សម្តេចតេជោ ​ហ៊ុន សែន ​ចូលរួមវេទិកាស្តីពី​ការកាត់បន្ថយភាព​ក្រីក្រសកល ​និង ​ការអភិវឌ្ឍឆ្នាំ២០១៥

ទីក្រុងប៉េង ៖​ នៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) ​Page ផ្លូវការ​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​ដែលសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ​​មានខ្លឹមសារ​ទំាងស្រុងថា​ "នៅព្រឹកថ្ងៃទី១៦ ​ខែតុលានេះ​ សម្តេចតេជោ​ ហ៊ុន សែន ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា ​អញ្ជើញចូលរួមកិច្ចប្រជុំ​វេទិកាស្តីពីការ​កាត់​បន្ថយភាពក្រីក្រ​សកល​ និង ការអភិវឌ្ឍឆ្នាំ២០១៥​ ក្រោមប្រធានបទ ​​ការអភិវឌ្ឍរួមតាមរយៈកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នា​ដើម្បីលុបបំបាត់ភាពក្រីក្រ ។

នៅក្នុងឱកាសនោះ​ លោកប្រធានាធិបតីចិន​ ស៊ី ជិនពីង ​(Xi Jinping)​ បានបង្ហាញឆន្ទៈមុះមុត​ចូលរួមលុបបំបាត់​ភាពក្រីក្រ ​ ជាពិសេសសំរាប់​ប្រទេសដែលកំពុងប្រឈម នឹងភាពក្រីក្រ។​ លោកប្រធានាធិបតី ​បានបញ្ជាក់អំពីការប្រមូល​ធនធានមនុស្សក្នុងសង្គម ​ហើយផ្តល់ការអប់រំ​ដល់ពួកគេឲ្យយល់ដឹង​អំពីវិធីនានាក្នុង​ការលើកកម្ពស់ជីវភាព ដើម្បីឈាន​ទៅរកការលុបបំបាត់ភាពក្រីក្រ​ ។ ប្រទេសចិននឹងបន្តជួយ​ដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងថវិកា​ និងការអភិវឌ្ឍធនធានមនុស្ស ​ដោយមាន​ការចូលរួមទាំងអស់ គ្នា ​ដើម្បីពន្លឿនការកាត់បន្ថយភាព​ក្រីក្រលើពិភពលោក​អោយបានឆាប់​ និងមានប្រសិទ្ឋិភាព។

សម្តេចតេជោ ហ៊ុន សែន​ មានកិត្តិយសអញ្ជើញ​ឡើងថ្លែងសុន្ទរកថា ​អំពីគន្លឹះសំខាន់ៗ​មួយចំនួនទាក់ទិនទៅនឹង​ការកាត់បន្ថយភាពក្រីក្រ ​ដែលមានខ្លឹមសារ​ក្នុងសន្ទរកថា ទាំងស្រុងភ្ជាប់​មកជាមួយនេះ"៕