សម្តេច​ហ៊ុន សែន​៖ នៅ​ឆ្នាំ​២០១៥ ប្រជាជន​កម្ពុជា​ម្នាក់ មាន​ចំណូល​ជា​មធ្យម ១២២៥ ដុល្លារ​

ភ្នំពេញ: ​ក្នុង​កិច្ចប្រជុំ​វេទិកា​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​សកល និង​ការអភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ "​ការអភិវឌ្ឍ​រួម​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា លុបបំបាត់​ភាពក្រីក្រ​" នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ បាន​កើនឡើង​គួរ​ជាទី​មោទនៈ ពី ២៥៣​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​១៩៩៨ ដល់ ១២២៥ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៥​។ ចំណែក​អត្រា​ភាពក្រីក្រ នៅ​កម្ពុជា ត្រូវបាន​កាត់បន្ថយ​ពី ៥៣,២% នៅ​ឆ្នាំ​២០០៤ មក​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤​។​

​ចំពោះមុខ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង សម្តេច​ហ៊ុនសែន បាន​លើកឡើងថា ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​មក​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​បំផុត​ទី​៤ លើ​ពិភពលោក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ក្នុងការ​កាត់បន្ថយ​អត្រា​ភាពក្រីក្រ មុន​កាលបរិច្ឆេទ កំណត់​នា​ចុងឆ្នាំ​២០១៥ ទន្ទឹមនឹង​ការសម្រេចបាន​គោលដៅ​ចំនួន​បួន​ទៀត ដូចជា ការកាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ការលើកកម្ពស់​សុខភាព​មាតា ជាដើម​។​

​នៅក្នុង​សន្ទរកថា សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ដូចគ្នា​នឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដែរ កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​រួម និង​តាម​វិស័យ​ជាច្រើន ព្រមទាំង​បាន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម រួមមាន ផ្លូវ អគ្គិសនី ទឹក និង​ប្រព័ន្ធធារាសាស្ត្រ វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​សេវា​សង្គម​ផ្សេងទៀត ដើម្បី​លើកស្ទួយ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ជំរុញ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ធានា​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​តាម​គោលដៅ​ជាង ១% ក្នុង​មួយឆ្នាំ​"​។

​ជាមួយនឹង​កិច្ចប្រឹងប្រែង​នេះ សម្តេច​តេ​ជោ បន្តថា "​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម ៧,៧% ក្នុង​រយៈពេល​ពីរ​ទស្ស​វត្សរ៍​ចុងក្រោយ ដែល​ត្រូវបាន​ធនាគារពិភពលោក ចាត់បញ្ចូល​ជា​ប្រទេស​ក្នុង​ក្រុម​ឯក​ទគ្គ​ករ​កំណើន​ទាំង​ប្រាំបី នៅលើ​ពិភពលោក​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន​ខា​ង​លើ​នេះ ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង​ដ៏​សប្បុរស ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​នោះឡើយ ពិសេស​មិត្ត​ចិន ដែល​បាន​ជួយ​យ៉ាងច្រើន​ដល់​កម្ពុជា ក្នុងការ​វិនិយោគ ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​លើ​ការកសាង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​។ ក្នុងន័យនេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន មិន​ត្រឹមតែ​សម្រេចបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ថែមទាំង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ភាព​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដែល​យើងទាំងអស់គ្នា ត្រូវ​មើលឃើញ និង​ទទួលស្គាល់​នូវ​តួនាទី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ផងដែរ​"៕

សម្តេច​ហ៊ុន សែន​៖ នៅ​ឆ្នាំ​២០១៥ ប្រជាជន​កម្ពុជា​ម្នាក់ មាន​ចំណូល​ជា​មធ្យម ១២២៥ ដុល្លារ​
សម្តេចហ៊ុនសែន ថ្លែងសន្ទរកថា ​ក្នុង​កិច្ចប្រជុំ​វេទិកា​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​សកល និង​ការអភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ "​ការអភិវឌ្ឍ​រួម​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា លុបបំបាត់​ភាពក្រីក្រ​" នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )