ស្ពាន​ជ្រោយចង្វារ​ទី​២​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២២​ តុលា​​ ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានអ្វី​ប្រែប្រួល​ទេ​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​២២ ​តុលា ​២០១៥ខាង​មុខ​​នេះ ស្ពាន​ជ្រោយចង្វារ​ទី​២ និង​រង្វង់​មូល​សួនច្បារ​ជ្រោយចង្វារ​ត្រើយ​ខាងកើត នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ បន្ទាប់​ពីបើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ណ៍​បណ្តោះអាសន្ន​​​រយៈពេលជិត​១​ឆ្នាំ​​មក​ហើយ​នោះ ។

យោង​តាម​កម្មវិធី​ប្រចាំ​ស​ប្តា​ហ៍របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​២២ ​តុលា ​​២០១៥​​ ស្ពាន​ជ្រោយចង្វារ​ទី​២​ និង​រង្វង់​មូល​រួម​ទាំង​សួនច្បារ​ជ្រោយចង្វារ​ត្រើយខាងកើត​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដែល​ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាន​ប័ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ទៀត ។ 

គួរ​រំលឹក​ថា ស្ពាន​ជ្រោយចង្វារ​ទី​២ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ពុធ ទី​២ ​វិច្ឆិកា ​​២០១១ ដែល​មាន​ប្រវែង៧១៩​ម៉ែត្រ ចំណាយពេលសាងសង់​រយៈពេល​៣៨​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ២៧.៥០០.០០០ដុល្លារ​អា​មេ​រិ​ក ដែល​ជា​កម្ចី​ឥណទាន​របស់​រដ្ឋាភិបាល​ចិន៕