ្ឌដូនពេញ បានចុះអន្តរាគមន៍ និងធ្វើការនាំខ្លួន មិត្តភក្កិជនរងគ្រោះពីរនាក់ទៀត បញ្ជូនទៅ​សួរនាំ នៅអធិការដ្ឋាននគបាល ខណ្ឌដូនពេញ ដើម្បីស្រាវជ្រាវរកមូលហេតុ នៃការធ្វើអត្តឃាតនេះ៕