លេង​បាល់​ផុង​ខ្សាច់ ធ្លាក់​ចូល​បឹង​កន្លែង​បូម​ខ្សាច់​លង់​ទឹក​ស្លាប់

យុវតីពីរនាក់មកពីរៀន បានឈៀងចូល លេងបាល់ទាត់ ជាមួយក្មេង​ដទៃ​ទៀត រហូតដល់ផុង​ខ្សាច់​ធ្លាក់ ចូល​ក្នុង​បឹង​ដែល​ជា​កន្លែង​បូម​ខ្សាច់ បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ នៅក្នុងភូមិជ្រោយដង។
លេង​បាល់​ផុង​ខ្សាច់ ធ្លាក់​ចូល​បឹង​កន្លែង​បូម​ខ្សាច់​លង់​ទឹក​ស្លាប់
បឹងបូមខ្សាច់ និងសកម្មភាពសង្គ្រោះ មិនបានសម្រេចរបស់ក្រុមអ្នកភូមិ។ (រូបថត សហការី)

ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នាវេលាម៉ោង១៦ និង៣០​នាទី​រសៀល បានបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល បណ្តោលឲ្យក្មេងស្រីចំនួនពីរនាក់ បាត់បង់ជីវិត។

លោក វង់ សែ អធិការងស្រុកកៀនស្វាយ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេង​ទាំងពីរនាក់នោះ បានមកពីរៀនគួរ ធ្វើដំណើរទៅផ្ទះ។ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ នៅក្បែរផ្លូវ ជាតិ​លេខ១ ក្មេងរងគ្រោះបានចូលទៅលេងបាល់ ជាមួយក្មេងផ្សេងទៀត នៅភូមិជាមួយគ្នា នៅលើគំនរខ្សាច់។ ពេលកំពុងតែលេង ក្មេងស្រីទាំងពីរ បានផុងជើង ចូលក្នុងបឹងរណ្តៅបូមខ្សាច់។

ភ្លាមៗនោះ ក្មេងដទៃដែលឃើញពួកលង់ទឹក តែមិនហ៊ានចុះជួយទេ ព្រោះខ្លាច ចំណែកក្មេងខ្លះទៀត បានរត់​ទៅហៅអ្នកភូមិ ឲ្យមកជួយ។ ក្រោយពេលដឹងរឿង អ្នកភូមិបាននាំគ្នាមកកន្លែងបូមខ្សាច់នោះហើយ បានចុះ​រាវ​រកក្មេងទាំងនោះ ឃើញបានប្រញាប់ប្រញាល់ ហៅរថយន្តដឹកបញ្ជូនពួកគេទៅមន្ទីពេទ្យ កាល់ម៉ែត តែគួរ​ឲ្យសោកស្តាយ ពេលទៅដល់លោកគ្រូពេទ្យ បានប្រាប់ថា ពួកគេបានដាច់ខ្យល់ស្លាប់បាត់ហើយ។

ក្មេងស្រីរងគ្រោះទី១ មានឈ្មោះ លាង សុខហៀង មានអាយុ ១៣ ឆ្នាំមានទីលំនៅ ក្នុងភូមិជ្រោយដង២ ឃុំ​សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកក្មេងស្រីទី ២ មានឈ្មោះ ញឹក សក្ខណា អាយុ ១២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ក្រោយពេលក្មេងស្រីទាំងពីរស្លាប់ ក្រុមគ្រួសារបានទទួលសាកសព យកទៅស្រុក ដើម្បីធ្វើបុណ្យតាមប្រពៃណី។

បើតាមលោកស្រី ប៊ុត វណ្ណា មេឃុំសំរោងបានពញ្ជាក់ថា ទីតាំងបូមខ្សាច់នេះ នៅមិនឆ្ងាយពីផ្ទះរបស់ គាត់ទេ ហើយអាជ្ញាធរក៏បានចុះហាមឃាត់ ឲ្យបញ្ឈប់កាបូមខ្សាច់នេះ ២ដងមកហើយ តែខាងក្រុមហ៊ុន ហាក់មិន​ខ្វាយ​ខ្វល់ នឹងការហាមប្រាមនោះឡើយ គឺនៅតែបន្តសកម្មភាពបូមខ្សាច់ដដែល។ គាត់បានបន្តយ៉ាងខ្លី​ទៀត​ថា កន្លែងបូមខ្សាច់នោះ អត់មានច្បាប់ទេ។

នៅថ្ងៃនេះ សមត្ថកិច្ចនឹងចុះទៅពិនិត្យសិក្សាស្រាវជ្រាវ ពីកន្លែងធ្វើអាជីវកម្មបូមខ្សាច់ ដែលជាកន្លែង បណ្តាល​ឲ្យមានគ្រោះថ្នាក់ ថាមានច្បាប់ឬអត់ច្បាប់៕